ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា ពង្រឹងស្ថាប័នរបស់ខ្លួនតាមរយៈការតែងតាំង និងដំឡើងឋានៈបុគ្គលិកប្រកបដោយយុទ្ធសាស្ត្រដើម្បីជំរុញកំណើនថ្មីៗបន្ថែមទៀត

//s9.kh1.co/8b/8b7a63c7dcd89e950dfb62e3e08f9e2447cb5cc6.jpg
សង្គម

 ២៨-កញ្ញា-២០២៣ ១ល្ងាច · ៧ ខែមុន

ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា (Havas Cambodia) បានប្រកាសពីការតែងតាំង និងដំឡើងឋានៈជាន់ខ្ពស់ដល់បុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងជំរុញកំណើនថ្មីៗបន្ថែមទៀតសម្រាប់ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Agency) មួយនេះ។

ភ្នំពេញ៖ ក្រុមហ៊ុន ហាវ៉ាស់ ខេមបូឌា (Havas Cambodia) បានប្រកាសពីការតែងតាំង និងដំឡើងឋានៈជាន់ខ្ពស់ដល់បុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងជំរុញកំណើនថ្មីៗបន្ថែមទៀតសម្រាប់ទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម (Agency) មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ការផ្លាស់ប្តូរជាវិជ្ជមានដែលមានលក្ខណៈជាយុទ្ធសាស្ត្រច្បាស់លាស់ទាំងនេះ ធ្វើឡើងបន្ទាប់ពីមានការតែងតាំងលោក Rastislav Kanuch ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Havas Cambodia កាលពីពេលថ្មីៗកន្លងទៅនេះ ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏ឥតរួញរាប្រកបដោយថាមភាពខ្ពស់របស់ Agency ក្នុងការពង្រឹង និងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារដែលកំពុងរីកចម្រើនឥតឈប់ឈរមួយនេះ។

រូបភាព
រូបភាព

លោក Peter Holán ទទួលតួនាទីជាប្រធានផ្នែកអន្តរកម្ម (Head of Interactions) ដើម្បីដឹកនាំលើកិច្ចការឌីជីថលសម្រាប់ក្រុមហ៊ុន Havas Cambodia ។ លោក Peter មានបទពិសោធន៍​ច្រើនរាប់មិនអស់លើជំនាញឌីជីថលដ៏សម្បូរបែប ជំនាញផ្នែកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្ម (AdTech) វេទិកាគ្រប់គ្រងទិន្នន័យ និងឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយ ​( media tools)។ ក្នុងនាមជាប្រធានផ្នែកអន្តរកម្ម លោកមានភារកិច្ចក្នុងការបង្កើននូវការបម្រើសេវាកម្ម និងការផ្តល់ជូនប្រកបដោយភាពច្នៃប្រឌិត បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារផ្នែកច្នៃប្រឌិត និងប្រព័ន្ធផ្សព្វផ្សាយ (creative and media teams) ដើម្បីរួមបញ្ចូលបច្ចេកវិទ្យា AdTech ស្តង់ដាសកលចូលទៅក្នុងយុទ្ធនាការផ្សព្វផ្សាយនានារបស់អតិថិជនឲ្យមានប្រសិទ្ធភាព។ លើសពីនេះទៀត កញ្ញា Junnette Hasco ត្រូវបានដំឡើងឋានៈជាប្រធានក្រុមការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ (Media Group) ដោយទទួលបន្ទុកលើការផ្តល់ជូនសេវាផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ក្នុងពេលជាមួយគ្នានេះដែរ កញ្ញា Sarah Louzioui ត្រូវបានតែងតាំងជាប្រធានគ្រប់គ្រងទូទៅនៅក្រុមហ៊ុន ហាវ៉ាស់ សាំប៉ាញ (Havas Champagne) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Havas Cambodia ដែលផ្តល់ជូនសេវាកម្ម 360 ដឺក្រេ ប្រកបដោយភាពច្នៃប្រឌិត និងទំនុកចិត្តខ្ពស់។ កញ្ញា Sarah ជាមនុស្សម្នាក់ដែលពោរពេញទៅដោយចំណេះដឹងក្នុងវិស័យឧស្សាហកម្មនេះ និងមានជំនាញភាពជាអ្នកដឹកនាំយ៉ាងទូលំទូលាយ ដែលបានឆ្លងកាត់ការបំពេញការងារក្នុងបណ្តាស្ថាប័នផ្សេងៗជាច្រើន។ ដោយមាន សមត្ថភាពខ្ពស់ក្នុងការកាន់មុខងារជាប្រធានគ្រប់គ្រងទូទៅ គោលដៅចម្បងរបស់កញ្ញា គឺធានាផ្តល់ជូនអតិថិជននូវដំណោះស្រាយអភិវឌ្ឍន៍អាជីវកម្មដែលគ្របដណ្តប់លើគ្រប់ជ្រុងជ្រោយដោយរួមបញ្ចូលគ្នានូវការយល់ដឹងជាលក្ខណៈយុទ្ធសាស្រ្ត (strategic insights) ភាពច្នៃប្រឌិតខ្ពស់ និងការអនុវត្តដោយភាពវៃឆ្លាតប្រកបដោយការច្នៃប្រឌិត ស្របពេលចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់បទពិសោធន៍នៃប្រព័ន្ធផ្សព្វផ្សាយដ៏មានសារសំខាន់។

