Makeup ញឹកញាប់ ជាមូលហេតុនាំឲ្យឡើងមុន ស្រីៗគួរចេះតិចនិកទាំងនេះ!

//s6.kh1.co/85/85118fb31e540a0d90416c63f856ba4d08f84034.jpg
នារី

 ០៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

និយាយ​រឿង​ Makeup ឬផាត់មុខ ស្រីៗ​ជំនាញខ្លាំង ហើយគ្នា​យើង​ខ្លះគ្មាន​បញ្ហា​ស្បែកមុខដោយ​សារ​ Makeup ច្រើនទេ ប៉ុន្តែ​ខ្លះ​អាច​នឹង​មានប៉ះពាល់​សុខភាព​ស្បែក ជា​ហេតុ​ធ្វើឲ្យ​ឡើ​ងមុនពេញ​មុខ។ ករណី​ Makeup នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​មុខ គឺ​ដោយ​សារ​ស្បែកយើងឆាប់ប្រតិកម្មជាមួយផលិតផលតុបតែង ឬ Makeup ញឹកញាប់ធ្វើ​ឲ្យ​ស្ទះរន្ធញើសជាដើម។ ហេតុនេះ “Hello គ្រូពេទ្យ” នឹង​បង្ហើបពី​មូលហេតុ​​នាំ​ខូចខាតស្បែក​ដោយ​សារ Makeup ក៏​ដូច​ជា​តិចនិក Makeup កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ស្បែក​ឲ្យ​គ្នា​យើង​ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- Makeup អាចប៉ះពាល់ដល់ស្បែក

ផលិតផលស្រីៗ​គ្នា​យើង​ប្រើសម្រាប់តុបតែងមុខ មានភាពខុសប្លែកគ្នាក្នុងទម្រង់ដូចជា ម្ស៉ៅ ជែល ឡេ គ្រីម ថ្នាំលាប និង​ប្រភេទស្អិតជាប់​ផ្ទៃ​មុខជាដើម។ នៅពេលយើងលាបផលិត​ផល​ទាំង​នោះ គ្របពីលើផ្ទៃមុខ គឺ​អាចលាក់បាំងនូវរាល់បញ្ហាកើតមាននៅលើស្បែកទាំងអស់បាន។ យ៉ាងណាក៏ដោយ Makeup ក៏មានផលប៉ះពាល់ ធ្វើឲ្យ​ស្ទះរន្ធញើស ពិសេសនៅពេល​ប្រើម្ស៉ៅ (ម្ស៉ៅទ្រទាប់) ម្ស៉ៅលាបមុខ និងម្ស៉ៅហុយ។ ហេតុនេះមានអ្វីកើតឡើងនៅពេលរន្ធញើសលើ​មុខ​យើង​ស្ទះ?

បើស្បែក​មុខ​យើង​ ជា​ប្រភេទ​ស្បែកសម្បូរជាតិខ្លាញ់ នោះមានន័យថា យើង​នឹង​កាន់​តែ​ប្រឈមកើតមុនកាន់​តែ​ច្រើន។ ស្បែកសម្បូរ​ជាតិខ្លាញ់ បង្កឡើងដោយការផលិតជាតិខ្លាញ់ច្រើនហួសប្រមាណ ហើយនៅពេលខ្លាញ់កកស្ទះខាងក្នុងរន្ធញើស មុននឹងចាប់ផ្តើមកើតមានតែ​ម្តង។

ស្ថានភាពស្បែក​មុខ​យើង អាចនឹងកាន់តែអាក្រក់ទៅ បើមិនបានលាងសម្អាតគ្រឿងតុបតែងមុខ ចេញពីផ្ទៃមុខនៅពេញយប់។ បាក់តេរី និងជាតិប្រូតេអ៊ីន អាចជ្រាបចូលទៅក្នុងរន្ធញើសនាំឲ្យ​មានមុន ដូចជា មុនក្រហម មុនខ្ទុះ កន្ទួលក្រហមលើស្បែក និងដុះសាច់ពកតូចៗជាដើម។ ប្រភេទមុនទាំងនេះ ពិបាកព្យាបាលខ្លាំងណាស់ ហើយវានឹង​បន្សល់នូវស្លាកស្នាម បន្ទាប់ពីព្យាបាលរួច។

