អ្នកណាខ្លះ រៀនផង ធ្វើការផង រាល់ថ្ងៃហ្នឹង? មកដឹង គុណគុណសម្បត្តិ និងគុណវិបត្តិ ពេលធ្វើបែបនេះ!

//s4.kh1.co/96/96cfe15771b84737ef368b0f48a5523b1f170da9.jpg
យល់ដឹង

 ០៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

អ្នកណាខ្លះ រៀនផង ធ្វើការផង រាល់ថ្ងៃហ្នឹង? មកដឹង គុណគុណសម្បត្តិ និងគុណវិបត្តិ ពេលធ្វើបែបនេះ!

បច្ចុប្បន្ននេះ សង្កេតឃើញថាមាននិស្សិតជាច្រើនជ្រើសរើសការធ្វើការ ក្នុងកំឡុងពេលដែលពួកគេកំពុងរៀននៅសាកលវិទ្យាល័យ។ ដោយអ្នកខ្លះឆ្លៀតធ្វើការក្រៅម៉ោង អ្នកខ្លះសុខចិត្តរៀនពេលយប់ ដើម្បីយកពេលពេញមួយថ្ងៃដើម្បីទៅធ្វើការ ចំណែកឯអ្នកខ្លះទៀត សុខចិត្តធ្វើការពីថ្ងៃដល់ថ្ងៃសុក្រ ហើយថ្ងៃសៅរ៍ អាទិត្យយកពេលទៅរៀនទៀតក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញការតស៊ូខិតខំប្រឹងប្រែងរបស់ពួកគេ ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីមនុស្សនៅជុំវិញខ្លួន ព្រោះនេះមិនមែនជារឿងងាយស្រួលនោះទេ ដែលត្រូវធ្វើរឿងសំខាន់ដល់ទៅពីរនៅក្នុងពេលតែមួយបែបនេះ។

ដោយឡែកយើងគ្រាន់តែដឹងថាវាមានការលំបាក ប៉ុន្តែមិនបានដឹងច្បាស់នោះទេពួកគេត្រូវឆ្លងកាត់ ឬមានឧបសគ្គអ្វីខ្លះ?

ជាក់ស្តែងថ្ងៃនេះយើងនឹងបង្ហាញអ្នកទាំងអស់គ្នាពីគុណសម្បត្តិ និងគុណវិបត្តិនៅពេលរៀនបណ្តើរ និងធ្វើការបណ្តើរនៅក្នុងពេលតែមួយដែលនិស្សិតមួយចំនួនធំបានជួបប្រទះ។ ចង់ដឹងថាគុណសម្បត្តិ និងគុណវិបត្តិទាំងនោះមានអ្វីខ្លះ តោះ!ទៅទស្សនាការរៀបរាប់ខាងក្រោមទាំងអស់គ្នា៖

គុណសម្បត្តិនៃការធ្វើការក្រៅបន្ថែម ក្នុងកំឡុងពេលកំពុងរៀន

១. ទទួលបានប្រាក់ចំណូលបន្ថែម

ប្រសិនបើលោកអ្នកនៅសល់ពេលទំនេរច្រើនបន្ទាប់ពីការរៀនសូត្រ នោះលោកអ្នកគួរគប្បីស្វែងរកការងារធ្វើខាងក្រៅ ដើម្បីទទួលបានចំណូលបន្ថែមមកជួយសម្រាលបន្ទុកគ្រួសារ ហើយពេលខ្លះថែមទាំងអាចផ្គត់ផ្គង់ការរៀនសូត្រដោយខ្លួនឯង និងមិនចាំបាច់មានការឧបត្ថម្ភពីឪពុកម្តាយទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចធ្វើឲ្យយើងមានមោទនភាពលើខ្លួនឯង ហើយលើសពីនេះអ្នកថែមទាំងដឹង ចេះចាត់ចែង និងគ្រប់គ្រងការចាយវាយបានត្រឹមត្រូវទៀត។

២. ស្គាល់ពីសង្គមការងារ

ក្រៅពីទទួលបានប្រាក់ចំនូលលោកអ្នកថែមទាំងទទួលបានបទពិសោធន៍ការងារ របៀបរបបនៃការធ្វើការ និងធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សដែលមានវិន័យជាងមុនផងដែរ។

