កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

//s9.kh1.co/16/163710eda0bc191c7c205ab6085b244835bbd234.png
Khmerhome

 ២៣-មេសា-២០២៤ ៩ព្រឹក · ១១ ថ្ងៃមុន

កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ដោយភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ។

https://s9.kh1.co/__image/w=650,h=366,q=100/80/80df124676ba4d524ea47cd6a017a4201e183d13.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជា-ចិន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ដោយភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ។

តាមការប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព្នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២។

ក្នុងឱកាសនៃជំនួប លោក វ៉ាង យី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានពាំនាំនូវការសួរសុខទុក្ខពី ប្រធានាធិបតី ស៊ី ជីនពីង និង នាយករដ្ឋមន្រ្តី លី ឈាង ជូនចំពោះ សម្តេចធិបតី និងបានអបអរសាទរចំពោះកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានប្រារព្ធទៅនាពេលថ្មីៗកន្លងទៅនេះ។

លោក ក៏បានជម្រាបជូន សម្តេចធិបតីថា ចិន-កម្ពុជា គឺជាមិត្តដ៏ជិតស្និទ្ធ និងស្មោះត្រង់ និងបានសម្តែងនូវក្ដីសោមនស្សរីករាយ ដែលរដ្ឋាភិបាលទាំងពីរបានអនុវត្តនូវកិច្ចសហប្រត្តិការបានយ៉ាងល្អក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយកិច្ចសហប្រតិបត្តិការនេះ បានជំរុញចំណងមិត្តភាពចិន-កម្ពុជាកាន់តែរឹងមាំដូចដែកថែប ព្រមជាមួយគ្នានេះ លោក បានលើកឡើងថា តួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក៏កាន់តែមានសារៈសំខាន់។

លោក បានបន្ថែមថា ទស្សនកិច្ចផ្លូវការលើកដំបូងរបស់ សម្តេចធិបតី នៅចិននាពេលកន្លងទៅ បានឆ្លុះបញ្ចាំង និងបានរួមចំណែករឹតចំណងទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាព ចិន-កម្ពុជាឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ហើយលោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ទស្សនកិច្ចនាឱកាសនេះ នឹងបន្តគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការនៃការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មីឱ្យលេចចេញជារូបរាង និងមានដំណើរការកាន់តែរឹងមាំ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោក វ៉ាង យី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលបានរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានការរីកចម្រើន។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានរួមចំណែកផ្តល់លទ្ធភាពដល់កម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាដើម ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ទន្ទឹមនេះ ប្រមុខរាជរដ្ឋាភិបាល បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលប្រទេសទាំងពីរបានឯកភាព កាលពីឆ្នាំ២០២៣។ តាមរយៈការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សម្តេចធិបតី មានជំនឿជាក់ថា រំហូរវិនិយោគ និងអ្នកទេសចរ មកពីប្រទេសចិននឹងកើនឡើងថែមទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។

នាបរិយាកាសនោះ សម្ដេចធិបតី និង លោក វ៉ាង យី បានបញ្ជាក់អំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់លើវិស័យការពារជាតិ និងសន្តិសុខ អប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត និងពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗ ដោយក្នុងនោះ លោក វ៉ាង យី បានបញ្ជាក់ថា ភាគីចិននឹងជំរុញបញ្ចប់ការរៀបចំផែនការមេ ឱ្យបានឆាប់ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើច្រករបៀងមច្ឆា និងអង្ករ និងកិច្ចសហប្រតិបត្តិការច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា លេចចេញជារូបរាងក្នុងពេលដ៏ខ្លីខាងមុខ ព្រមទាំងជួយអភិវឌ្ឍនិងធ្វើទំនើបកម្មវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា ផងដែរ។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតី បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T