ខេត្តស្វាយរៀង ៖ មានគរុសិស្សម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់លើកុដព្រះសង្ឃក្នុងវត្តព្រៃឆ្លាក់ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង សមត្ថកិច្ចសង្ស័យថា ខ្យល់គរគាំងបេះដូងបណ្តាលឲ្យស្លាប់រហូតដល់ម៉ោងជិត៧ព្រឹក ថ្ងៃទី២១ សីហានេះ ទើបបានដឹង និងមានការភ្ញាក់ផ្អើលកូនសេក និងព្រះសង្ឃដែលសឹងនៅក្នុងបន្ទប់ជាមួយឆោឡោ ហើយប្តឹងព្រះគ្រូចៅអធិការវត្តឲ្យនិមន្តពិនិត្យមើល រួចរាយការណ៍ជូនសមត្ថកិច្ចឲ្យមកធ្វើអន្តរាគមន៍ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គង់ និវឌ្ឍ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិតាភរ ឃុំចន្ត្រី ស្រុករមាសហែក មុខរបរជាគរុសិស្សថ្នាក់ទី១២+២A1 ឆ្នាំទី១ ជំនាន់ទី៣៧ នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង ។ ជនរងគ្រោះមានឪពុកឈ្មោះ គង់ វទ្ធី អាយុ៤៦ឆ្នាំ ជាគ្រូបង្រៀននៅស្រុករមាសហែក ។
ជនរងគ្រោះបានស្ម័គ្រចិត្តចូលបំពេញការងារជាអព្ធមាត្ធ (ឈរយាមឆែកឆេ និងសង្កេតមើលបេក្ខជនប្រឡង) ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង១៩ សីហានេះ នៅមណ្ឌលវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ។ គឺបានបំពេញការងាររយៈពេល២ថ្ងៃ គឺថ្ងៃទី១៩ និងទី២០ សីហា ហើយបានត្រឡប់មកសម្រាកនៅវត្តព្រៃឆ្លាក់ ដែលជាកន្លែងជនរងគ្រោះមកសុំព្រះសង្ឃស្នាក់នៅសិក្សារយៈពេល១ឆ្នាំមកហើយជាធម្មតា ស្រាប់តែព្រឹកឡើងឃើញដេកស្លាប់តែម្តង ។
បើតាមព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់បានមានថេរដិកាថា ជនរងគ្រោះឈ្មោះ គង់ និវឌ្ឍ បានមកស្នាក់នៅក្នុងវត្តព្រៃឆ្លាក់នេះរយៈពេល១ឆ្នាំមកហើយ ដើម្បីរៀនសូត្រនៅសាលាគរុកោសល្យ និងវិក្រិតការខេត្ត ហើយនៅយប់កើតហេតុពេលត្រឡប់មកពីធ្វើការវិញម៉ោងប្រមាណជា១០យប់ បានចូលដេកជាមួយព្រះសង្ឃកូននេនតូចៗ និងកូនសេកលោកមានគ្នា៥នាក់ លុះព្រឹកឡើងម៉ោងជិត៧ព្រឹក ព្រះសង្ឃសាមណេបានតើនឡើង ស្រាប់តែឃើញជនរងគ្រោះដេកជាមួយស្លាប់ក៏នាំគ្នាឆោឡោ និងពិតព្រះគ្រូចៅអធិការតែម្តង ។
បើតាមលោកវរសេនីយ៍ឯក ម៉ុំ សារ៉ុន ប្រធានការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា ការពិនិត្យធ្វើកោសល្យវិច្ច័យរបស់ក្រុមគ្រូពេទ្យលទ្ធផលសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយខ្យល់គរគាំងបេះដូង បណ្តាលឲ្យស្លាប់ ។ រីឯក្រុមគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្តស្វាយរៀង ចំនួន៤៥នាក់ ស្រី៣០នាក់ បានមកជួបជុំគ្នានៅខាងមុខកុដដែលកើតហេតុ ហើយបានបញ្ចេញអារម្មណ៍សោកស្តាយជនរងគ្រោះដែលជាសិស្សរួមជំនាន់ និងបានធ្វើការស្ម័គ្រចិត្តបម្រើការងារជា អព្ធមាត្ធ នៅក្រុងស្វាយរៀង ហើយបាននិយាយទាំងទឹកភ្នែកថា ពួកនាងមិនអាចទទួលយកបានទេ ដោយជនរងគ្រោះដែលជាមិត្តល្អរួមការងារបានស្លាប់ភ្លាមៗឆាប់ពេកបែបនេះ ។
ក្រោយសមត្ថកិច្ចពិនិត្យសពរួចមកបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតស្រុករមាសហែក ៕
ប្រភព៖ កោះសន្តិភាព