អាស៊ាន៖ ខ្សែការពារកូនកាត់ ដាណឺម៉ាក របស់ជម្រើសជាតិ ថៃ កីឡាករ Jonathan Khemdee បានលើកឡើងកាលពីពេលថ្មីៗនេះថា រូបគេគឺចាត់ទុកក្រុមជម្រើសជាតិ ម៉ាឡេស៊ី និង កម្ពុជា ថាជាក្រុមខ្លាំងប្រចាំពូល A ក្នុងពានរង្វាន់ Mitsubishi Electric Cup។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ពានរង្វាន់ប្រចាំតំបន់ អាស៊ាន មួយនេះ នឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃ អាទិត្យ ស្អែក នេះហើយ រហូតដល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៥។ ក្នុងនោះការប្រកួតគឺបែងចែកជាពីរពូល ដោយ កម្ពុជា ស្ថិតនៅពូល A ជាមួយ ម៉ាឡេស៊ី សិង្ហបុរី ថៃ និង ទីម័រ។ ចំណែកពូល B វិញមាន ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និង វៀតណាម។

យ៉ាងណាមិញ មុនព្រឹត្តិការណ៍ Mitsubishi Electric Cup មកដល់ Jonathan Khemdee គេបាននិយាយពីគូប្រជែងក្នុងពូលប្រាប់ ASEAN United FC យ៉ាងដូច្នេះថា៖
ខ្ញុំចង់លេងទល់នឹងក្រុមល្អបំផុត។ ខ្ញុំគឺជាប្រភេទកីឡាករម្នាក់ ដែលចូលចិត្តលេងនៅក្នុងការប្រកួតធំៗ ព្រោះថាការលេងនៅក្នុងការប្រកួតធំ អ្នកអាចធ្វើឱ្យខ្លួនរបស់អ្នករីកចម្រើន តាមរយៈការលេងទល់នឹងកីឡាករល្អៗ។ នៅក្នុងពូល ខ្ញុំចង់លេងទល់នឹង ម៉ាឡេស៊ី ព្រោះខ្ញុំគិតថាពួកគេគឺជាក្រុមដ៏ល្អ ហើយក្នុងនោះក៏មានកម្ពុជាផងដែរ ព្រោះខ្ញុំឃើញព័ត៌មានថ្មីៗនេះ ថាពួកគេគឺបានបញ្ចូលកីឡាករចូលសញ្ជាតិថ្មីដល់ទៅ ៦ នាក់៕
គួរបញ្ជាក់ថា នៅថ្ងៃ អាទិត្យ ទី ០៨ ស្អែកនេះ ក្រុមជម្រើសជាតិ កម្ពុជា នឹងត្រូវបើកការប្រកួតដំបូងទល់នឹងក្រុម ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចំណែក ថៃ វិញ នឹងត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិ ទីម័រ។ រីឯជំនួបដែលកម្ពុជា នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិ ថៃ គឺនៅក្នុងការប្រកួតទី ៥ ពោលគឺនៅថ្ងៃទី ២០ ខែ ធ្នូ៕

ប្រភព៖ ASEAN United