សម្តេចធិបតី សម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា សមត្ថភាពដំឡើង ១៣២០គ្រឿង ឆ្នាំ២០២៤

//s9.kh1.co/b7/b724eb28d88618ea2dd8964505bd4e12af8bc653.png
Khmerhome

 ០២-ឧសភា-២០២៤ ៤ល្ងាច · ១៥ ថ្ងៃមុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លារ និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទបានចំនួន ១៣២០គ្រឿង សម្រាប់ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=366,q=100/b7/b724eb28d88618ea2dd8964505bd4e12af8bc653.png
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជាអធិវបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតា ស៊ុយស៊ូ មេនូហេ្វកឆឺរីង ខេមបូឌា ឯក នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលបានបោះទុនវិនិយោគប្រមាណ ៣៦,៨លានដុល្លារ និងមានបុគ្គលិកសរុបចំនួន ១៥០នាក់ ជាមួយនឹងមានសមត្ថភាពដំឡើងរថយន្តពីរប្រភេទបានចំនួន ១៣២០គ្រឿង សម្រាប់ឆ្នាំ២០២៤។

ពិធីខាងលើនាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាល លើកទឹកចិត្តដល់ក្រុមហ៊ុន TOYOTA TSUSHO Manufacturing (CAMBODIA) ឱ្យបន្តពិនិត្យលើសក្តានុពលថ្មីៗរបស់កម្ពុជាថែមទៀត ជាពិសេស លទ្ធភាពពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក រួមទាំងការផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃក្នុងស្រុក ទៅនឹងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន និងបណ្តារោងចក្រដៃគូនៅក្នុងតំបន់។

តាមការថ្លែង ប្រមុខរាជរដ្ឋាភិបាល TOYOTA មានសមត្ថភាពដំឡើងរថយន្តពីរប្រភេទបានចំនួន ១៣២០គ្រឿង សម្រាប់ឆ្នាំ២០២៤ ក្នុងនោះ ទី១-ប្រភេទ SUV ម៉ាក Toyota Fortuner ចំនួន ២៩០គ្រឿង និងទី២-ប្រភេទមួយបាំងកន្លះ (Pick-up truck) ម៉ាក Toyota Hilux ចំនួន ១.០៣០គ្រឿង។ សម្ដេចធិបតី បានគូសបញ្ជាក់ថា នេះជាវឌ្ឍនភាពថ្មីដ៏ល្អវិសេសមួយទៀត សម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាយើង និយាយដោយឡែក និងក៏ជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និយាយជារួម។

ក្នុងពិធីដ៏អធិកអធម​ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអបអរសាទរ ជាមួយថា្នក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន Toyota ដែលបានពង្រីកធុរកិច្ចរបស់ខ្លួន ជាមួយនឹងទំនុកចិត្ត និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការបណ្តាក់ទុនបន្ថែមលើអាជីវកម្មរបស់ខ្លួន ពីលើការនាំចូលរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទទាំងស្រុង មកជាការដំឡើងរថយន្តទាំងពីរប្រភេទក្នុងស្រុក ជាមួយការវិនិយោគនិងដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តថ្មីមួយនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ប្រកបដោយសក្តានុពលខ្ពស់នៅកម្ពុជា។

ការសម្ពោធដាក់ឱ្យដំណើរការរោងចក្រដំឡើងរថយន្តតូយ៉ូតារបស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) នេះ គឺជាការសក្ខីភាពបង្ហាញនូវទំនុកចិត្ត និងសក្តានុពលនៃប្រទេសកម្ពុជា ជូនបណ្តាវិនិយោគិននានា ដែលកំពុងចាប់អារម្មណ៍លើឱកាសវិនិយោគនៅកម្ពុជា។ ជាការបន្ត សម្តេចធិបតី នាយករដ្ឋមន្ត្រី។

ជាមួយនេះ សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ស្ទើរតែគ្រប់ដំណាក់កាលនៃការវិវត្តន៍ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងដំណាក់កាលជាង ៣០ឆ្នាំ។ សម្តេច ក៏បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថា រដ្ឋាភិបាល និងវិនិយោគិនជប៉ុន នឹងបន្តជំរុញការវិនិយោគបន្ថែមទៀតលើវិស័យយានយន្ត ក៏ដូចជាវិស័យផ្សេងៗទៀតនៅព្រះរាជាណាចក្រកម្ពុជា។

គូសបញ្ជាក់ថា ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia ដែលបានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២ កន្លងមក។

ក្រុមហ៊ុននេះ បានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តទាំងពីរប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ។

នេះ គឺជាមោទនភាពមួយផងដែរ ដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានផ្តល់នូវទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T