ញ៉ាំផ្លែប៊្លូបឺរីស្រស់ បង្កក ឬទឹកច្របាច់ មួយណាផ្តល់ប្រយោជន៍ដល់សុខភាពច្រើនជាងគេ?

//s9.kh1.co/ae/aee20f56c89f955bc2ea3085bbc98876489c0929.png
យល់ដឹង

 ២១-វិច្ឆិកា-២០២៦ ៣ល្ងាច · ១៣ ម៉ោងមុន

ញ៉ាំផ្លែប៊្លូបឺរីស្រស់ បង្កក ឬទឹកច្របាច់ មួយណាផ្តល់ប្រយោជន៍ដល់សុខភាពច្រើនជាងគេ?

យោងទៅតាមការស្រាវជ្រាវថ្មីបង្ហាញថា ការទទួលទានផ្លែប៊្លូបឺរីត្រឹម ១/៣ ពែងជារៀងរាល់ថ្ងៃ ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងពន្យឺតភាពចាស់នៃខួរក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយើងកែច្នៃតាមទៅវិធីផ្សេងៗដូចជា៖ ការបង្កក (Freezing) និងការសម្ងួតដោយបង្កក (Freeze-drying) នៅតែអាចរក្សាបាននូវសារធាតុពណ៌ធម្មជាតិដ៏មានប្រយោជន៍ "អង់តូស៊ីយ៉ានីន" ស្ទើរតែទាំងស្រុង។

តាមការពិនិត្យឡើងវិញមួយ ដែលត្រូវបានចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Advances in Nutrition បានបញ្ជាក់ជាថ្មីនូវអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែប៊្លូបឺរី (Blueberries) និងសារធាតុពណ៌ធម្មជាតិ អង់តូស៊ីយ៉ានីន (Anthocyanins) ចំពោះសុខភាពមនុស្ស ជាពិសេសក្នុងការការពារជំងឺរ៉ាំរ៉ៃ និងជួយដល់ដំណើរការនៃភាពចាស់ជរាប្រកបដោយសុខភាពល្អ។

ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកស្រីបណ្ឌិត Wilhelmina Kalt បានវិភាគលើឯកសារវិទ្យាសាស្ត្រជិត ២០០ ច្បាប់ រួមមានការសិក្សាសង្កេតលើមនុស្ស ការសាកល្បងព្យាបាល និងការពិសោធន៍ក្នុងមន្ទីរពិសោធន៍ ដើម្បីស្វែងយល់ពីឥទ្ធិពលនៃផ្លែប៊្លូបឺរីទៅលើប្រព័ន្ធសរសៃឈាមបេះដូង ការគ្រប់គ្រងជាតិស្ករ សុខភាពខួរក្បាល សុខភាពភ្នែក និងប្រព័ន្ធរំលាយអាហារ។

ទីបំផុតយើងរកបាន របកគំហើញសំខាន់ៗពីការសិក្សា៖

* ការពារសុខភាពសរសៃឈាមបេះដូង៖ ការទទួលទានផ្លែប៊្លូបឺរីក្នុងកម្រិតមធ្យមជាប្រចាំ (ប្រមាណ ១/៣ ពែង ឬតិចជាង ៥០ មីលីក្រាមនៃអង់តូស៊ីយ៉ានីនក្នុងមួយថ្ងៃ) ត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងរហូតដល់ ៣២% កាត់បន្ថយភាពរឹងនៃសរសៃឈាម និងជួយបញ្ចុះសម្ពាធឈាម។

* កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមប្រភេទទី ២ និងគ្រប់គ្រងទម្ងន់៖ ក្នុងចំណោមផ្លែឈើជាច្រើនប្រភេទ ផ្លែប៊្លូបឺរីមានទំនាក់ទំនងខ្លាំងបំផុតជាមួយនឹងការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ រហូតដល់ ២៦% ព្រមទាំងជួយបង្កើនភាពប្រែប្រួលអាំងស៊ុយលីន និងជួយឱ្យរាងកាយឡើងទម្ងន់តិចជាងមុនតាមវ័យ។

* ជំនួយដល់ការចងចាំ និងសុខភាពខួរក្បាល៖ ការសិក្សាបង្ហាញថា ការទទួលទានផ្លែប៊្លូបឺរីអាចជួយពន្យឺតការថយចុះនៃសមត្ថភាពគិត និងការចងចាំចំពោះមនុស្សចាស់បានប្រមាណ ២.៥ ឆ្នាំ ព្រមទាំងជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងបង្កើនការផ្តោតអារម្មណ៍ចំពោះកុមារ។

* ពង្រឹងសុខភាពពោះវៀន និងប្រឆាំងការរលាក៖ សារធាតុអង់តូស៊ីយ៉ានីនជួយជំរុញការលូតលាស់នៃបាក់តេរីល្អៗក្នុងពោះវៀនធំ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការរលាករ៉ាំរ៉ៃក្នុងរាងកាយ។

ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញពីវិធីសាស្ត្រល្អបំផុតក្នុងការរក្សាទុកផ្លែប៊្លូបឺរី ដើម្បីទទួលបានសារធាតុចិញ្ចឹមជាអតិបរមា៖

១.​ ការបង្កក (Freezing) និងការសម្ងួតដោយបង្កក (Freeze-drying)៖ រក្សាទុកសារធាតុអង់តូស៊ីយ៉ានីនបានយ៉ាងល្អបំផុត (បាត់បង់ត្រឹមតែប្រមាណ ១២% ប៉ុណ្ណោះបន្ទាប់ពីបង្កកទុករយៈពេល ១០ ខែនៅសីតុណ្ហភាព −១៨°C)។

២. ការចំរាញ់ចេញជាទឹកផ្លែឈើ និងការសម្ងួតដោយកំដៅ៖ ការច្របាច់យកតែទឹកដោយបោះចោលសំបក និងការសម្ងួតដោយខ្យល់ក្តៅ អាចធ្វើឱ្យបាត់បង់សារធាតុអង់តូស៊ីយ៉ានីនយ៉ាងច្រើន ដោយសារសារធាតុទាំងនេះភាគច្រើនប្រមូលផ្តុំនៅក្នុងសំបកផ្លែឈើ និងងាយរងផលប៉ះពាល់ពីកំដៅខ្ពស់។

ដូច្នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវខាងលើ៖ ការទទួលផ្លែប៊្លូប៊ឺរីទុំជាប្រចាំតាមបរិមាណត្រឹមត្រូវ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃបានយ៉ាងសំខាន់។ 

អំពីការសិក្សាស្រាវជ្រាវ៖

អត្ថបទស្រាវជ្រាវពេញលេញក្រោមចំណងជើងថា Recent Research on the Health Benefits of Blueberries and Their Anthocyanins ត្រូវបានចុះផ្សាយក្នុងព្រឹត្តិបត្រ Advances in Nutrition (លេខ DOI: 10.1093/advances/nmz065) និងមានដាក់បង្ហាញជាសាធារណៈនៅលើបណ្ណាល័យវេជ្ជសាស្ត្រជាតិអាមេរិក (PMC)។

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T