ទៀតសោតបរិយាកាសនៅពេលរៀន និងពេលធ្វើការគឺខុសគ្នាទាំងស្រុង ព្រោះពេលរៀនអ្នកគ្រាន់ធ្វើកិច្ចការដែលគ្រូដាក់ឲ្យដើម្បីយកពិន្ទុតែប៉ុណ្ណោះ  ប៉ុន្តែនៅពេលធ្វើការលោកអ្នកមានមុខតំណែង និងតួនាទីមួយច្បាស់លាស់ដែលតម្រូវឲ្យអ្នកមានទំនួលខុសត្រូវខ្ពស់ ដើម្បីសម្រេចការងារដែលថ្នាក់លើបានដាក់ឲ្យ។

ម្យ៉ាងវិញទៀតនៅពេលដែលរៀនចប់អ្នកនឹងមានសង្ឃឹមច្រើន នៅពេលសម្ភាសន៍ការងារ ព្រោះបច្ចុប្បន្ននេះតាមក្រុមហ៊ុន ឬស្ថាប័ននានាគេត្រូវការជ្រើសរើសបុគ្គលិកដែលធ្លាប់មានបទពិសោធន៍ និងស្គាល់ពីការងារស្រាប់ ព្រោះបុគ្គលិកទាំងនេះងាយស្រួលក្នុងការបណ្តុះបណ្តាលឲ្យមានការរីកចម្រើនទៅថ្ងៃមុខ។ 

រូបតំណាង
រូបតំណាង

៣. ដឹងច្បាស់ពីការងារនៅថ្ងៃអនាគត

ជាក់ស្តែងមាននិស្សិតជាច្រើនមិនទាន់ប្រាកដចិត្តនៅឡើយទេថា នៅពេលដែលរៀនចប់បានធ្វើការត្រូវមុខជំនាញដែលខ្លួនរៀនឬក៏អត់។ ដូច្នេះការហ្វឹកហាត់ការងារពេលកំពុងរៀនជាជម្រើស និងជាដំណោះស្រាយដ៏ល្អមួយផងដែរ។

ប្រសិនបើគិតថាការងារដែលកំពុងធ្វើសព្វថ្ងៃសាកសម និងជាការងារដែលអ្នកពេញចិត្ត នោះលោកអ្នកអាចចាប់យកការងារនេះជាអាជីពតែម្តងក៏បាននៅពេលដែលរៀនចប់ ដោយមិនចាំបាច់ខាតពេលស្វែងរកការងារផ្សេងទៀត។

តែប្រសិនបើអ្នកធ្វើការងារចំមុខជំនាញដែលកំពុងរៀនស្រាប់កាន់តែល្អ ព្រោះអាចឲ្យយើងដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួនឯងទៅលើការងារ និងអាចបំពេញរាល់ចំណុចខ្វះខាតបានទាន់ពេលវេលា មុនពេលចេញធ្វើការបន្ទាប់ពីរៀបចប់។ ហើយពេលខ្លះថែមទាំងជាកម្លាំងជំរុញទឹកចិត្ត ឲ្យយើងខិតខំប្រឹងរៀនខ្លាំងជាងមុនទៀតផង។

៤. ទទួលបានបទពិសោធន៍ថ្មីៗ

ការដែលយកពេលទំនេរពីការរៀនសូត្រ ទៅធ្វើការងារក្រៅបន្ថែមពិតជារឿងមួយដែលល្អ ជាជាងយកពេលទំនេរទៅសំងំនៅផ្ទះ ឬធ្វើអ្វីដែលមិនមានប្រយោជន៍។ ទោះបីការងារនោះទទួលបានប្រាក់កំរៃតិចក៏ដោយ ប៉ុន្តែអ្នកនឹងទទួលបានមកវិញនូវបទពិសោធថ្មីៗទាក់ទងនឹងជីវិតការងារ ដែលនៅក្នុងសាលាមិនបានបង្រៀននោះទេ។

រូបតំណាង
រូបតំណាង

ដោយឡែកទោះបីជាការរៀបការខាងលើជាគុណសម្បត្តិ សម្រាប់អ្នកដែលរៀនផងធ្វើផងក៏ពិតមែន ប៉ុន្តែជាមួយគ្នានេះក៏មានគុណវិបត្តិខ្លះៗគួបផ្សំផងដែរ។ ដោយគុណវិបត្តិទាំងនោះមានដូចជា៖

១. ប៉ះពាល់ដល់ការសិក្សា

ជាការពិតណាស់ប្រសិនបើអ្នករៀនផង ធ្វើការផងនោះប្រាកដជាមិនមានពេលគ្រប់គ្រាន់សម្រាប់ការសិក្សាឲ្យបានពេញលេញទេ គឺត្រូវយកពេលទំនេរទៅធ្វើការ ។ហើយពេលខ្លះសូម្បីតែលទ្ធផលនៃការសិក្សាក៏ធ្លាក់ចុះដូចគ្នា ព្រោះអ្នកមិនសូវមានពេលគ្រប់គ្រាន់សម្រាប់ការសិក្សាបន្ថែមនៅផ្ទះ ឬធ្វើកិច្ចការសាលាឲ្យបានល្អឥតខ្ចោះដូចសិស្សនិស្សិតដែលរៀនតែមួយមុខនោះទេ។ ជាមួយគ្នានេះផងដែរមាននិស្សិតមួយចំនួនសុខចិត្តព្យួរការសិក្សា ដើម្បីបំពេញការងារទៀតក៏មាន។

