លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បើកដំណើរការ “វិនិយោគធុរកិច្ចជាសាធារណៈរដូវកាលទី ២”ដើម្បីគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

//s9.kh1.co/d7/d7ce8c924935d8af88c37214e5f655dc9fdda2b4.png
សង្គម

 ០៥-សីហា-២០២៦ ៥ល្ងាច · ១៣ ម៉ោងមុន

លេខាធិការដ្ឋានមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស. - EDF) បានបើកដំណើរការកម្មវិធី “វិនិយោគសាធារណៈរដូវកាលទី ២ - SIPP Cohort 2” ក្រោមក្របខណ្ឌកម្មវិធីជំរុញប្រភពកំណើនថ្មីនៃសេដ្ឋកិច្ច - EcoBoost ឆ្នាំ២០២៦–២០២៨ ក្នុងគោលបំណងគាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពលខ្ពស់ ហើយត្រូវការទុនក្នុងការពង្រីកអាជីវកម្ម។

កម្មវិធីនេះឆ្លើយតបទៅនឹងវិធានការមួយ ដែលបានដាក់ចេញក្នុងកម្មវិធីជំរុញកំណើនសេដ្ឋកិច្ច EcoBoost ឆ្នាំ២០២៦-២០២៨ ក្នុងបំណងអភិវឌ្ឍន៍ ផ្តល់ការវិនិយោគជាភាគហ៊ុនដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ខណៈពេលដែលជំរុញដល់ការពង្រឹងខ្សែចង្វាក់តម្លៃក្នុងស្រុក និងពន្លឿនការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់លទ្ធភាពទទួលបានការវិនិយោគជាភាគហ៊ុនសម្រាប់ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ព្រមទាំងពង្រឹងខ្សែសង្វាក់តម្លៃក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=813,q=100/ad/ade9b96fcdaf05aa82377ec2ecb1934b0c2c54b1.png

លេខាធិការដ្ឋាន ម.អ.ស. បង្កើតឡើងដើម្បីគាំទ្រដល់សហគ្រិនភាព នវានុវត្តន៍ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា កំពុងបើកដំណើរការកម្មវិធីរដូវកាលទី២ របស់ខ្លួន ដោយផ្អែកលើការអនុវត្ត និងមេរៀនដែលបានរៀនពីកម្មវិធីក្នុងរដូវកាលទី១ ក្នុងឆ្នាំ២០២៥។ កម្មវិធីនេះតំណាងឱ្យការបន្ត និងការកែលម្អគោលដៅនៃសកម្មភាពវិនិយោគរបស់លេខាធិការដ្ឋាន ម.អ.ស.  ដោយផ្តោតកាន់តែខ្លាំងលើការគាំទ្រដល់សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍខ្សែចង្វាក់តម្លៃក្នុងស្រុករបស់ប្រទេសកម្ពុជា។

កម្មវិធីនេះដាក់ចេញ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីរបស់រាជរដ្ឋាភិបាល គឺកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា (EcoBoost) ដែលក្នុងនោះ លេខាធិការដ្ឋាន ម.អ.ស.ជាស្ថាប័នទទួលខុសត្រូវក្នុងការផ្តល់មូលនិធិវិនិយោគដល់ធុរកិច្ចថ្មី ឬសហគ្រាសធុនតូច និងមធ្យម ដែលផ្តោតលើទីផ្សារឌីជីថល និងការអភិវឌ្ឍខ្សែចង្វាក់តម្លៃក្នុងស្រុក។ ក្នុងកម្មវិធីនេះ លេខាធិការដ្ឋាន ម.អ.ស. ស្វែងរកធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមដែលមានសក្តានុពល និងមានតម្រូវការទុនវិនិយោគក្នុងការពង្រីកអាជីវកម្ម។

សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដោយពាណិជ្ជកម្មអេឡិចត្រូនិកបានក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណា ទំនិញដែលត្រូវបានជួញដូរតាមរយៈទីផ្សារឌីជីថលមួយចំនួនធំនៅតែពឹងផ្អែកលើការនាំចូល ដែលបានកំណត់ឱកាសក្នុងការបង្កើតតម្លៃបន្ថែមនៅក្នុងស្រុក។

