អ័រម៉ូនមានតួនាទីសំខាន់ក្នុងដំណើរការលូតលាស់របស់ទារកក្នុងផ្ទៃអំឡុងពេលពពោះ។ យ៉ាងណាមិញ ការប្រែប្រួលអ័រម៉ូន អាចបង្កជាបញ្ហាមួយចំនួនដូចជាអស់កម្លាំង ស្រកទម្ងន់ ថប់បារម្ភ និងប្រែប្រួលអារម្មណ៍។ ជាងនេះទៅទៀត ការប្រែប្រួលអ័រម៉ូន ក៏អាចធ្វើឲ្យស្ត្រីពពោះងាយប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ រួមមានជំងឺទឹកនោមផ្អែម កូនកើតមុនខែ រលូតកូន ឬកូនមិនគ្រប់គីឡូជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាទូទៅ កត្តាធាត់ជ្រុល អាលែកហ្ស៊ី ស្រ្តេស ឬផលប៉ះពាល់នៃថ្នាំមួយចំនួន និងបែបបទរស់នៅមិនល្អ អាចបណ្តាលឲ្យមានការប្រែប្រួលអ័រម៉ូន។ ដូចនេះ តើស្ត្រីពពោះ គួរគ្រប់គ្រងបញ្ហាអតុល្យភាពអ័រម៉ូនតាមវិធីណាខ្លះ?
គន្លឹះគ្រប់គ្រងបញ្ហាអតុល្យភាពអ័រម៉ូនអំឡុងពេលពពោះ
១. ហាត់ប្រាណជាទៀងទាត់
ការបញ្ចេញសកម្មភាពរាងកាយស្រាលៗ មានឥទ្ធិពលខ្លាំងទៅលើសុខភាពអ័រម៉ូន។ ការហាត់ប្រាណមិនត្រឹមតែអាចជួយដល់លំហូរឈាមឲ្យកាន់តែប្រសើរនោះទេ ថែមទាំងអាចបង្កើនរំញោចនៃសរសៃប្រសាទទទួលអ័រម៉ូនផងដែរ។ ប្រសិនបើយើងហាត់ប្រាណជាទៀងទាត់ នោះនឹងអាចកាត់បន្ថយអាការៈឈឺខ្នង និងហានិភ័យនៃជំងឺបម្រុងក្រឡាភ្លើង ក៏ដូចជាបញ្ហាកូនកើតមុនខែ។ លើសពីនេះ ការហាត់ប្រាណក៏អាចជួយឲ្យយើងមានរាងកាយសមសួន និងពង្រឹងសុខភាពបេះដូង និងសរសៃឈាម។ ប៉ុន្តែ ស្ត្រីពពោះ គួរពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញជាមុន មុនចាប់ផ្តើមធ្វើលំហាត់ប្រាណណាមួយ។
២. កាត់បន្ថយការញ៉ាំជាតិស្ករ
ការកាត់បន្ថយកម្រិតជាតិស្ករ អាចជួយបង្កើនប្រសិទ្ធភាពមុខងារអ័រម៉ូន និងបញ្ចៀសភាពធាត់ ជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ។ ផ្លែឈើស្រស់ ជាប្រភពនៃសារធាតុចិញ្ចឹមដែលម៉ាក់ៗមិនគួររំលង។ ម៉ាក់ៗគួរជៀសវាងញ៉ាំភេសជ្ជៈបន្ថែមស្ករ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
៣. គេងឲ្យបានគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងឲ្យបានស្កប់ស្កល់ អាចជួយឲ្យរាងកាយបានសម្រាក និងបំពេញថាមពលឡើងវិញ។ ផ្ទុយទៅវិញ ការគេងមិនគ្រប់គ្រាន់ មានទំនាក់ទំនងជាមួយនឹងអតុល្យភាពនៃអ័រម៉ូនជាច្រើន ដូចជាអាំងស៊ុយលីន cortisol, leptin, ghrelin, និង HGH ដោយធ្វើឲ្យកម្រិតអ័រម៉ូនធ្លាក់ចុះ បង្កើនចំណង់អាហារ និងអ័រម៉ូនស្រ្តេស។
៤. កាត់បន្ថយស្រ្តេស
ស្រ្តេសអំឡុងពេលពពោះ បង្កផលអវិជ្ជមានដល់ទាំងសុខភាពម៉ាក់ និងទារកក្នុងផ្ទៃ។ ដូច្នេះហើយ ម៉ាក់ៗគប្បីគ្រប់គ្រងស្រ្តេសឲ្យបានល្អ ដោយការធ្វើសមាធិ ហាត់យូហ្គា និងធ្វើសកម្មភាពកំសាន្តសប្បាយ ដើម្បីកាត់បន្ថយកម្រិតស្រ្តេស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet