អាជ្ញាធរបន្ដប្រតិបត្តិការឈូសឆាយ គំនរអគារបាក់រលំដោយសារភ្លើងឆេះ នៅខណ្ឌមានជ័យ និងត្រៀមកម្ទេចអគារកម្ពស់៦ជាន់មួយទៀត ដែលប្រេះស្រាំខ្លាំង

//s5.kh1.co/73/731cd96abd1c369405a9a6645bdb433efe8a1d99.jpg
សង្គម

 ២៥-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរ និងសមត្ថកិច្ច បាននិងកំពុងបន្ដប្រតិបត្តិការឈូសឆាយសម្អាត គំនរអគាររោងចក្រដែលបាក់រលំដោយសារភ្លើងឆេះ ភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីត្រៀមកម្ទេចអគារកម្ពស់៦ជាន់មួយទៀត ដែលមានការប្រេះស្រាំយ៉ាងខ្លាំងដែលនៅជាប់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រតិបត្តិការនៅព្រឹកនេះ គេសង្កេតឃើញមានការដឹកនាំដោយ លោក ឌី រ័ត្នខេមរុន អភិបាលរងខណ្ឌមានជ័យ និងមានការចូលរួមអាជ្ញាធរ និងសមត្ថកិច្ចជាច្រើនទៀត ដោយបានប្រើប្រាស់គ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រ ជាមួយរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៀតផងដែរ។

គួរជម្រាបថា ព្រមពេលមានការត្រៀមកម្ទេចអគារកម្ពស់ជាន់៦ ដែលត្រូវអគ្គិភ័យវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរស់នៅតំបន់ខាងលើ កុំធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ រហូតដល់សមត្ថកិច្ចបញ្ចប់ប្រតិបត្តិការ ព្រោះថាខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។

រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ Facebook នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា អាជ្ញាធរបានសម្រេចបិទចរាចរណ៍នៅតំបន់ខាងលើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីធ្វើការសម្អាតទីតាំងកើតហេតុ។

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងយ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងដល់សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា ដើម្បីរក្សាសុខសុវត្ថិភាព អ្នកធ្វើដំណើរឆ្លងកាត់តំបន់នេះ ត្រូវពង្វាងទិសចរាចរណ៍ ដើម្បីបញ្ចៀសគ្រោះថ្នាក់ហានិភ័យ ដែលអាចកើតមានជាយថាហេតុ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះតទៅ»។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានបង្ហាញដែរថា អគារដែលត្រូវភ្លើងឆេះនេះ មានម្ចាស់ឈ្មោះ កាន់ ចន្ថា ភេទប្រុស អាយុ៦៣ឆ្នាំ ហើយការឆាបឆេះនេះ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប៉ុន្ដែគ្រោះថ្នាក់នេះ មិនបណ្ដាលឲ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ ហើយក៏មិនរាលដាលទៅផ្ទះរបស់ប្រជាពលរដ្ឋនៅក្បែរនោះដែរ៕

https://s6.kh1.co/__image/w=650,h=488,q=100/e6/e69acc86054abdc120691176a1653a57727bd632.jpg
https://s5.kh1.co/__image/w=650,h=434,q=100/75/75367689eb1351224f2d3ca0ecb00ad6888ea876.jpg
https://s5.kh1.co/__image/w=650,h=366,q=100/a7/a7e55693227cabf9b5d3cf42a6301f96bdba15df.jpg
https://s6.kh1.co/__image/w=650,h=488,q=100/bb/bb92a02db9c2aec8ed129dda116a3ca09044bb18.jpg
https://s6.kh1.co/__image/w=650,h=488,q=100/8a/8ad892389736bbc80f958f2fd067017e5eb8259b.jpg
https://s4.kh1.co/__image/w=650,h=867,q=100/3b/3bb32fef966a3683876ef0d12a0c488ddd074bbb.jpg
https://s5.kh1.co/__image/w=650,h=488,q=100/78/78d8766a0f64a5a6d16d53c12d0e6790e4a0786d.jpg
https://s6.kh1.co/__image/w=650,h=488,q=100/50/502a83d1bce245ed508f34d0c5604ba43c01c56f.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T