ទន្ទឹមនឹងការផ្តល់តម្លៃ និងលើកកិត្តិយសទាំងនេះស្របទៅនឹងសភាពការណ៍វិវត្តន៍ជាក់ស្តែងនៃឧស្សាហកម្មឌីជីថល និងបច្ចេកវិទ្យាផង កញ្ញា Constance Dayot ក៏ត្រូវបានដំឡើងឋានៈជានាយករងផ្នែកធនធានមនុស្ស (HR Associate Director) ផងដែរ។ ក្នុងតួនាទីដែលត្រូវបានដំឡើងនេះ កញ្ញា នឹងមើលការខុសត្រូវលើគំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ដោយធានាថា Agency នឹងនៅតែបន្តទាក់ទាញ និងរក្សាបាននូវបុគ្គលិកជំនាញ និងអ្នកដែលមានទេពកោសល្យកំពូលៗដើម្បីបំពេញការងារឲ្យបានកាន់តែប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងអង្គភាព។

កាន់មុខតំណែងជានាយកផ្នែកគំនិតច្នៃប្រឌិត (Creative Director) លោក គង់ គីណាល់ ជាធនធានមនុស្សដ៏សំខាន់ មានជំនាញវិជ្ជាជីវៈច្បាស់លាស់មួយរូបទៀត ដែលត្រូវបានគេទទួលស្គាល់ជាទូទៅថាជាមនុស្សពូកែខាងការគិតប្រកបដោយទស្សនទាន​ ភាពច្នៃប្រឌិត និងយកចិត្តទុក​ដាក់ខ្ពស់ចំពោះយុទ្ធសាស្ត្រច្នៃប្រឌិតដែលមានមូលដ្ឋានគ្រឹះចាក់ឫសយ៉ាងរឹងមាំគួបផ្សំនឹងភាពប៉ិនប្រសប់របស់លោកក្នុងដឹកនាំការងារសិល្បៈ (art direction) ការរចនាក្រាហ្វិក (graphic design) និងផលិតកម្ម(production) ថែមទៀតផង។

ការបំពេញបន្ថែមលើការតែងតាំងមុខដំណែងថ្មីទាំងនេះ គឺជាការដំឡើងឋានៈ និងការផ្តល់តម្លៃដ៏ប្រសើរចំពោះការខិតខំប្រឹងប្រែងដែលក្រុមការងារសមនឹងទទួលបានបំផុត។ ក្នុងតួនាទីជួយគាំទ្រក្រុមការងារផ្នែកគំនិតច្នៃប្រឌិត កញ្ញា Freddie Bernal និង លោក សៅ បញ្ញារិទ្ធ ក៏ត្រូវបានដំឡើងឋានៈជានាយករងផ្នែកគំនិតច្នៃប្រឌិត (Associate Creative Directors) ផងដែរ។ ស្របពេលជាមួយគ្នានេះលោក​ ជិន ចន្ទពិសាល ត្រូវ​បាន​​ដំឡើង​ឋានៈ​ជា ប្រធានក្រុមគំនិតច្នៃប្រឌិតជាន់ខ្ពស់ (Senior Creative Group Head) ខណៈ លោក ខុន​ សុខមាស ហៅ “ស៊ូជីន” បាន​កាន់​តួនាទី​ជា​ប្រធាន​ក្រុមគំនិតច្នៃប្រឌិត (Creative Group Head) ។ បន្ថែម​ពី​លើ​នេះ លោក អ៊ុយ ច័ន្ទរក្សា ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ផ្នែក​ផលិត​កម្ម​ មានតួនាទីជា​ប្រធានផ្នែក​ផលិតកម្ម (Head of Production)។

