ប្រេស៊ីល៖ មានរឿងហេតុដ៏គួរឲ្យតក់ស្លុត និងសោកសង្រេងមួយបានកើតឡើងនៅក្នុងការប្រគុំតន្ត្រី «The Eras Tour» របស់ តារាចម្រៀងផបដ៏ល្បីឈ្មោះ Taylor Swift កាលពីថ្ងៃទី១៨ខែវិច្ឆិកាកន្លងទៅនេះ នៅឯទីក្រុង Rio De Janeiro ស្ថិតក្នុងប្រទេសប្រេស៊ីល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fohla de S Paulo បានចុះផ្សាយថាអ្នកគាំទ្រម្នាក់ឈ្មោះ Anna Clara Benevides មានអាយុ២៣ឆ្នាំ បានស្លាប់ ដោយសារតែអាកាសធាតុក្ដៅខ្លាំងពេក។

គេដឹងថានាងអង្គុយនៅកៅអីជិតនឹងឆាក និងបានគាំងបេះដូង ដោយសារទ្រាំទ្រនឹងអាកាសធាតុក្ដៅនេះពុំបាន ដោយមុនដំបូងនាងត្រូវបានគេជួយសង្គ្រោះឡើងវិញ ប៉ុន្តែ៤០នាទីក្រោយមក អំឡុងពេលយកទៅមន្ទីរពេទ្យ នាងក៏បានគាំងបេះដូងម្ដងទៀតនិងទទួលមរណភាពតែម្ដង។

ហេតុដូច្នេះហើយទើប Taylor Swift បានសម្រេចចិត្តពន្យាការប្រគុំតន្ត្រី បន្ទាប់មកក៏សម្ដែងឡើងវិញនាយប់ថ្ងៃអាទិត្យទី១៩កន្លងទៅ។


ជាមួយគ្នានេះ Taylor Swift បានសរសេរសាររំលែកទុក្ខដល់អ្នកគាំទ្រស្រីម្នាក់នោះថា៖
ខ្ញុំពិតជាមិនចង់ជឿទេថាខ្ញុំកំពុងសរសេរពីពាក្យអស់ទាំងនេះ ប៉ុន្តែជាមួយនឹងបេះដូងដ៏ខ្ទេចខ្ទាំ ដែលខ្ញុំត្រូវនិយាយថាខ្ញុំបានបាត់បង់ អ្នកគាំទ្រម្នាក់កាលពីមុននេះបន្តិច។ ខ្ញុំមិនអាចរៀបរាប់បានទេថាខ្ញុំសោកស្ដាយខ្លាំងប៉ុណ្ណា។ ខ្ញុំពិតជាមិនដឹងព័ត៌មានអ្វីច្រើនទេ ដឹងត្រឹមតែថានាងស្អាតនិងក្មេងខ្លាំងណាស់ដែលត្រូវជួបរឿងបែបនេះ។


ប្រភព៖ nypost