បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Cristiano Ronaldo បានទម្លាយថា វីរបុរសប្រេស៊ីលទាំង ២ លោក Ronaldo Nazario និងលោក Ronaldinho គឺជានិមិត្តរូបតាំងពីក្មេងរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ខ្សែប្រយុទ្ធម្ចាស់ពាន Ballon d'Or ៥ សម័យរូបនេះ គឺជាកីឡាករដ៏លេចធ្លោរបំផុតម្នាក់ នៅក្នុងរជ្ជកាលបាល់ទាត់សម័យបច្ចុប្បន្ននេះ ហើយមានកីឡាករជំនាន់ក្រោយជាច្រើនដែលបានយកគាត់ធ្វើជានិមិត្តរូប និងរៀនសូត្រតាមពីអាជីពរបស់គាត់ ដើម្បីអាចឱ្យអាជីពរបស់ពួកគេមានភាពជោគជ័យដូចខ្សែប្រយុទ្ធ Al-Nassr រូបនេះដែរ។
យ៉ាងណាក៏ដោយ បើយើងក្រឡេកមើល Ronaldo វិញ គាត់ក៏មាននិមិត្តរូបក្នុងដួងចិត្តរបស់ខ្លួន ដែលគាត់បានយកគម្រូ និងរៀនសូត្រតាមនៅពេលនៅក្មេង និងនៅពេលគាត់ទើបចាប់ផ្តើមប្រឡូកអាជីពជាកីឡាករបាល់ទាត់ដំបូងផងដែរ នោះគឺលោក Ronaldo(R9) ដែលធ្លាប់លេងនៅ Real Madrid ផង និង Barcelona ផង និងលោក Ronaldinho ដែលជាវីរបុរសរបស់ Barcelona។
ទាក់ទងនឹងរឿងខាងលើ Ronaldo បានថ្លែងប្រាប់ ESPN Brasil យ៉ាងដូច្នេះថា៖
ខ្ញុំគឺមិនចូលចិត្តការប្រៀបធៀបនោះទេ។ ខ្ញុំពេញចិត្តក្នុងការនិយាយថា បុរសទាំងពីរនេះ លោក Ronaldo Nazario និង Ronaldinho គឺបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំអាចនិយាយបានថា ជាការពិត ខ្ញុំបានឈ្នះនូវពានឯកត្តជនច្រើនជាងពួកគាត់ ប៉ុន្តែពួកគាត់ទាំងពីរសុទ្ធតែបានឈ្នះ World Cups។ ខ្ញុំពិតជាមានអារម្មណ៍មោទកភាពខ្លាំងណាស់ជាមួយពួកគាត់។ ខ្ញុំគឺបានដឹងក្តីឡើង ដោយបានទស្សនាពួកគាត់លេងជាមួយគ្នា៕

ប្រភព៖ Sportbible