ទន្ទឹមនឹងនោះ ផ្នែកស្រាវជ្រាវរបស់ Havas Cambodia គឺ Barefoot ក៏បានដំឡើងឋានៈផងដែរជូនដល់អ្នកជំនាញផ្នែកស្រាវជ្រាវដែលមានបទពិសោធន៍យូរឆ្នាំ កញ្ញា ថ្លែន សុគ្គណ្ណារ៉ា ឲ្យទៅកាន់តួនាទីជានាយកផ្នែកស្រាវជ្រាវ (Research Director) ដែលទទួលខុសត្រូវលើការដឹកនាំគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ការស្រាវជ្រាវថ្មីៗ ក៏ដូចជាជំរុញការអនុវត្តយុទ្ធសាស្ត្រទិន្នន័យអំពីប្រជាជន (people-centric data strategies)។

មានប្រសាសន៍ពាក់ព័ន្ធនឹងស្ថានការណ៍វិវឌ្ឍន៍នាពេលថ្មីៗនេះ  លោក Rastislav Kanuch នាយកប្រតិបត្តិក្រុមហ៊ុន Havas Cambodia បានសម្តែងសុទិដ្ឋិនិយមយ៉ាងដូច្នេះថា «នៅ Havas Cambodia យើងមិនគ្រាន់តែសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនោះទេ យើងក៏ទទួលយកវាដោយក្តីពេញចិត្តផងដែរ​។ ការប្តេជ្ញាចិត្តប្រកប​ដោយឆន្ទៈមនសិការខ្ពស់របស់យើងចំពោះអតិថិជន ដៃគូ និងបុគ្គលិករបស់​យើង​នៅតែមានភាពរឹងមាំជាងពេលណាៗទាំងអស់។ យើងពិតជាមានក្តីរំភើបណាស់ចំពោះថាមពល និងជំនាញថ្មីៗដែលសមាជិកក្រុមរបស់យើងនាំយកមក។ យើងទន្ទឹងរង់ចាំអនា​គតប្រកបដោយឧត្តមភាពច្នៃប្រឌិត និងវឌ្ឍនភាពជាបន្តបន្ទាប់ជាមួយនឹងចីរភាពសម្រាប់ទាំងអស់គ្នា៕

******

អំពី Havas Group

Havas គឺជាក្រុមហ៊ុនទំនាក់ទំនងសកលដ៏ធំបំផុតមួយក្នុងពិភពលោក (global communications groups)។ បង្កើតឡើងក្នុងឆ្នាំ 1835 នៅទីក្រុងប៉ារីស គ្រុប មានបុគ្គលិកចំនួន 20 000 នាក់ ក្នុងបណ្តាប្រទេសជាង 100 ហើយដំណើរការតាមរយៈអង្គភាពអាជីវកម្មចំនួនបីរបស់ខ្លួនដែលគ្របដណ្តប់លើសកម្មភាពទំនាក់ទំនងទាំងអស់ (all communication)។ បេសកកម្មរបស់ក្រុមហ៊ុន Havas Group គឺធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងមានអត្ថន័យចំពោះម៉ាក អាជីវកម្ម និងមនុស្ស។ ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានកាន់តែប្រសើរ Havas បានទទួលយកគំរូអាជីវកម្មរួមបញ្ចូលគ្នាយ៉ាងពេញលេញតាមរយៈ បណ្តុំ Havas 60+ (60+ Havas Villages) នៅជុំវិញពិភពលោក។ នៅក្នុងបណ្តុំទាំងនេះ ក្រុមគំនិតច្នៃប្រឌិត ប្រព័ន្ធផ្សព្វផ្សាយ និងការថែទាំសុខភាព សហការធ្វើការងាររួមគ្នាយ៉ាងល្អ ដើម្បីធានាបាននូវភាពបត់បែន និងផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យគ្មានគូប្រៀបជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈទាំងអស់។ យើងប្ដេជ្ញាចិត្តក្នុងការកសាងវប្បធម៌ចម្រុះ ដែលមនុស្សគ្រប់គ្នាយល់ថាពួកគេជាម្ចាស់កម្មសិទ្ធិលើខ្លួនឯងចំពោះភាពជោគជ័យ និងភាពរីកចម្រើនរួមគ្នា។ Havas Group បានបញ្ចូល Vivendi ក្នុងខែធ្នូ ឆ្នាំ 2017។ ព័ត៌មានបន្ថែមអំពី Havas Group មាននៅលើគេហទំព័ររបស់ក្រុមហ៊ុន៖ havasgroup.com

#MeaningfulDifference

Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T