ក្នុងន័យនេះ កម្មវិធី  SIPP Cohort 2 ក្រោមក្របខណ្ឌនៃកម្មវិធី EcoBoost ឆ្នាំ២០២៦–២០២៨  ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ តាមរយៈការជួយគាំទ្រដល់អាជីវកម្មដែលមានការប្រើប្រាស់ផលិតផល ឬ វត្ថុធាតុដើមក្នុងស្រុក ប្រកបដោយសក្កានុពល និងមានការប្តេជ្ញាចិត្តក្នុងការពង្រឹងបណ្តាញអ្នកផ្គត់ផ្គង់ក្នុងស្រុកឱ្យកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់។

កម្មវិធីនេះស្របតាម និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦–២០៣០ ដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ យុទ្ធសាស្ត្រនេះផ្តោតលើការលើកកម្ពស់នវានុវត្តន៍ឌីជីថល ការអភិវឌ្ឍ និងការរីកចម្រើនរបស់ធុរកិច្ចថ្មី ព្រមទាំងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងកម្មវិធីនេះ ពាក្យស្នើសុំដែលត្រូវបានទទួល និងត្រូវបានធ្វើការពិនិត្យបឋម ដោយក្នុងនោះ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមប្រមាណ ១០ ដល់ ១២ នឹងត្រូវបានជ្រើសរើសសម្រាំងយ៉ាងម៉ត់ចត់សម្រាប់ការវាយតម្លៃលម្អិត។ បន្ទាប់មក អាជីវកម្មប្រមាណ ៦ ដល់ ១០ នឹងឈានទៅដំណាក់កាលត្រួតពិនិត្យកម្អិត (Due Diligence) ខណៈដែលយ៉ាងហោចណាស់ ២ ធុរកិច្ច នឹងទទួលបានការវិនិយោគជាភាគហ៊ុនពីលេខាធិការដ្ឋាន ម.អ.ស. ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃ ការត្រួតពិនិត្យកម្អិត និងការអនុម័តពីគណៈកម្មាធិការវិនិយោគរបស់ លេខាធិការដ្ឋាន ម.អ.ស.។ បន្ទាប់ពីការបញ្ចេញទុនវិនិយោគ អាជីវកម្មដែលទទួលបានការវិនិយោគនឹងទទួលបានការគ្រប់គ្រងផលប័ត្រវិនិយោគ និងការគាំទ្រផ្នែកប្រឹក្សាយោបល់ ដើម្បីពង្រឹងអភិបាលកិច្ច កែលម្អប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់ការរីកចម្រើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។

