អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Chelsea លោក Enzo Maresca បានសាភាពត្រង់ៗថា ក្រុមរបស់លោកមិនទាន់ត្រៀមលក្ខណៈរួចរាល់ទេក្នុងការប្រជែងជាមួយ Manchester City និង Arsenal នៃពានរង្វាន់ Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី គឺ Chelsea ក្នុងរដូវកាលនេះកំពុងបង្ហាញគុណផលលេងនៅលើទីលានល្អគួរសមបើធៀបនឹងរដូវកាលមុន ពោល ឆ្លងកាត់ ៦ប្រកួតនៅក្នុងក្របខណ្ឌ Premier League ពួកគេឈ្នះ ៤ប្រកួត ស្មើ១ ចាញ់១ ឈរលេខ៤ មាន ១៣ពិន្ទុ នៅក្រោមក្រុមកំពូលតារាង Liverpool តែពីរពិន្ទុប៉ុណ្ណោះ។
យ៉ាងណាមិញ ទាក់ទងនឹងរឿងខាងលើ លោក Enzo Maresca បាននិយាយថា៖
ខ្ញុំគិតថា យើងមិនទាន់អាចប្រជែងជាមួយ Man City ឬ Arsenal បានទេ ពីព្រោះពួកយើងមិនទាន់បានត្រៀមខ្លួនរួចរាល់។ ហេតុផលនោះ គឺ ដោយសារ Man City បានធ្វើការជាមួយអ្នកចាត់ការរបស់ពួកគេ ៩ឆ្នាំទៅហើយ រីឯ Arsenal ៥ឆ្នាំ។ អ្នកត្រូវការពេលវេលា ប្រសិនបើអ្នកចង់ជោគជ័យលើរឿងអ្វីមួយ។ ខ្ញុំ និង Chelsea ទើបតែចាប់ផ្តើមការងារជាមួយគ្នាបាន ៣ខែទេ វាមានគម្លាតខុសគ្នាច្រើន ដូច្នេះគោលដៅរបស់យើង គឺទៅក្បែរៗកម្រិតរបស់ក្រុមពួកគេសិន៕

ប្រភព៖ metro