ល្ខោនស្រមោលស្បែកធំ ជាការសម្តែងសិល្បៈតាមរយៈស្រមោល ដោយការយកផ្ទាំងស្បែកសត្វដែលមានរូបតួអង្គផ្សេងៗ មកសម្តែងក្រោយផ្ទាំងក្រណាត់ស អមនឹងភ្លេង ព្រមទាំងពំនោល ដើម្បីដំណាលនៃសាច់រឿង។ ល្ខោនស្រមោលស្បែក ជាទម្រង់ល្ខោនមួយប្រភេទ ដែលមានឯកសារខ្លះសន្មត់ថា មានប្រភពតាំងពីមុនសម័យអង្គរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដើមឡើយ ល្ខោនស្រមោលស្បែកមានការសម្តែងពី២ទៅ៣ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយមិនសូវមានការសម្តែងជាសាធារណៈនោះទេ ដោយភាគច្រើនសិល្បៈច្រើនសម្តែងនៅក្នុងព្រះរាជពិធីព្រះមហាក្សត្រ ឬពិធីសាសនា។
ល្ខោនស្រមោលស្បែក មាន៣ប្រភេទ ដូចជា ល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលពណ៌ (ស្បែកលាបពណ៌) និងល្ខោនស្រមោលស្បែកតូច។ ល្ខោនស្រមោលស្បែកធំមានការសម្តែងតែចំពោះឈុតឆាកនៅក្នុងរឿងរាមាយាណៈ ឬយើងស្គាល់ថាជារឿងរាមកេរ្ត៍ ។
ផ្ទាំងស្បែកដែលគេយកមកប្រើប្រាស់នៅក្នុងល្ខោននេះ អាចជាស្បែកសត្វក្របី ឬគោ ដោយគេហាលឱ្យស្ងួត ហើយយកទៅជ្រលក់ពណ៌ផ្សេងៗ ដែលបានមកពីសម្បកដើមកណ្តោល។ បន្ទាប់មក គេយកមកឆ្លាក់ជារូបតួអង្គ ឬអាទិទេពផ្សេងៗ ហើយយកវាទៅចងភ្ជាប់ជាមួយបន្ទះឬស្សីពីរដើម ដែលគេអាចកាន់ និងបង្វិលបាននៅពេលសម្តែង។

ល្ខោននេះ គេសម្តែងនៅទីវាលងងឹត ឬពេលយប់ ដែលអ្នកសម្តែងត្រូវសម្តែងនៅក្រោយផ្ទាំងក្រណាត់ស ដោយមានពន្លឺភ្លើងជះ បង្កើតជាស្រមោល។ នៅសម័យមុន គេប្រើភ្លើងចន្លុះ ឬត្រឡោកដូង ដើម្បីបង្កើតជាចំណាំងឆ្លុះ ប៉ុន្តែបច្ចុប្បន្នគេប្រើឧបករណ៍បញ្ជាំងស្លាយ ឬយើងហៅថា LCD Projector ជំនួសវិញ។ ឯកសារយោងខ្លះនិយាយថា ផ្ទាំងក្រណាស់ស អាចមានប្រវែង១០ ទៅ១២ម៉ែត្រ និងកម្ពស់៣ម៉ែត្រ ហើយផ្ទាំងស្បែក អាចមានទម្ងន់៨គីឡូ ឬច្រើនជាងនេះ ដោយមានអ្នកសម្តែងចន្លោះពី១០ទៅ១២នាក់ផងដែរ។

ល្ខោននេះ មានរួមបញ្ចូលទាំង សិល្បៈ របាំ ចម្រៀង តន្រ្តី កំណាព្យ ពំនោល ចម្លាក់ ដែលបានឆ្លុះបញ្ជាំងអំពីសិល្បៈនៃការច្នៃប្រឌិតរបស់បុព្វបុរស និងដូនតាជំនាន់មុន ក្នុងការបង្ហាញនិងលើកកម្ពស់ វប្បធម៌ ព្រមទាំងជំនឿផ្សេងៗ តាមរយៈការសិល្បៈបុរាណខ្មែរ។

អត្ថបទ៖ Sofia
ឯកសារយោង៖
AMS Khmer Civilization. (2020, November 25). https://khmercivilization.ams.com.kh/detail/2459
Malis, K. (2024, November 25). តើល្ខោនស្រមោលស្បែកធំ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងពីពេលណា? Kampuchea Thmey Daily. https://www.kampucheathmey.com/local-news/809965
UNIMA. (2016, March 30). Cambodia | World Encyclopedia of Puppetry Arts. World Encyclopedia of Puppetry Arts. https://wepa.unima.org/en/cambodia/