លេខាធិការដ្ឋាន ម.អ.ស. បានកត់សម្គាល់ថា ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាច្រើន បានបង្ហាញពីសក្តានុពលនៃគំរូអាជីវកម្មរបស់ខ្លួន និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារក្នុងដំណាក់កាលដំបូងរួចហើយ។ ទោះជាយ៉ាងណា អាជីវកម្មទាំងនេះនៅតែប្រឈមនឹងឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងដំណាក់កាលពង្រីកអាជីវកម្ម។ បញ្ហាប្រឈមសំខាន់ៗរួមមាន តម្រូវការដើមទុនបង្វិលបន្ថែម ការវិនិយោគលើប្រព័ន្ធឌីជីថល និងការអនុលោមតាមបទប្បញ្ញត្តិ ការពង្រឹងបណ្តាញអ្នកផ្គត់ផ្គង់ និងការចំណាយប្រតិបត្តិការក្នុងដំណាក់កាលផ្លាស់ប្តូរពីការពឹងផ្អែកលើការនាំចូល ទៅកាន់ការប្រើប្រាស់ប្រភពផ្គត់ផ្គង់ក្នុងស្រុកកាន់តែច្រើន។ តាមរយៈការដោះស្រាយបញ្ហាប្រឈមទាំងនេះ កម្មវិធីមានគោលបំណងជួយពន្លឿនការរីកចម្រើនរបស់អាជីវកម្ម ព្រមទាំងរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ដើម្បីអនុវត្តកម្មវិធីនេះ លេខាធិការដ្ឋាន ម.អ.ស. នឹងជ្រើសរើសដៃគូអនុវត្តដែលមានជំនាញ និងបទពិសោធន៍សមស្រប ដើម្បីគាំទ្រការអនុវត្តកម្មវិធី ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋាន ម.អ.ស. ។ ដៃគូអនុវត្តនឹងទទួលខុសត្រូវលើការផ្សព្វផ្សាយកម្មវិធី ការទទួល និងពិនិត្យពាក្យស្នើសុំ ការត្រួតពិនិត្យលម្អិត (Due Diligence) ការវាយតម្លៃការវិនិយោគ ក៏ដូចជាការតាមដាន និងគ្រប់គ្រងការវិនិយោគក្រោយការបញ្ចេញទុន។ លើសពីនេះ ដៃគូអនុវត្តនឹងរៀបចំវគ្គផ្តល់ព័ត៌មានដល់អ្នកដាក់ពាក្យ ផ្ទៀងផ្ទាត់ការអនុវត្តការប្រើប្រាស់ប្រភពក្នុងស្រុក គាំទ្រការរៀបចំអនុសាសន៍វិនិយោគ និងសហការជាមួយ លេខាធិការដ្ឋាន ម.អ.ស ក្នុងការតាមដាន និងគ្រប់គ្រងផលប័ត្រវិនិយោគពេញមួយវដ្តនៃកម្មវិធី។

ក្រៅពីការផ្តល់ការវិនិយោគជាភាគហ៊ុន កម្មវិធី  SIPP Cohort 2   មានគោលបំណងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា តាមរយៈការលើកកម្ពស់ការប្រើប្រាស់ប្រភពផ្គត់ផ្គង់ក្នុងស្រុក ការគាំទ្រអ្នកផ្គត់ផ្គង់ក្នុងស្រុក និងការបង្កើតគំរូអាជីវកម្មជោគជ័យដែលអាចយកទៅអនុវត្ត និងពង្រីកបានក្នុងទីផ្សារកាន់តែទូលំទូលាយ។ តាមរយៈកម្មវិធីនេះ លេខាធិការដ្ឋាន ម.អ.ស.  មានគោលបំណងពង្រឹងតួនាទីរបស់ខ្លួនជាអ្នកជំរុញវិនិយោគ (Catalytic Investor) ក្នុងការគាំទ្រការកាត់បន្ថយហានិភ័យនៃការពង្រីកអាជីវកម្ម ជំរុញការផ្លាស់ប្តូរឌីជីថល និងរួមចំណែកពង្រឹងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។ ដៃគូអនុវត្តដែលត្រូវបានជ្រើសរើសនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ លេខាធិការដ្ឋាន ម.អ.ស. ក្នុងរយៈពេលប្រមាណជា ៦ ខែ ដើម្បីគាំទ្រការផ្សព្វផ្សាយកម្មវិធី ការទទួល និងការពិនិត្យពាក្យស្នើសុំ ការវាយតម្លៃបឋម ការត្រួតពិនិត្យលម្អិត (Due Diligence) ការវាយតម្លៃការវិនិយោគ ការរៀបចំអនុសាសន៍វិនិយោគ និងការតាមដាន និងគ្រប់គ្រងការវិនិយោគក្រោយការបញ្ចេញទុន។

កាលបរិច្ឆេទសំខាន់

• ថ្ងៃផុតកំណត់នៃការបង្ហាញចំណាប់អារម្មណ៍៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

• ថ្ងៃផុតកំណត់នៃការដាក់សំណើ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦

ដាក់ស្នើការបង្ហាញចំណាប់អារម្មណ៍របស់អ្នក៖  https://bit.ly/4buhM9k

សម្រាប់ព័ត៌មានបន្ថែម៖ https://bit.ly/4xhbZwf

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T