យ៉ាងណាមិញបើទោះបីជាមានបញ្ហាតាមមកជាមួយក៏ពិតមែន ប៉ុន្តែក៏មានវិធីជួយដោះស្រាយដូចគ្នា។ ដំណោះស្រាយនោះគឺ លោកអ្នកគួរគប្បីផ្តោតទៅការសិក្សានៅក្នុងថ្នាក់ និងស្តាប់គ្រូពន្យល់ដោយយកចិត្តទុកដាក់បំផុត ព្រោះប្រសិនបើអ្នកយល់មេរៀននៅក្នុងថ្នាក់ច្បាស់ហើយ នោះអាចជួយអ្នកបានច្រើននៅពេលប្រលង ឬធ្វើកិច្ចការសាលាឲ្យលោកគ្រូអ្នកគ្រូ ដោយអ្នកគ្រាន់តែរំលឹកមេរៀនបន្តិចបន្តួចរួចជាស្រេច។

រូបតំណាង
រូបតំណាង

២. កាត់ផ្តាច់ពីសង្គមមិត្តភក្តិ​

ប្រសិនបើជ្រើសរើសការធ្វើការងារបន្ថែមក្រៅម៉ោង នោះពេលវេលាសម្រាប់ជួបជុំជាមួយមិត្តភក្តិនឹងត្រូវថយចុះ ហើយនេះជាក៏ជាបញ្ហាមួយសម្រាប់យុវវ័យដូចគ្នា ព្រោះពួកគេចូលចិត្តការសប្បាយ និងដំណើរកម្សាន្តទៅទីជិតទីឆ្ងាយជួបជុំគ្នា។

ប៉ុន្តែចំពោះចំណុចនេះទៀតសោត អ្នកក៏មិនត្រូវគិតតែរឿងសប្បាយ ហើយភ្លេចគិតពីអ្វីដែលមានប្រយោជន៍សម្រាប់អនាគតរបស់អ្នកនោះដែរ។ទោះបីជាមិនបានជួបគ្នាញឹកញាប់ដូចមុន​​​ ប៉ុន្តែអ្នកនៅតែអាចឆ្លៀតពេលទំនេរពីការងារ និងការសិក្សាមកជួបគ្នាបានដដែល។ ម្យ៉ាងវិញទៀតមិត្តភក្តិយូរៗជួបគ្នាម្តង ទើបសប្បាយ។

៣. ងាយនឹងមានបញ្ហាសុខភាព

ភាគច្រើនលោកអ្នកប្រាកដជាអាចមើលរំលងចំណុចមួយនេះ ប៉ុន្តែមមាញឹកពេករហូតគ្មានពេលមើលថែសុខភាពរបស់ខ្លួនឯង ជារឿងមួយដែលគួរឲ្យបារម្ភ។ ដោយយោងតាមការសង្កេតជាក់ស្តែងបានឲ្យដឹងថា​ ពួកគេមិនសូវមានពេលគេងគ្រប់គ្រាន់ មិនសូវមានពេលសម្រាកដើម្បីលំហែកាយ ឬធ្វើលំហាត់ប្រាណនោះទេ ហើយពេលខ្លះតែការហូបចុកក៏មិនសូវទៀងទាត់ពេលវេលាផងដែរ។ ទាំងនេះជាមូលហេតុដែលធ្វើឲ្យពួកគេងាយប្រឈមនឹងជំងឺផ្សេងៗ។

សរុបសេចក្តីមកការរៀនផងធ្វើការផងមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែបើអ្នកចង់ជ្រើសរើសដើរលើផ្លូវបែបនេះ គឺត្រូវតែប្រាកដក្នុងចិត្តថាអ្នកអាចធ្វើវាឲ្យបានល្អទាំងពីរយ៉ាង។ ជៀសវាងកុំប្រឹងផ្តោតលើការងារពេករហូតដល់ភ្លេចការសិក្សា ហើយក៏មិនត្រូវសំងំរៀនតែមួយមុខមិនព្រមចេញមកមើលពិភពខាងក្រៅដូចគ្នា៕​

ប្រភព៖ youthvillage | https://pantip.com

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T