កាលពីម្សិលមិញនេះ ដំណឹងនៃការចាប់ខ្លួនរបស់ ឧកញ៉ា ហេង ឡុង បានធ្វើឲ្យកក្រើកបណ្ដាញសង្គម ពាក់ព័ន្ធនឹងបញ្ហាបំណុលជាង៣០ម៉ឺនដុល្លារ។ យ៉ាងណាមិញ មហាជននៅមិនទាន់បានដឹងលម្អិតពីមូលហេតុសាច់រឿងច្បាស់នោះទេ ពិសេសគឺ ឧកញ៉ា ហេង ឡុង មិនអាចទាក់ទងបានទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រំលងបានមួយថ្ងៃ ឧកញ៉ា ក៏បានចេញមុខបកស្រាយពាក់ព័ន្ធនឹងរឿងនេះ ដើម្បីឲ្យមហាជនបានស្រាយចម្ងល់ តាមរយៈការបង្ហោះសារដូចខាងក្រោម៖
«នាថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្ញុំបាទ ក្នុងករណីជំពាក់ប្រាក់ចំនួន ៣៣០,១៥១.៧០ ដុល្លារអាមេរិក រឿងរ៉ាវនេះបានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្ដេចទាំងទ្វេបានមេត្តាជួយសម្របសម្រួលជាមួយម្ចាស់បំណុលខាងលើ ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត ដែលខ្ញុំបាទកំពុងប្រឈមមុខ។
ខ្ញុំបាទ ហេង ឡុង និងភរិយា សូមក្រាបថ្វាយបង្គំ និងសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចទាំងទ្វេ ដែលបានមេត្តាជួយស្រោចស្រង់ជីវិត កិត្តិយស និងផ្ដល់កម្លាំងចិត្តដល់កូនទាំងពីរក្នុងគ្រាលំបាកនេះ។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា សម្ដេចទាំងទ្វេ និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ បរិបូរណ៍កម្លាំង ព្រះជន្មាយុយឺនយូរ និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជារៀងរហូត។
សូមក្រាបថ្វាយបង្គំដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ហេង ឡុង និងភរិយា»









