ថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២១០ដុល្លារ សម្រា់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ នៅឆ្នាំ២០២៧ ខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សម្ដេច បានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក លើតួលេខ ២១០ដុល្លារអាម៉េរិក ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។

ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។

សម្ដេចធិបតី ក៏បានអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង និងលទ្ធភាពនៃការបង្កើតការងារថ្មីជូនយុវជន និងសមាជិកគ្រួសារនៃបងប្អូនកម្មករនិយោជិតយើងផង។

រាជរដ្ឋាភិបាលនឹងខិតខំដាក់ចេញវិធានការផ្សេងទៀត ដើម្បីរក្សាលំនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ហើយក៏នឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍផលិតផលក្នុងស្រុក ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគបន្ថែម៕

ប្រភព៖ ក្រសួងព័ត៌មាន





