
បាត់ដំបង-ពោធិ៍សាត់-កោះកុង៖ គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន បានសាងសង់រួចរាល់ ១០០%ហើយ ខណៈ ស្ពានខ្ពស់ជាងគេនៅកម្ពុជា បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយ។
លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន ចុះត្រួតពិនិត្យលម្អិត ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស មុននឹងពិធីប្រគល់-ទទួល។

ក្រោយពីក្រុមការងារ បានត្រួតពិនិត្យរួចរាល់ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ រដ្ឋលេខាធិការ បានដឹកនាំក្រុមការងារប្រជុំវាយតម្លៃយល់ព្រមទទួលយកកិច្ចការងារសាងសង់ផ្លូវជាតិលេខ១០ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល ១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ។

ក្នុងឱកាសនោះ លោក ខាន់ ម៉ាណេរ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។

ទន្ទឹមនោះ ដែរក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់នៅបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាអចិន្ត្រៃយ៍នេះ ក្រោយពេលវឌ្ឍនភាពស្ពានបានសម្រេចលទ្ធផល១០០%។ ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់ ឈប់ថតរូប ទស្សនាកម្សាន្តជាមួយទិដ្ឋភាពស្ពានខ្ពស់ត្រដែត អមដោយដោយអ័ព្ទ ព្រៃពឹក្សាខៀវស្រងាត់ត្រជាក់ភ្នែក ឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ដ៏ត្រជាក់។

ស្ពានលេខ២៨នេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារ។

ដោយសារស្ពាននេះ ស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងបានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងដោយមោទកភាពពីភាពរីកចម្រើន និងវឌ្ឍនភាពផ្លូវជាតិលេខ១០(កោះកុង-វាលវែងពោធិ៍សាត់-សំឡូត បាត់ដំបង) និងស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលនឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខ និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រទាក់ក្រឡាជាច្រើនទៀត ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ៕




ដោយ៖ មឿន ឌីណា (Moeun Dyna)