បរទេស៖ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន លោក Lionel Scaloni បានបកស្រាយថា ដោយសារខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho ធ្វើមិនសូវបានល្អនៅ Manchester United ទើបរូបគេមិនស្ថិតនៅក្នុងជម្រើសរបស់លោក ក្នុងការកោះហៅចូលក្នុងក្រុមជម្រើសជាតិ អាហ្សង់ទីន។

ជាការពិតណាស់ កាលពីខែ កញ្ញា និង តុលាកន្លងទៅ ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ គឺធ្លាប់ត្រូវបាន អាហ្សង់ទីន កោះហៅចូលក្នុងក្រុមជម្រើសជាតិឈុតធំ ២ លើកផងដែរ ប៉ុន្តែភាគច្រើនរូបគេត្រូវបានលោក Scaloni ផ្តល់ឱកាសឱ្យលេងត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះ។

ដោយឡែកនៅក្នុងការប្រកួតវគ្គជម្រុះ World Cup ២០២៦ ប្រចាំតំបន់ អាមេរិកខាងត្បូងទល់នឹង អ៊ុយរូហ្គាយ និង ប្រេស៊ីល ឆាប់ៗខាងមុខនេះ Garnacho គឺមិនត្រូវបានលោក Scaloni កោះហៅឡើយ។
ជុំវិញរឿងនេះ, លោក Scaloni បានចេញមុខបកស្រាយនៅក្នុងសន្និសីទកាសែតយ៉ាងដូច្នេះថា៖
មូលហេតុដែល Garnacho មិនត្រូវបានកោះហៅ? Ale មិនត្រូវបានជ្រើសរើសគឺដោយសារតែបញ្ហាទម្រង់លេង។ ក្រឡេកមើលកាលពីការកោះហៅចុងក្រោយ គាត់ក៏មិនសូវមាននាទីលេងច្រើនដែរ៕

ប្រភព៖ Metro