បរទេស៖ លោក Gareth Southgate គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ អង់គ្លេស ត្រូវបានអតីតកីឡាករជើងចាស់លោក Wayne Rooney រិះគន់ចំៗ ក្រោយលោកបានធ្វើការបកស្រាយថា មូលហេតុដែលលោកសម្រេចចិត្តប្តូរតួនាទីរបស់ Trent Alexander-Arnold ពីខ្សែការពារស្លាបស្តាំ មកលេងជាខ្សែបម្រើការពារវិញ គឺដើម្បី "ពិសោធន៍"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Southgate មួយរយៈនេះគឺត្រូវបានគេរិះគន់ច្រើនមែនទែន បន្ទាប់ពីលោកបានប្តូរតួនាទីលេងរបស់កីឡាករមួយចំនួនដូចជា Arnold ជាដើម ដោយលោកបានប្តូរឱ្យខ្សែការពារស្លាបស្តាំរូបនេះ មកលេងជាខ្សែបម្រើការពារវិញ ទាំងដែល អង់គ្លេស គឺមានខ្សែបម្រើឆ្នើមៗជាច្រើនដូចជា Kobiee Mainoo, Conor Gallagher និងកីឡាករមួយចំនួនទៀត។
ខណៈការប្រកួតពីរប្រកួតនៅក្នុងពូល C កន្លងមក ក្រុមរហស្សនាមតោកំណាចក៏ពុំសូវទទួលបានលទ្ធផលល្អប៉ុន្មានដែរ ដោយការប្រកួតដំបូង ពួកគេបានឈ្នះ ស៊ែប៊ី ត្រឹម ១-០ ប៉ុណ្ណោះ និងការប្រកួតទី ២ កាលពីថ្ងៃទី ២០ កន្លងទៅ ពួកគេបានត្រឹមស្មើជាមួយ ដាណឺម៉ាក ១-១។

បន្ទាប់ពីមានការរិះគន់ច្រើនជុំវិញការប្តូរតំណែងលេងរបស់កីឡាករ លោក Southgate បានចេញមុខបកស្រាយថា មូលហេតុដែលលោកធ្វើបែបនេះ គឺដើម្បី "ពិសោធន៍" ប្រព័ន្ធលេងរបស់ក្រុម ប៉ុន្តែសម្រាប់លោក Rooney ដែលជាអតីតកីឡាករ អង់គ្លេស ម្នាក់វិញ គឺមិនយល់ស្របនោះទេ ហើយគាត់បានចេញមុខប្រត្តិកម្មយ៉ាងដូច្នេះថា៖
ខ្ញុំមិនគិតថា អ្នកអាចឈានមកដល់ព្រឹត្តិការណ៍ដ៏ធំបែបនេះ ហើយនិយាយថា អ្នកកំពុងតែ "ពិសោធន៍" នោះទេ។ នោះគឺជាពាក្យមួយដ៏ធ្ងន់ធ្ងរណាស់ ហើយប្រសិនបើ អង់គ្លេស មិនអាចឈានចូលការប្រកួតប្រជែងដល់វគ្គជ្រៅនោះទេ ខ្ញុំគិតថាគាត់នឹងស្តាយក្រោយលើរឿងនេះ៕

ប្រភព៖ Sportskeeda