តៃប៉ិ៖ កុមារីចំនួន ៣រូបនៃសាលាអន្តរជាតិ អេស អាយ អេស ត្រូវបានដឹកនាំទៅចូលរួមប្រកួត "គណិតវិទ្យារហ័ស" ថ្នាក់ពិភពលោករៀបចំដោយក្រុមហ៊ុន IAMA Cambodia នៅកោះតៃវ៉ាន់ ទីក្រុងតៃប៉ិ នៅមជ្ឈមណ្ឌល Chientan Youth Activity Center កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានចំនួនបេក្ខជនជាង ១០០០នាក់ មកពីប្រទេសផ្សេងគ្នាចំនួន១១ ដូចជា៖ ប្រទេសថៃ ចិន សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ ឥណ្ឌា ហុងកុង ជប៉ុន និងប្រទេសកម្ពុជា។ ដោយមានការខិតខំប្រឹងប្រែង ប្អូនៗបានត្រឡប់មកវិញជាមួយនឹងលទ្ធផលជ័យលាភីយ៉ាងត្រចះត្រចង់ជាទីពេញចិត្ត ដោយទទួលបានមេដាយមាសទាំងអស់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកុមារី សិស្សសាលាSIS ដែលបានជាប់ជ័យលាភីមេដាយមាសមានឈ្មោះដូចខាងក្រោម៖ កុមារី នាង ចាន់ស្រីមាស អាយុ១១ឆ្នាំ កុមារី សេង ស៊ីវលី អាយុ៨ឆ្នាំ និង កុមារី សេង ស៊ីវលីង អាយុ១០ឆ្នាំ។ លោកស្រី ងឿន ផល្លីនពោធិតា នាយិកាសាលាអន្តរជាតិ អេស អាយ អេស(SIS) បានរៀបរាប់ឲ្យដឹងថា៖
“ពិតជាមោទនភាពសម្រាប់ជាតិខ្មែរណាស់ ដែលកូនខ្មែរយើងពិតជាមានសមត្ថភាពខ្ពស់ក្នុងការចូលរួមប្រកួតប្រជែង “គណិតវិទ្យារហ័ស” កម្រិតពិភពលោក នៅកោះតៃវ៉ាន់ ដោយក្មួយស្រីទាំង៣រូប បានទទួលមេដាយមាសលំដាប់ពិភពលោក ដែលជាលទ្ធផលយ៉ាងល្អប្រសើរ ជូនមាតាបិតាសិស្ស មកសាលាអន្តរជាតិ អេស អាយ អេស(SIS) និងលោកគ្រូអ្នកគ្រូ IAMA ប្រចាំប្រទេសកម្ពុជា បាននិងកំពុងខិតខំបណ្ដុះបណ្ដាលធនធានមនុស្សខ្មែរយើងច្រើនរូប ឲ្យមានសមត្ថភាព ក្នុងការប្រកួតប្រជែងគិតលេខរហ័ស លំដាប់ថ្នាក់ពិភពលោកបែបនេះ និងច្រើនរូបទៀត ឲ្យបានក្លាយទៅជាអ្នកមានចំណេះដឹង ចំណេះធ្វើ មានសម្បទារួមរស់សុខដុម ក្នុងសង្គម និងអាចជាកំលាំងចលករ អភិវឌ្ឍសង្គមមនុស្ស ស្របតាមគោលដៅអប់រំជាតិ និងគោលដៅអប់រំសម្រាប់ទាំងអស់គ្នា”។


សូមជម្រាបថា អតីតសាលាអន្តរជាតិសឹង្ហបុរីមួយនេះ បានប្តូរឈ្មោះមកជាសាលាអន្តរជាតិ អេស អាយ អេស (SIS) ជាគ្រឹះស្ថានអប់រំល្អមួយ ដែលល្បីល្បាញរាប់ឆ្នាំមកហើយនៅរាជធានីភ្នំពេញ ដែលបានបណ្ដុះបណ្ដាលកូនខ្មែរឲ្យក្លាយជាធនធានមនុស្សមានសមត្ថភាពខ្ពស់ សីលធម៌ល្អ មានចំណេះដឹងទូលំទូលាយ ឲ្យក្លាយជាទំពាំងស្នងឬស្សីយ៉ាងល្អឯក ដែលនេះជាការចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយសាលាអន្តរជាតិ អេស អាយ អេស (SIS) សូមស្វាគមន៍សិស្សានុសិស្សគ្រប់ទិសទីនិងទទួលផ្ទេរការសិក្សាសិស្សដោយមិនគិតថ្លៃ បវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ចូលរៀនថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩តទៅ ៕



