ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦៖១៥នាទីល្ងាច ម្ចាស់គណនីហ្វេសប៊ុកម្នាក់មានឈ្មោះថា Nuou Duong Lakhena បង្ហោះវីដេអូចេញពីរថយន្ដរបស់ខ្លួន ដោយបានធ្វើដំណើរចេញពីកន្លែងធ្វើការ ដោយបើករថយន្ដលើដងផ្លូវ ២៧១ ទិសដៅពីត្បូងទៅជើង លុះមកដល់ស្តុប ផ្លូវបំបែក ចុះទៅផ្លូវ ទេពផន និងពេទ្យលោកសង្ឃ មានឧបទ្ទវហេតុ ដែលមានរថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាក Mazda ពណ៌ក្រហមឆ្អិនឆ្អៅ ពាក់ស្លាកលេខ (ភ្នំពេញ 2BG-0265) ធ្វើដំណើរស្របផ្លូវគ្នា បានជិះជ្រែ កៀរគេកៀរឯង អ្នករួមដំណើរពេញតែផ្លូវសាធារណៈ ដែលជាការរំខាន ប៉ះពាល់ដល់ការបើកបររបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរ នៅលើដងផ្លូវនោះ។
ដោយឡែក អ្វីដែលកាន់តែបង្ក ភាពភ្ញាក់ផ្អើល និងហួសចិត្តនោះគឺ រថយន្ដម៉ាក Mazda ពាក់ស្លាកលេខដដែលនោះ បានជិះនៅក្នុងសកម្មភាពបែបនេះទៀត នៅត្រង់ចំណុចស្ដុករង្វង់មូលទួលគោក វេលាម៉ោង ៨៖១៣នាទីយប់ ជាករណីទី២ ក្នុងថ្ងៃតែមួយ ដែលថតចេញពីកាំមេរ៉ាក្នុងរថយន្ដ ហើយវាបង្កជាផងប៉ះពាល់យ៉ាងខ្លាំង ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរួមដំណើរនៅលើដងផ្លូវជាមួយគ្នានោះ។
ដូច្នេះ ជុំវិញហេតុការនេះ មហាជន និងអ្នកលេងបណ្ដាញសង្គម បានបញ្ចេញមតិអារម្មណ៍ ដោយសេចក្ដីខឹងសម្បារទៅលើម្ចាស់រថយន្ដម៉ាក Mazda នោះជាខ្លាំង ថែមទាំងបានសំណូមពរ ឲ្យសមត្ថកិច្ច នគរបាលរាជថានីភ្នំពេញ ជួយស្វែងរកម្ចាស់ឡាននេះ មកអប់រំផង ព្រោះថាការបើកបរបែបនេះ ប្រៀបដូចជាមិនគោរពសិទ្ធិ អ្នកបើកបរផ្លូវជាមួយគ្នា ព្រោះនៅក្នងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដែលករណីទាំងពីរ បានកើតឡើងនៅក្នុងថ្ងៃតែមួយ រថយន្ដតែមួយ ម្ចាស់រថយន្ដរូបនេះ បានបង្កហេតុ និងបង្កើតភាពចលាចល អត់សណ្ដាប់ធ្នាប់ពេញដងផ្លូវផងដែរ៕
សូមទស្សនារូបភាពនឹងវីដេអូខាងក្រោម៖





