កម្សាន្ត៖ តារាចម្រៀងស្រី Taylor Swift និង គូដណ្ដឹង លោក Travis Kelce ត្រូវបានគេរាយការណ៍ថា នឹងរៀបការនៅរដូវក្តៅក្រោយ នៅកោះ Rhode ដែលជាកន្លែងដែលតារាចម្រៀងស្រីរូបនេះ មានផ្ទះដ៏ប្រណីតមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមរយៈ ប្រភពមួយ ដែលបានប្រាប់សារព័ត៌មាន Page Six ថា «ពួកគេនឹងរៀបការនៅរដូវក្តៅក្រោយ នៅកោះ Rhode ។ នាងចង់មានកូនហើយ»។

ខណៈពេលដែល អាពាហ៍ពិពាហ៍របស់តារាល្បីត្រៀមនឹងចាប់ផ្ដើម អភិបាលរដ្ឋ Rhode Island លោក Dan McKee បានបង្ហាញពីបំណងចង់ឱ្យ Taylor Swift និង Travis Kelce ជ្រើសរើសរដ្ឋរបស់លោក។ McKee បានសរសេរនៅពេលចែករំលែកសារជាថ្មីអំពីការភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូនេះ នៅលើ X កាលពីសប្តាហ៍មុនថា «កោះ Rhode Island មានកន្លែងរៀបអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាតបំផុតនៅក្នុងពិភពលោក។

គួរំឮកផងដែរថា តារាចម្រៀងស្រី Taylor Swift បានទិញផ្ទះនៅមាត់សមុទ្រ នៅ Westerly រដ្ឋ Rhode Island ក្នុងឆ្នាំ ២០១៣ ក្នុងតម្លៃ ១៧.៥ លានដុល្លារ។ នាងបានចំណាយប្រាក់បន្ថែម ១.៧ លានដុល្លារលើការជួសជុល កែលម្អផ្ទះបាយ និងបន្ថែមបន្ទប់ទឹកបន្ថែមទៀត។ វីឡានេះ ពីមុនមានបន្ទប់គេង ៨ បន្ទប់ទឹក ១០ អាងហែលទឹក សួនច្បារធំទូលាយ ហើយមានទីតាំងនៅលើផ្ទៃដី ២.១ ហិកតា។ ជារឿយៗ Taylor បានប្រារព្ធពិធីជប់លៀងដើម្បីអបអរទិវាបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក (ថ្ងៃទី ៤ ខែកក្កដា) ជាមួយមិត្តភក្តិសិល្បកររបស់នាងនៅទីនេះ។ កាលពីខែសីហាកន្លងទៅ នាងបានអញ្ជើញក្រុមគ្រួសាររបស់តារាសម្ដែង Blake Lively, Bradley Cooper និងតារាជាច្រើនរូបទៀតមកលេង នៅចុងសប្តាហ៍។

វីឡានេះ ក៏ត្រូវបានបញ្ចូលក្នុងបទចម្រៀង The Last Great American Dynasty នៅលើអាល់ប៊ុម Folklore (2020) ផងដែរ។ តែទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ ថាតើគូស្នេហ៍មួយគូនេះ នឹងរៀបចំពិធីមង្គលការនៅវិមាននេះ ឬជ្រើសរើសទីតាំងផ្សេងនៅក្នុងតំបន់នេះ នោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






