សឹងមិនគួរឲ្យជឿ! វះកាត់យកគ្រួសក្នុងប្រមាត់ជិត ២,០០០គ្រាប់ ចេញពីក្នុងខ្លួនស្រ្តីចំណាស់ម្នាក់...!

//s4.kh1.co/ce/cecab3cbd6663e163e7afda7d087020ae54c895c.jpg
សង្គម

 ២៣-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ក្រុមគ្រូពេទ្យនៅក្នុងប្រទេសថៃ បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានរកឃើញថា មានដុំគ្រួសក្នុងថង់ទឹកប្រមាត់ជិត ២,០០០គ្រាប់ ក្នុងខ្លួនរបស់ស្រ្តីចំណាស់ម្នាក់ ដែលតែងតែមានអាការឈឺចុកចាប់ក្នុងក្រពះ និងទល់លាមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្តីរងគ្រោះវ័យចំណាស់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ មានអាយុ ៦០ឆ្នាំ។ ស្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា កាលពីដើមខែនេះ ក្រោយធ្វើការពិនិត្យនិងរកឃើញថា រូបគាត់មានដុំគ្រួសជាច្រើននៅក្នុងថង់ទឹកប្រមាត់។

ស្រ្តីចំណាស់ដែលជាអ្នកជំងឺ
ស្រ្តីចំណាស់ដែលជាអ្នកជំងឺ

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៅក្នុងខេត្ត Nong Khai ប្រទេសថៃ (ព្រំប្រទល់ជិតប្រទេសឡាវ) បានធ្វើការថតស្កេនពិនិត្យយ៉ាងយកចិត្តទុកដាក់ ទៅលើស្រ្តីរងគ្រោះវ័យចំណាស់ខាងលើនេះ មុនសម្រេចចិត្តឈានដល់ការវះកាត់ជាបន្ទាន់ បន្ទាប់ពីបានរកឃើញថា មានដុំគ្រួសកកកុញជាច្រើនក្នុងថង់ទឹកប្រមាត់របស់គាត់។

ក្រោយប្រតិបត្តិការវះកាត់ចំណាយពេលអស់ ៤០នាទី ដោយជោគជ័យរួចមក ក្រុមគ្រូពេទ្យបានអះអាងថា ដុំគ្រួសដែលបានយកចេញទាំងនោះ មានចំនួនសរុប ១,៨៩៨គ្រាប់ ដែលដុំគ្រួសទាំងអស់មានទំហំរូបរាងតូចធំខុសៗគ្នា។

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Thabo Crown Prince Hospital ក្នុងខេត្ត Nong Khai ដែលទទួលការវះកាត់ និងព្យាបាលដល់ស្រ្តីចំណាស់រងគ្រោះខាងលើ បានឲ្យដឹងថា ពួគេបានប្រើប្រាស់ឧបករណ៍ពេទ្យមួយចំនួនដូចជា Laparoscope (ឧបករណ៍ឆ្លុះពោះ) និងបំពង់វែងស្ដើងដែលមានកូនកាមេរ៉ា ដើម្បីថតឆ្លុះមើលនៅក្នុងក្រពះ (ឬពោះ) និងបានរកឃើញថា មានដុំគ្រួសក្នុងប្រមាត់ជាច្រើន។

ដុំគ្រួសចំនួន ១ ៨៩៨ ត្រូវបានយកចេញ
ដុំគ្រួសចំនួន ១ ៨៩៨ ត្រូវបានយកចេញ

លោកវេជ្ជបណ្ឌិត Wattana Pareesri នាយកនៃមន្ទីរពេទ្យខាងលើនេះ បានលើកឡើងថា ពួកគេមិនដែលជួបប្រទះនូវករណីដ៏ធ្ងន់ធ្ងរខ្លាំងបែបនេះពីមុនមកឡើយ។

លោកបានបន្តថា៖

«ការពិនិត្យបានបង្ហាញថា មានដុំគ្រួសក្នុងថង់ទឹកប្រមាត់របស់អ្នកជំងឺ ប៉ុន្តែពួកយើងមិនបានដឹងថា វាមានចំនួនប៉ុន្មាននោះទេ រហូតទាល់តែបញ្ចប់ការវះកាត់។ គ្រួសក្នុងថង់ទឹកប្រមាត់ អាចបណ្តាលមកពីកូលេស្តេរ៉ុលលើសនៅក្នុងប្រព័ន្ធថង់ទឹកប្រមាត់។ ជាការល្អបំផុតនោះ មនុស្សគ្រប់រូបគួរតែឧស្សាហ៍ពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះថាដុំគ្រួសទាំងអស់នោះ អាចនឹងដឹកនាំឲ្យកើតមានរោគសញ្ញាធ្ងន់ធ្ងរជាច្រើន» ។

មន្ទីរពេទ្យ Thabo Crown Prince Hospital
មន្ទីរពេទ្យ Thabo Crown Prince Hospital

គួររម្លឹកផងដែរថា នេះមិនមែនទើបតែករណីទី១នោះទេ ព្រោះជាក់ស្ដែង កាលពីប៉ុន្មានឆ្នាំមុន ក៏ធ្លាប់មានស្រ្តីឥណ្ឌាវ័យចំណាស់ម្នាក់ទៀតផងដែរ ដែលទទួលបានការវះកាត់យកដុំគ្រួសតូចធំចេញពីថង់ទឹកប្រមាត់នេះដូចគ្នា ប៉ុន្តែមានចំនួនច្រើនរហូតដល់ទៅ ១១,៩៥០គ្រាប់ឯណោះ។

ជំងឺប្រភេទនេះ ក៏តែងតែកើតមានច្រើន នៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកផងដែរ៕

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T