បរទេស៖ ខ្សែប្រយុទ្ធ Marcus Rashford នៃក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា បានច្រានចោលសំណើ ៤០ម៉ឺនផោន ក្នុងមួយសប្តាហ៍ (ឬប្រមាណ៤៩ម៉ឺនដុល្លារ) ពីក្លិប Paris Saint-Germain ។

ជម្រើសជាតិអង់គ្លេស ធ្លាប់មានបំណងចង់ចាកចេញពីក្លិបកាលពីរដូវកាលមុនក្រោមការដឹកនាំ របស់គ្រូបង្វឹកបណ្ដោះអាសន្នលោក Ralf Rangnick ដោយសារតែមិនសប្បាយចិត្ត រឿងមិនសូវបានចូលលេង។ ជាមួយគ្នានេះ ក្លិប PSG បានព្យាយាម យ៉ាងខ្លាង ក្នុងការប្រមាញ់យក Rashford ទៅកាន់ទឹកដី បារាំង ។
ជាក់ស្ដែងកាលពីរដូវក្ដៅឆ្នាំមុន ក្លិប PSG បានដាក់សំណើផ្ដល់ប្រាក់ឈ្នួលឲ្យ Rashford ដល់ទៅ៤សែនផោន ឯណោះ ក្នុងមួយសប្ដាហ៍ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Athletic ។

ប្រភពដដែលបានបន្ថែមទៀតថា ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំ បានសម្រេចចិត្តច្រានចោលសំណើ របស់ PSG ដោយបន្តស្នាក់នៅក្លិប Man UTD ជាបន្តទៀត ។
គួរបញ្ជាក់ដែរថា Rashford កំពុងធ្វើការចរចា បន្តកុងត្រាថ្មីជាមួយក្លិប បន្ទាប់ពីរដូវកាលនេះ គេកំពុងឡើងជើងខ្លាំង ដោយរកបាន២៧គ្រាប់មកហើយ ថែមទាំងបញ្ជូនបាន៩គ្រាប់ទៀត ក្នុងការបង្ហាញខ្លួនសរុប ៤៤ប្រកួត គិតគ្រប់ព្រឹត្តិការណ៍ទាំងអស់៕
ប្រភព៖ dailymail.