ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការកំណែ រួមនឹងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលកំណែវិទ្យាល័យ ជា ស៊ីម បឹងកេងកង (មុខវិជ្ជាគីមីវិទ្យា) និងវិទ្យាល័យបឹងត្របែក (មុខវិជ្ជាជីវវិទ្យា)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានជួបជាមួយប្រធាន អនុប្រធានមណ្ឌលកំណែ និងសមាជិកគណ:កម្មការទាំងអស់ ដែលកំពុងយកចិត្តទុកដាក់បំពេញភារកិច្ច និងអនុវត្តគោលការណ៍ គោរពវិន័យយ៉ាងតឹងរឹងតាមម៉ោងកំណត់នៅតាមបន្ទប់រៀងៗខ្លួន ដោយទ្វារមណ្ឌលត្រូវបានបិទជិតមិនអនុញ្ញាតឱ្យមានការចេញចូលក្នុងម៉ោងធ្វើការ ជាពិសេសមិនមានការប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកនានាឡើយ។ ស្ថានភាពទូទៅនៅមណ្ឌលកំណែមានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អ ដោយមានការចូលរួមពិនិត្យដំណើរការនៃការផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការបេក្ខជនពីសំណាក់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីផ្សេងៗ។
គួរបញ្ជាក់ដែរថា ក្នុងដំណើរការកំណែដែលមានរយៈពេល១សប្តាហ៍នេះប្រធានមណ្ឌលកំណែត្រូវទៅយកដុំកិច្ចការបេក្ខជនពីគណៈកម្មការបែងចែកសន្លឹកកិច្ចការបេក្ខជនតាមលេខរៀងក្រុម ដើម្បីចែកជូនសមាជិកកែ និងត្រូវណែនាំ ជាពិសេសត្រូវបន្តក្រើនរំឭកសមាជិករបស់ខ្លួនជាប្រចាំឱ្យបំពេញការងារដោយហ្មត់ចត់ និងយកចិត្តទុកដាក់បំផុត៕
ប្រភព៖ ក្រសួងអប់រំ, ក្រសួងព័ត៌មាន

