នាង​ខឹង​រឿង​…​ទើប​កូនស្រី​ប្តឹង​ថា ​ឪពុក​លាក់​ទុក​គ្រាប់បែក

//s4.kh1.co/ca/caf4588494e8bf98ccbb584d72bc5b688ccc05a9.jpg
សង្គម

 ១៤-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពត ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​ដោយសារ​យុវជន​ម្នាក់​ជា​ប្អូន​បាន​វាយ​បងស្រី ហើយ​បងស្រី​ខឹង​ឪពុក​កាន់ជើង​យុវជន​ជា​ប្អូន​ទៀត​នោះ ទើប​កូនស្រី​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា ឪពុក​លាក់​ទុក​គ្រាប់បែក បន្ទាប់​មក​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​ឪពុក និង​កូនប្រុស​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​កន្ទួត ឃុំ​ឃ្ជា​យ​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/0c/0c1a49828b67a75b2a24b6346befe78d44822c84.jpg

ជនសង្ស័យ​ជា​ឪពុក​ឈ្មោះ​ទេស ខ្មៅ អាយុ​៥៥​ឆ្នាំ ចំណែក​ជនសង្ស័យ​ជា​កូនប្រុស​ឈ្មោះ​ប៊ិ​ន យ៉ា អាយុ​១៨​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ប៊ិ​ន សឿ អាយុ​២៣​ឆ្នាំ ។ អ្នក​ទាំង​៣​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មានពីសមត្ថកិច្ច​​បានឱ្យ​ដឹង​ថា មាន​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង តែ​គេ​មិនដឹង​ថា​ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ដោយ​យុវជន​ម្នាក់​ជា​ប្អូន​បាន​វាយទៅលើ​​បងស្រី លុះ​ពេល​ឪពុក​ឃើញ​ហើយ​មិន​ព្រម​អប់រំ ឬ​ណែនាំ​កូនប្រុស​ដែល​ជា​ជន​បង្ក​នោះ​ទេ បែរជា​កាន់ជើង​ទៅ​វិញ ធ្វើ​ឱ្យ​កូនស្រី​ខឹង​ឪពុកមា​នភា​ពលំ​អៀង​ទៅ​លើ​ប្អូនប្រុស​ដែល​វាយ​មក​លើ​ខ្លួន​នោះ ទើប​កូនស្រី​ដែល​រង​អំពើ​ហិង្សា​ខាងលើ​នោះ​បាន​មក​ប្តឹង​សមត្ថកិច្ច​ថា ឪពុក​មាន​គ្រាប់បែកដៃ​មួយ​គ្រាប់​លាក់​ទុក​ក្នុងផ្ទះ ហើយ​ពេល​ស្រវឹងស្រា​ម្តង​ៗ​តែងតែ​យក​គ្រាប់បែក​នោះ​មក​គំរាម​កូនចៅ​នៅ​ក្នុងផ្ទះ ។

https://s4.kh1.co/__image/w=650,h=379,q=100/99/99ed1511991d4efa4e74add8f431a603da8a95e6.jpg

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​ភ្លាម កំលាំង​អធិការ​នគរបាល​ស្រុក​ដងទង់ បាន​ចុះ​ទៅ​ឃាត់ខ្លួន​ពីរ​នាក់​ឪពុក​និង​កូន​នាំ​មក​កាន់​អធិការ​នគរបាល​ស្រុក​ដងទង់ និង​ដកហូត​វត្ថុ​តាង​គ្រាប់បែកដៃ​មួយ​គ្រាប់​ផង​ដែរ ។ បន្ទាប់​ពី​ពី​ធ្វើការ​សាកសួរ​រួច សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ឪពុក​និង​កូន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ សីហា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

https://s6.kh1.co/__image/w=650,h=379,q=100/80/80de97b8a0fa39a0141b2eda7bd514605f219b57.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T