នៅក្នុងយុទ្ធនាការចល័តផ្នែកពេទ្យសត្វដ៏ទូលំទូលាយមួយ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែតុលា ដល់ថ្ងៃទី ២ ខែវិច្ឆិកា សត្វឆ្កែចំនួន ២១៩,៥៤៨ ក្បាល នៅទូទាំងរាជធានីភ្នំពេញ និងខេត្តមួយចំនួន បានទទួលការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដោយឥតគិតថ្លៃ។ លើសពីនេះ សត្វចំនួន ៨០៨ ក្បាល ក៏ទទួលបានការព្យាបាលជំងឺផ្សេងៗទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសប្បុរសធម៌អន្តរជាតិ Worldwide Veterinary Service (WVS) ប្រចាំកម្ពុជា តាមរយៈគម្រោង "Mission Rabies Cambodia"។ សកម្មភាពនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសហគមន៍ពីជំងឺឆ្លងពីសត្វមកមនុស្ស (zoonotic disease) ដ៏កាចសាហាវបំផុតមួយនៅលើពិភពលោក។

នេះគឺជាយុទ្ធនាការប្រចាំឆ្នាំទ្រង់ទ្រាយធំលើកទី៤ ដែលបានពង្រីកវិសាលភាពទៅកាន់ខេត្តថ្មីចំនួន ៣ គឺ ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។ យុទ្ធនាការនេះគឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិរបស់កម្ពុជា សម្រាប់ការលុបបំបាត់ជំងឺឆ្កែឆ្កួត នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ។
ក្នុងអំឡុងពេលយុទ្ធនាការនេះ ក្រុមការងារចំនួន ៣៣៤ ក្រុម បានចុះប្រតិបត្តិការតាមខ្នងផ្ទះ ដោយមានការគាំទ្រពីមនុស្សជាង ៧៦០ នាក់ រួមទាំងនិស្សិតពេទ្យសត្វជនជាតិកម្ពុជា និងអ្នកស្ម័គ្រចិត្តអន្តរជាតិ។ ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបច្ចេកវិទ្យាជួយសម្របសម្រួល ក្រុមការងារអាចកំណត់តំបន់ចាក់វ៉ាក់សាំង និងកត់ត្រាព័ត៌មានអំពីឆ្កែដែលបានទទួលវ៉ាក់សាំងនីមួយៗ។

