កម្សាន្ត៖ តារាសម្ដែង Leonardo DiCaprio បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលដែលអង្គុយលើទូក មើលទៅរូបលោក ហាក់មានភាពហត់នឿយ ដែលត្រូវបានអ្នកគាំទ្រពិភាក្សាយ៉ាងក្ដៅគគុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងសប្តាហ៍នេះ Dailymail បានចុះផ្សាយរូបថត របស់តារាសម្ដែងក្នុងរឿង Titanic គឺលោក Leonardo DiCaprio ខណៈពេលទៅវិស្សមកាលនៅសមុទ្រមេឌីទែរ៉ាណេ ដោយមានចំណងជើងថា «Leonardo DiCaprio នៅវ័យ ៥០ ឆ្នាំ មើលទៅអផ្សុកនៅលើទូកជាមួយ Vittoria Ceretti វ័យ ២៧ ឆ្នាំ បន្ទាប់ពីបានបើកចំហអំពីការណាត់ជួបក្នុងវ័យកណ្តាល» ។ រូបភាពរបស់តារាប្រុសរូបនេះ អង្គុយដោយទឹកមុខស្រពោន សក់រញ៉េរញ៉ៃ ដែលរូបភាពនេះ បានសាយភាយយ៉ាងលឿនតាមអនឡាញ ទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ជាមួយនឹងការបញ្ចេញមតិរាប់ពាន់។

ទស្សនិកជនជាច្រើនបានស្មានថា តារាប្រុសរូបនេះ ហាក់ដូចជាកំពុងជប់លៀងពេញមួយយប់ ហើយបានស្រវឹង និងមើលទៅហត់នឿយ។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាលោក Leonardo DiCaprio អាចធុញទ្រាន់ នៅពេលដែលលោកកំពុងរីករាយនឹងជីវិតដែលមនុស្សរាប់លាននាក់ស្រមៃចង់បាន ជាមួយនឹងវិស្សមកាលនៅលើទូកទំនើប ទ្រព្យសម្បត្តិដ៏ធំ អាជីពជោគជ័យ ព្រមទាំងមានគូស្នេហ៍វ័យក្មេង។ ខណៈដែលមានមតិមួយចំនួន បានលើកឡើងថា រូបលោកមានលុយច្រើន និងជោគជ័យ ប៉ុន្តែមើលទៅឯកោ និងធ្លាក់ទឹកចិត្ត។ អ្នកគាំទ្រមួយចំនួនទៀត បាននិយាយថា Leonardo គួរតែហាត់ប្រាណដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នា ឬស្វែងរកចំណូលចិត្តថ្មីៗ ផងដែរ។

គួររំឮកផងដែរថា Leonardo DiCaprio កំពុងរីករាយនឹងវិស្សមកាល នៅឯឆ្នេរសមុទ្រនៃប្រទេសអេស្ប៉ាញ ជាមួយមិត្តស្រី ដែលជាតារាម៉ូដែល Vittoria Ceretti ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






