ភ្នំពេញ៖ នារសៀលថ្ងៃទី31 ខែកក្កដា ឆ្នាំ2023 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំនូវពីធីបើកសម្ពោធសាខាថ្មីរបស់ខ្លួន គឺសាខាខេត្តកំពង់ចាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាខាថ្មីនេះ មានអាសយដ្ឋានស្ថិតនៅលើផ្លូវជាតិលេខ៧ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងលោក រីយ៉ូជិ ហ៊្វូជិតា អគ្គនាយកក្រុមហ៊ុន ព្រមទាំងវត្តមានថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនជាច្រើនកុះករ។


សូមបញ្ជាក់ផងដែរថា គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានដំណើរការអាជីវកម្មរបស់ខ្លួនអស់រយៈពេល ៣០ ឆ្នាំមកហើយ។ ដោយសង្កេតឃើញថា សន្ទុះ និងការគាំទ្រពីអតិថិជនមានការកើនឡើងឥតឈប់ឈរ និងដើម្បីបំពេញតម្រូវការ ក៏ដូចជាដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនផងដែរនោះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្រេចបង្កើតសាខាថ្មីមួយទៀត ដែលមានបម្រើសេវាកម្មដូចជា៖ លក់រថយន្តថ្មី លក់រថយន្តមួយទឹក និងសេវាកម្មភតិសន្យាហិរញ្ញវត្ថុ (បង់រំលស់) ជាដើម។

នាឱកាសនេះលោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានថ្លែងឱ្យបានដឹងថា៖
“ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តកំពង់ចាមថ្មី ត្រូវបានសាងសង់ឡើងដោយបំពាក់ជាមួយនឹងគ្រឿងបរិក្ខារថ្មីៗជាច្រើនកន្លែង ក្នុងអគារតាំងបង្ហាញរថយន្តដ៏ធំទូលាយដែលនឹងផ្តល់អារម្មណ៍ស្រស់ស្រាយ និងផាសុកភាពជូនដល់អតិថិជន និងត្រៀមខ្លួនរួចរាល់ក្នុងការផ្ដល់សេវាកម្មប្រឹក្សារយោបល់អំពីរថយន្តថ្មី និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជូនដល់អតិថិជនដែលនៅក្នុងខេត្តកំពង់ចាម ផ្ទាល់ក៏ដូចជាអតិជនដែលមកពីបណ្តាខេត្តក្រុងផ្សេងៗ ជាពិសេសខេត្តដែលមានព្រំប្រទល់ក្បែរខេត្តកំពង់ចាមផងដែរ។”

បន្ទាប់ពីការពង្រីកសាខាជាច្រើនមកនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសង្ឃឹមយ៉ាងមុតមាំថា សាខាថ្មីនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបំពេញសេចក្តីត្រូវការរបស់អតិថិជនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។


សូមបញ្ជាក់ថា ទីតាំងថ្មីនេះនឹងចាប់ផ្តើមបម្រើសេវាកម្មជាផ្លូវការនៅថ្ងៃទី 01 ខែសីហា ឆ្នាំ2023 នេះតទៅ លោកអ្នកអាចមកទទួលយកបទពិសោធន៍ថ្មី នៅទីតាំងថ្មីនៃក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សាខាខេត្តកំពង់ចាម ចាប់ពីថ្ងៃជូនដំណងនេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៧ ២២២ ០៤៩៕