គ្រឿង Makeup អាចធ្វើឲ្យ​ស្ទះរន្ធញើស បណ្តាលឲ្យ​រលាកស្បែក ដែលបញ្ហានេះ កើតឡើងចំពោះគ្នា​យើង​ មានស្បែកឆាប់ប្រតិកម្ម។ ស្រីៗ​ត្រូវដឹងថា គ្រឿងផ្សំក្នុង​គ្រឿងសម្អាងភាគច្រើន បង្កើតឡើងពីសារធាតុគីមីជាច្រើនប្រភេទ បើស្បែកយើង​ងាយប្រតិកម្មជាមួយជាតិគីមីមួយ ឬច្រើនពី​ផលិតផល Makeup នោះ យើង​នឹងមានអារម្មណ៍ថា ស្បែករងការ​រលាក ឬរមាស់ ខណៈពេលនេះ ស្បែកនឹងឡើងរោលពណ៌ក្រហម ឬហើម ជាដើម។ នៅពេលរឿងនេះកើតឡើង គួរតែបញ្ឈប់ការ Makeup មុខ និង​ទៅជួបជាមួយគ្រូពេទ្យជំនាញសើស្បែក ដើម្បីទទួលការព្យាបាល។

Makeup អាចជារឿងអាក្រក់សម្រាប់ស្បែកយើងនៅផ្នែកខ្លះ ប៉ុន្តែស្រីៗ​គ្នា​យើង មិនចាំបាច់ព្រួយបារម្ភច្រើនពេកនោះទេ។ មានវិធីជាច្រើន អាចជួយ​បាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រឿងតុបតែងមុខ និងអាចការពារស្បែកយើង​ឲ្យ​នៅ​តែ​ស្រស់​ថ្លាភ្លឺ​រលោង។

២- តិចនិកតុបតែងកុំឲ្យប៉ះពាល់ដល់ស្បែក

– រក្សាអនាម័យ៖ ជាចំណុចសំខាន់បំផុត គ្នា​យើង​ត្រូវចងចាំនៅពេល Makeup ម្តងៗ។ មុនពេលលាបគ្រឿងសម្អាងលើមុខ គួរតែលាងមុខដោយប្រុងប្រយ័ត្ន ចៀសវាងការប៉ះពាល់ស្បែកមុខច្រើនដង អាចធ្វើឲ្យឆ្លងបាក់តេរី និងភាពកខ្វក់ពីដៃទៅស្បែកមុខ។ រឿងមួយទៀត ត្រូវចងចាំ Makeup មុខជាប្រចាំ មានផលប៉ះពាល់ដល់ស្បែកកាន់​តែ​ច្រើន គួរតែតុបតែងមុខនៅពេលចាំបាច់បានហើយ។ ម៉្យាងទៀត មុនពេលចូលគេង មិនត្រូវ​ភ្លេចលាងសម្អាតគ្រឿង Makeup ចេញនោះទេ ហើយ​គួរតែប្រើផលិតផលថែរក្សាស្បែកមុខ ដើម្បីជំនួយស្បែកមុខនៅពេលយប់។
– ជ្រើសរើសផលិតផលត្រឹមត្រូវ៖ ផលិតផលគ្រឿងសម្អាង​មានច្រើនប្រភេទលក់នៅលើទីផ្សារ។ ប៉ុន្តែស្រីៗ ត្រូវយល់ដឹងពីស្បែកឲ្យបានច្បាស់ ដើម្បីជ្រើសរើស ផលិតផលត្រូវជាមួយស្បែកយើង។ ជាទូទៅ ប្រភេទស្បែកមុខ មានដូចជាប្រភេទស្បែកធម្មតា ស្បែកស្ងួត ស្បែកមានជាតិខ្លាញ់ និងប្រភេទស្បែកងាយប្រតិកម្ម បើយើង​មានស្បែកសម្បូរជាតិខ្លាញ់ គួរសាកល្បងប្រើផលិតផលមានស្លាកបញ្ជាក់ថា “មិនមានជាតិប្រេង” និង “មិនបង្កឲ្យកើតមុន”។ ប្រភេទផលិតផលទាំងនេះ មិនធ្វើឲ្យ​យកកស្ទះរន្ធញើសទេ ក៏មិនបង្កឲ្យយកើតមុនដែរ។ ចំពោះគ្នា​យើងមានស្បែកងាយប្រតិកម្ម គួររកមើលផលិតផលមានពាក្យថា “ការពារប្រតិកម្ម ឬអាលែកហ្ស៊ី” នៅលើស្លាកសញ្ញាផលិតផល។ ដើម្បីប្រាកដថា ផលិត​ផល​ Makeup មិនធ្វើឲ្យស្បែករលាក គួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញសើស្បែកជាមុន សឹមជ្រើសរើសទិញផលិតផលតុបតែងមុខជាក្រោយ។ អ្វីៗគ្រប់យ៉ាងតែងតែមានគុណសម្បត្តិ និង​គុណវិបត្តិ ហើយការតុបតែមុខក៏ដូចគ្នា ប៉ុន្តែ​គ្នា​យើង​ត្រូវថ្លឹង​ថ្លែង ពី​ផល​ប៉ះពាល់​ និង​គុណ​ប្រយោជន៍​ជាមុន ហើយ​ត្រូវ​ចេះ​ទាញយកប្រយោជន៍ទាំង​នោះ ដោយប្រុងប្រយ័ត្នបំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T