លោក ស៊ីន ក្រាន់ឌី (Sin Grandy) អនុប្រធានការិយាល័យស៊ើបអង្កេត តាមដាន និងត្រួតពិនិត្យជំងឺឆ្លងពីសត្វមកមនុស្ស នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) បានមានប្រសាសន៍ថា៖ «ការចាក់វ៉ាក់សាំងជូនឆ្កែចំនួន ២១៩,៥៤៨ ក្បាល ព្រមទាំងការពង្រីកយុទ្ធនាការទៅកាន់ខេត្តថ្មីៗ បានបង្ហាញឱ្យឃើញនូវសមិទ្ធផលដែលអាចសម្រេចបាន តាមរយៈភាពជាដៃគូដ៏រឹងមាំ ការរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រុមការងារដែលធ្វើការផ្ទាល់ជាមួយសហគមន៍»។
អង្គការ Worldwide Veterinary Service (WVS) ដែលបានផ្តល់ការព្យាបាលដល់ឆ្កែនៅក្នុងរាជធានីភ្នំពេញ បានលើកឡើងថា យុទ្ធនាការនេះបានរួមបញ្ចូលគ្នានូវលទ្ធផលជាក់ស្តែងភ្លាមៗ ជាមួយនឹងការវិនិយោគលើអនាគតនៃវិស័យពេទ្យសត្វនៅកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត Amy Nicole Lewis ប្រធានកម្មវិធីជាន់ខ្ពស់នៃអង្គការ WVS បានមានប្រសាសន៍ថា៖ «ទំហំនៃយុទ្ធនាការនេះ មិនត្រឹមតែឆ្លុះបញ្ចាំងតាមរយៈចំនួនឆ្កែដែលបានទទួលវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលទាំងសត្វចំនួន ៨០៨ ក្បាល ដែលត្រូវបានមើលថែទាំដោយក្រុមពេទ្យសត្វចល័តរបស់យើងផងដែរ។ លទ្ធផលទាំងនេះ គឺជាសមិទ្ធផលរបស់អ្នកស្ម័គ្រចិត្ត និស្សិត ដៃគូ និងសមាជិកសហគមន៍ទាំងអស់ ដែលបានចូលរួមចំណែក»។
លោកស្រីបានបន្ថែមថា៖ «ការបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិថ្មីរបស់យើង ក្នុងអំឡុងពេលយុទ្ធនាការនេះ បានធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានសារៈសំខាន់ពិសេស ហើយវានឹងជួយយើងកសាងសមត្ថភាពផ្នែកពេទ្យសត្វប្រកបដោយនិរន្តរភាព ដែលជួយលើកកម្ពស់សុខុមាលភាពសត្វទាំងនៅក្នុងប្រទេសកម្ពុជា និងតំបន់ផ្សេងទៀត»។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល កម្មវិធីអប់រំស្តីពីជំងឺឆ្កែឆ្កួតក៏ត្រូវបានអនុវត្តទន្ទឹមនឹងការចុះប្រតិបត្តិការជាក់ស្តែងផងដែរ ដោយមានការផ្តល់ដំបូន្មានជាក់ស្តែងនៅតាមសាលារៀន និងទីតាំងនានាក្នុងសហគមន៍ អំពីវិធីការពារជំងឺឆ្កែឆ្កួត និងអ្វីដែលត្រូវធ្វើក្នុងករណីសង្ស័យថាបានប៉ះពាល់ជាមួយមេរោគនេះ។
គិតមកទល់ពេលនេះក្នុងឆ្នាំនេះ កម្មវិធីនេះបានគ្របដណ្តប់លើសិស្សានុសិស្សចំនួន ៩១៥,៨០០ នាក់ គ្រ យោងតាមអង្គការសុខភាពពិភពលោក ករណីជំងឺឆ្កែឆ្កួតចំពោះមនុស្សជាង ៩៩ ភាគរយ គឺឆ្លងតាមរយៈការខាំដោយសត្វឆ្កែ។ របាយការណ៍ដដែលបានបញ្ជាក់ថា កុមារអាយុក្រោម ១៥ ឆ្នាំ គឺជាក្រុមដែលទទួលរងគ្រោះរហូតដល់ស្លាប់ដោយសារជំងឺនេះប្រហែល ៤០ ភាគរយនៅទូទាំងពិភពលោក។ ជំងឺឆ្កែឆ្កួតនេះ ស្ទើរតែតែងតែបណ្តាលឱ្យអ្នកជំងឺស្លាប់ នៅពេលដែលរោគសញ្ញានៃជំងឺចាប់ផ្តើមលេចឡើង។

អង្គការ Mission Rabies បានដាក់គោលដៅចាក់វ៉ាក់សាំងជូនសត្វឆ្កែចំនួន ៧០ ភាគរយនៅក្នុងតំបន់អនុវត្តគម្រោងរបស់ខ្លួន ដែលជាកម្រិតចាំបាច់មួយដើម្បីកាត់ផ្តាច់ការចម្លងរោគក្នុងចំណោមសត្វឆ្កែ និងការពារកុំឱ្យមនុស្សស្លាប់ដោយសារជំងឺនេះ។ យុទ្ធនាការចាក់វ៉ាក់សាំងនេះ គ្រោងនឹងដំណើរការឡើងវិញនៅឆ្នាំ ២០២៧ ដើម្បីបន្តកិច្ចសហការក្នុងការការពារសត្វឆ្កែ សហគមន៍ និងមនុស្សជំនាន់ក្រោយ ឱ្យរួចផុតពីជំងឺឆ្កែឆ្កួត៕






