បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ត្រូវបានគេបង្ហាញរូបភាពមួយ ដែលគាត់បានពាក់របាំងមុខដ៏ពិសេសមួយមានរូបទង់ បារាំង អំឡុងពេលហ្វឹកហាត់ក្នុងព្រឹត្តិការណ៍ Euro ២០២៤ ប៉ុន្តែផ្ទុយទៅវិញ របាំងមុខបែបនេះ អាចនឹងមិនអនុញ្ញាតឱ្យពាក់នៅក្នុងការប្រកួតនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រម្លឹកថា កាលពីថ្ងៃ អង្គារ៍ ទី ១៨ ខែ មិថុនា កន្លងទៅ Mbappe បានរងរបួសបាក់ខ្ទង់ច្រមុះ នៅក្នុងជំនួបដែល បារាំង បានយកឈ្នះលើក្រុម អូទ្រីស ១-០ ប៉ុន្តែប្រធានក្រុមវ័យ ២៥ ឆ្នាំរូបនេះ មិនបានធ្វើការវះកាត់ ដើម្បីព្យាបាលរបួសនោះទេ ដោយគាត់បានជ្រើសរើសយកការពាក់របាំងមុខការពារ ដើម្បីអាចបន្តជួយក្រុមជម្រើសជាតិរបស់ខ្លួន នៅក្នុងការប្រកួតពាន Euro ២០២៤ បន្តទៀត។
យ៉ាងណាក៏ដោយ ថ្មីៗនេះខាង បារាំង បានធ្វើរបាំងមុខដ៏ពិសេសមួយជូន Mbappe ដោយនៅលើនោះមានរូបទង់ជាតិ លេខ និងឈ្មោះរបស់គេ តែយោងតាមកាសែត The Athletic បានឱ្យដឹងថា របាំងមុខនេះអាចនឹងមិនអនុញ្ញាតឱ្យពាក់នៅក្នុងការប្រកួតនោះទេ ដោយសារច្បាប់របស់ UEFA បានហាមឃាត់។
មានឃ្លាមួយនៅក្នុងច្បាប់ UEFA បានបញ្ញត្តិថា ឧបករណ៍វេជ្ជសាស្ត្រ (ឧទាហរណ៍៖ ប្រដាប់ការពារក្បាល របាំងមុខ ទ្រនាប់ជង្គង់ ឬដង្កៀបជង្គង់ ទ្រនាប់កែងដៃ) ឧបករណ៍វេជ្ជសាស្ត្រទាំងនេះដែលត្រូវពាក់នៅលើទីលានប្រកួតត្រូវតែមានពណ៌តែមួយ ហើយមិនត្រូវមានរូបនិមិត្តសញ្ញាអត្តសញ្ញាណក្រុម និងក្រុមហ៊ុនឧបត្ថម្ភនោះទេ។

ប្រភព៖ Sportbible