រងការរិះគន់ ក្រោយគ្រូបង្រៀនឲ្យសិស្សពាក់កេសឡាំងក្នុងថ្ងៃប្រលង ព្រោះតែមិនចង់ឲ្យពួកគេងាកចម្លងគ្នា!

//s5.kh1.co/19/19d8e01c20d6b09aba2517cf3b576fe216be41e2.jpg
សង្គម

 ០៣-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ម៉ិកស៊ិក៖ គ្រូបង្រៀនម៉ិកស៊ិកម្នាក់ បានរងការរិះគន់យ៉ាងខ្លាំង ជុំវិញនឹងការឲ្យសិស្សយកកេសឡាំងមកពាក់ក្បាលក្នុងថ្ងៃប្រលង ព្រោះតែមិនចង់ឲ្យពួកគេងាកចម្លងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Luis Juarez Texis នាយកនៃសាលាសាខាទី១ Campus 01 “El Sabinal” ក្នុងរដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិក ត្រូវបានរងការចោទប្រកាន់រំលោភបំពានសិទ្ធិរបស់សិស្ស និងធ្វើឲ្យអាម៉ាស់មុខ ក្រោយបែកធ្លាយរូបភាពមួយសន្លឹក ដោយឲ្យសិស្សយកកេសឡាំងមកពាក់ក្បាល ក្នុងអំឡុងពេលកំពុងតែប្រលង។

ក្រោយមានការចែកចាយល្បីសុះសាយលើបណ្តាញសង្គម រូបភាពនោះក៏បានធ្វើឲ្យឪពុកម្តាយ ឬអាណាព្យាបាលសិស្សជាច្រើន សម្ដែងការមិនពេញចិត្ត ខឹងសម្បា ក៏ដូចជាថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពមិនគប្បីមួយនេះ។

ជាក់ស្ដែង តាមប្រភពបានឲ្យដឹងថា អាណាព្យាបាលសិស្សក៏បានទទូចជាសាធារណៈ ដើម្បីសុំឲ្យអាជ្ញាធរអប់រំម៉ិកស៊ិក និងស្ថាប័នពាក់ព័ន្ធ ធ្វើការដកមុខតំណែង ឬបញ្ឈប់តួនាទីលោក Texis ជានាយកសាលា ឬជាគ្រូបង្រៀននោះថែមទៀត។ នេះក៏ដោយសារតែ អាណាព្យាបាលសិស្សជាច្រើនយល់ឃើញថា ការធ្វើបែបនេះ គឺជាការគំរាមកំហែង ធ្វើឲ្យអាម៉ាស់មុខ ក៏ដូចជាការរំលោភសិទ្ធិសិស្ស យ៉ាងជ្រុលហួសហេតុ។

សិស្សពាក់កេសឡាំងពេលប្រលង
សិស្សពាក់កេសឡាំងពេលប្រលង

ជាការពិត តាមរយៈរូបភាពនោះ គេឃើញសិស្សប្រុស-ស្រីជាច្រើន បានពាក់កេសឡាំងនឹងក្បាលរបស់ពួកគេ ដោយចោះត្រឹមតែប្រលោះភ្នែកពីរ ដើម្បីឲ្យពួកគេមើលសំណៅវិញ្ញាសារប្រលងតែប៉ុណ្ណោះ។ ពោលគឺ ពួកគេមិនអាចងាកទៅមើលគ្នាបាននោះទេ។  

ប៉ុន្តែមិនថាយ៉ាងណា ជុំវិញនឹងករណីនេះ ក៏មានមហាជន និងអ្នកលេងបណ្តាញសង្គមមួយចំនួនខ្លះ ក៏បានបញ្ចេញមតិសរសើរចំពោះគំនិតច្នៃប្រឌិត ក្នុងការស្វែងរកវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដើម្បីការពារការលួចចម្លងរបស់សិស្ស ដែលផ្ទុយពីការយល់ឃើញរបស់អាណាព្យាបាលសិស្សផងដែរ។

អ្នកខ្លះបាននិយាយថា៖

«នេះគឺជាការងារដ៏ល្អបំផុត! គ្រូធ្វើបែបនេះមិនមែនចង់បង្កបញ្ហាណាមួយដល់សិស្សនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ អាណាព្យាបាលសិស្ស គួរតែយកចិត្តទុកដាក់ ឬព្រួយបារម្ភទៅលើការសិក្សារបស់កូនៗពួកគេវិញទេទើបជារឿងត្រឹមត្រូវ មិនមែនត្រូវមកខ្វល់ខ្វាយនឹងរឿងគ្រាន់តែពាក់ឡាំងនឹងក្បាល ពេលប្រលងបែបនេះនោះឡើយ។ ការធ្វើបែបនេះក៏អាចជាមេរៀនមួយ ដើម្បីឲ្យពួកគេខិតខំប្រឹងប្រែងក្នុងការរៀនសូត្រដែរ» ។

អ្នកខ្លះទៀតថា៖

«នេះគឺជាតិចនិកដ៏ល្អបំផុត សូមសរសើរដល់គ្រូ ដែលចេះរកគំនិតប្លែកបែបនេះឃើញ» ។

ជាមួយគ្នានេះដែរ តាមរយៈការឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុងស្រុក រូបភាពមួយសន្លឹកដែលមានជាប់លោកគ្រូ Juarez Texis នៅពីក្រោយសិស្សនោះ គឺគាត់គ្រាន់តែដើរចូលមកមើល ក្នុងនាមជាអ្នកសង្កេតការណ៍ម្នាក់តែប៉ុណ្ណោះ។ ហើយចំពោះសកម្មភាពនេះ សិស្សទាំងអស់ក៏បានយល់ស្រប ឬឯកភាពជាមួយនឹងសាលា ចំពោះការប្រលងដោយឲ្យពួកគេពាក់កេសឡាំងនឹងក្បាលនេះផងដែរ។ ដូច្នេះមិនមែនជាការបង្ខិតបង្ខំ ឬគោលការណ៍ផ្តាច់ការរបស់សាលាតែឯងនោះឡើយ។

ឆ្នាំ២០១៣ នៅថៃ
ឆ្នាំ២០១៣ នៅថៃ

គួរឲ្យដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលគេឃើញមានករណីបែបនេះកើតឡើងក្នុងពេលបច្ចុប្បន្ន។ ព្រោះជាក់ស្ដែង កាលពីកំឡុងឆ្នាំ២០១៣ ក៏ធ្លាប់មានរឿងរ៉ាវដ៏ចម្រូងចម្រាសស្រដៀងគ្នានេះផងដែរ ក្នុងប្រទេសថៃ ដែលសិស្សៗជាច្រើនត្រូវបានគេបង្ខំឲ្យពាក់ក្រដាសធ្វើដូចជាមួក ដើម្បីប្រឆាំងនឹងការលួចមើល ឬងាកចម្លងគ្នា នាកំឡុងពេលដែលកំពុងតែប្រលងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T