បរទេស៖ ខ្សែប្រយុទ្ធស្លាបរបស់ Al-Hilal កីឡាករ Neymar Jr. បានរងរបួសជាថ្មីនៅក្នុងការប្រកួតពានរង្វាន់ AFC Champions League ទល់នឹងក្រុម Esteghlal FC កាលពីយប់មិញនេះ បន្ទាប់ពីរូបគេបានសម្រាកនៅក្រៅទីលានអស់រយៈពេល ១ ឆ្នាំមកហើយ ដោយសារតែបញ្ហារបួសសរសៃពួរ (ACL)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Neymar ទើបតែត្រឡប់មកជួប Al-Hilal វិញបានពីរប្រកួតប៉ុណ្ណោះ គិតត្រឹមការប្រកួតយប់មិញនេះ ប៉ុន្តែជាអកុសលខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ បន្ទាប់ពីប្តូរចូលនៅវគ្គទី ២ នាទី ៥៨ ដោយលេងមិនទាន់បាន ៣០ នាទីផង រូបគេក៏ត្រូវប្តូរចេញវិញ ដោយសារតែមានបញ្ហារបួសសាច់ដុំភ្លៅខាងស្តាំ។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហារបួសមួយនេះ គឺមិនទាន់មានការបញ្ជាក់ពីស្ថានភាពរបស់គាត់នៅឡើយទេ ដោយបច្ចុប្បន្នគ្រូពេទ្យកំពុងតាមដានពីអាការៈរបស់គាត់សិន ប៉ុន្តែក្រោយការរបួសនេះភ្លាម អតីតខ្សែប្រយុទ្ធ Barcelona រូបនេះបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖
ខ្ញុំមានអារម្មណ៍ថាដូចជារមួលក្រពើ ប៉ុន្តែវាគឺខ្លាំងណាស់! ខ្ញុំនឹងត្រូវធ្វើការពិនិត្យសិន ហើយខ្ញុំសង្ឃឹមថា វានឹងគ្មានរឿងអ្វីធ្ងន់ធ្ងរទៅចុះ។ វាគឺធម្មតាទេសម្រាប់រឿងនេះ បន្ទាប់ពីខ្ញុំសម្រាកនៅក្រៅទីលានអស់រយៈពេល ១ ឆ្នាំ។ គ្រូពេទ្យធ្លាប់បានព្រមានខ្ញុំមុនរួចហើយ ថាខ្ញុំត្រូវតែប្រុងប្រយ័ត្នលើរឿងនេះ៕

ប្រភព៖ Goal