គីមឈី ញ៉ាំទៅឆ្ងាញ់ ហើយថែមទាំងជួយសុខភាពច្រើនមុខ!

//s6.kh1.co/e9/e9a47e4ff9e45c49bc5aa7a593f866b7f801fdc4.jpg
នារី

 ១៣-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

គីមឈី ជាមុខម្ហូប​ដ៏ល្បីល្បាញ​មួយ​របស់​ប្រជាជន​កូរ៉េ ហើយ​នៅខ្មែរយើងក៏​ពេញនិយម​ញ៉ាំ​មុខម្ហូប ដែល​មាន​រសជាតិ​ជូរ និងហឹរ​មួយ​នេះដែរ។ ក្រៅពី​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​ហើយ អ្នកជំនាញ​ថា វាអាច​ជួប​បំបាក់​បញ្ហា​រំលាយ​អាហារ ថប់បារម្ភ និង​បាក់ទឹកចិត្ត​បាន​ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ដើម​ពីទំនាក់ទំនង​រវាង​ខួរក្បាល និង​ប្រព័ន្ធ​រំលាយ​អាហារ អ្នកជំនាញបញ្ជាក់​ថា មាន​កោសិកា​សរសៃប្រសាទប្រមាណ ១០០​ ប៊ីលាននៅ​ក្នុង​ខួរក្បាល ដោយ​វាគ្រប់គ្រង​រាល់​សកម្មភាព និង​អារម្មណ៍។ ក្រៅពី​ខួរក្បាល មាន​តែទីតាំង១​ទៀត​ប៉ុណ្ណោះក្នុង​រាងកាយ​យើង គឺពោះវៀន ដែល​មាន​កោសិកា​សរសៃ​ប្រសាទរហូត​ដល់ ៥​ ប៊ីលាន ដោយ​វាភ្ជាប់ទៅ​ខួរក្បាលតាមរយៈ​ប្រព័ន្ធ​សរសៃប្រសាទ។ នេះបើតាម​សាស្ត្រាចារ្យ Ruairi Robertson នៅ​សាកលវិទ្យាល័យ British Columbia របស់​កាណាដា។

តាមរយៈ​ទំនាក់ទំនង​ខាងលើនេះអ្នកជំនាញ​ថា សុខភាព​ពោះវៀន​ខ្សោយអាច​ប៉ះពាល់​ដល់​អារម្មណ៍​នានាដូចជា​ ការថប់បារម្ភ និង​ការបាក់ទឹកចិត្ត។ វាក៏​បណ្ដាល​ឲ្យ​កើត​បញ្ហា​សរសៃប្រសាទ​ផ្សេងទៀតដូចជា ជំងឺភ្លេចភ្លាំង ជំងឺ Parkinson និង​អូទីស្សឹមជាដើម។ ជាងនេះទៅទៀតអ្នកជំនាញ​រកឃើញ​ថា បើប្រព័ន្ធ​រំលាយអាហារមាន​បញ្ហា វាបញ្ជូន​សញ្ញាទៅ​ប្រព័ន្ធ​សរសៃប្រសាទ​កណ្ដាល ដែល​ធ្វើឲ្យ​អារម្មណ៍​ប្រែប្រួល ហើយ​អ្នកមាន​រោគសញ្ញា​ពោះវៀន​មិនប្រកតី (IBS) និង​បញ្ហា​មុខងារ​ពោះវៀន វិវត្ត​ទៅ​រក​បញ្ហា​បាក់ទឹកចិត្ត និងថប់បារម្ភ។

សាស្ត្រាចារ្យ Ruairi Robertson បញ្ជាក់​ថា ការញ៉ាំ​អាហារ​មាន​សារធាតុ Prebiotics ជួយបង្កើតប្រភេទ​បាក់តេរីល្អ អាច​ជួយ​បំបាត់​បញ្ហា​ពោះវៀន ហើយ​មិន​ឲ្យ​វិវត្ត​ទៅ​រក​បញ្ហា​បាក់ទឹកចិត្ត និងថប់បារម្ភបាន។ Prebiotics អាច​រក​បាន​នៅ​ក្នុង​អាហារដូចជា គីមឈី និង​យ៉ាអួ។ អ្នកជំនាញ​ថា មនុស្ស​ពេញវ័យអាច​ញ៉ាំ​គីមឈី និង​យ៉ាអួ បាន​រាល់ថ្ងៃ។

គួរបញ្ជាក់​ថា Probiotics ជា​បាក់តេរី​ល្អ​ជួយ​ទ្រទ្រង់​រាង​កាយ និង​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​លូតលាស់​នៃ​បាក់តេរី​អាក្រក់​នៅ​ក្នុង​ពោះវៀន​មនុស្ស។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T