អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការ​ញ៉ាំមឹក!

//s9.kh1.co/fc/fc6487782f9acda7f23e92a3e690443aef5f9170.jpg
យល់ដឹង

 ២៨-វិច្ឆិកា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ការញ៉ាំអាហារដែលមានកូលេស្ដេរ៉ូលខ្ពស់អាចបណ្ដាលកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម បណ្ដាលឲ្យស្ទះសរសៃ​ឈាម និងងាយប៉ះពាល់ដល់សុខភាពបេះដូងបំផុត។

ការញ៉ាំអាហារដែលមានកូលេស្ដេរ៉ូលខ្ពស់អាចបណ្ដាលកើនឡើងកំណកខ្លាញ់ក្នុងសរសៃឈាម បណ្ដាលឲ្យស្ទះសរសៃ​ឈាម និងងាយប៉ះពាល់ដល់សុខភាពបេះដូងបំផុត ពិសេសបើសម្រាប់អ្នកមានជំងឺខ្សោយបេះដូងស្រាប់ គឺគ្រោះថ្នាក់ជាងអ្នកមានសុខភាពធម្មតា។ ដូច្នេះអ្នកជំងឺខ្សោយបេះដូង បន្ទាប់ពីការព្យាបាល គ្រូពេទ្យ​ក៏តែង​ណែនាំឲ្យជៀសវាងពីប្រភេទអាហារណាដែលមានកូលេស្ដេរ៉ូលខ្ពស់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាហារគ្រឿងសមុទ្រយើងភាគច្រើនដឹងត្រឹមថា ជាប្រភេទអាហារដែលពេញនិយមព្រោះមានរសជាតិឆ្ងាញ់ និង អត្ថប្រយោជន៍ក៏ច្រើនផងដែរសម្រាប់សុខភាព។ តួយ៉ាងដូចជា ប្រូតេអ៊ីន វីតាមីន អាស៊ីតខ្លាញ់ ជាតិរ៉ែ មានច្រើននៅលើពពួកអាហារសមុទ្រ ហើយសារធាតុទាំងអស់នោះក៏ជាផ្នែកមួយជួយដល់សុខភាពបេះ​ដូង និងសរសៃឈាមឲ្យដំណើរការល្អផងដែរ។

តើអាហារសមុទ្រប្រភេទណាដែលត្រូវបានហាមប្រាមចំពោះអ្នកជំងឺខ្សោយបេះដូង?

អាហារសមុទ្រមួយប្រភេទដែលគ្រូពេទ្យណែនាំអ្នកជំងឺខ្សោយបេះដូងគួរកាត់បន្ថយញ៉ាំនោះគឺ ពពួកមឹកបំពង់។ មឹកបំពង់ស្រស់ក្នុងបរិមាណ ១០០ក្រាម មានផ្ទុក កូលេសេ្ដរ៉ូល ១៩៨ មិល្លីក្រាម ពិសេសក្នុងករណីដែលមឹកត្រូវយកទៅចម្អិនជា ម្ហូបឆា ចៀន បំពង ដោយមិនបានប្រើប្រាស់ខ្លាញ់សុខភាព នោះបរិមាណកូលេស្ដេរ៉ូល កើនឡើងកាន់តែខ្ពស់ បរិមាណមឹក ១០០ក្រាម មានផ្ទុកកូលសេ្ដរ៉ូលដល់ទៅ ២៦០ មិល្លីក្រាម។

យោងតាមការចុះផ្សាយរបស់ សមាគមន៍បេះដូងអាមេរិក បានបង្ហាញថា អ្នកជំងឺខ្សោយបេះដូង ការញ៉ាំអាហារដោយសុវត្ថិភាពគឺកំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី២០០មិល្លីក្រាមក្នុងមួយថ្ងៃ សម្រាប់អ្នកមានសុខភាពសុខធម្មតាក៏កំណត់បរិមាណកូលេស្ដេរ៉ូល មិនលើសពី៣០០ មិល្លីក្រាមនោះដែរ មិនដូច្នោះអាច​ប្រឈមនឹងការប៉ះពាល់ដល់សុខភាពបេះដូង។

មួយវិញទៀត មឹក ជាប្រភេទអាហារសមុទ្រដែលមានកម្រិត សូដ្យូមខ្ពស់ មឹក ១១៣ក្រាម មានផ្ទុកជាតិសូដ្យូម ៤៦០មិល្លីក្រាម ស្មើនឹង ២០% នៃចំនួន ចំនួនសូដ្យូមដែលរាង​កាយ​ត្រូវ​ការប្រចាំថ្ងៃ។ ដូច្នេះសម្រាប់អ្នកជំងឺបេះដូង គួរតែកាត់បន្ថយការញ៉ាំមឹក ព្រោះអាចបង្កគ្រោះថ្នាក់បាន​។

វិធីចម្អិនមឹកដើម្បី​កាត់បន្ថយកូលេស្ដេរ៉ូល

ដោយសារមឹកបំពង់ក៏ជាប្រភេទអាហារសម្បូរសារធាតុចិញ្ចឹមជំនួយសុខភាព ដូច្នេះយើងអាចជ្រើសរើសវិធីចម្អិនដែលអាចកាត់បន្ថយជាតិកូលេស្ដេរ៉ូលបាន ដូចជាការស្ងោរ ចំហុយ អាំង ឬដុត។ ព្រោះវិធីទាំងនេះ​​អាចបញ្ចុះកំហាប់កូលេស្ដេរ៉ូលក្នុងសាច់មឹកបាន ឬមួយក៏ឆា ចៀន បំពងដោយប្រើប្រេងឆាសុខភាពមានកំហាប់ជាតិខ្លាញ់​ទាប ដូចជាប្រេងអូលីវ និង ប្រេងផលិតពីគ្រាប់ធញ្ញជាតិ។ ម្យ៉ាងវិញទៀត យើងក៏អាចញ៉ាំមឹកជាមួយនឹងប្រភេទបន្លែ ផ្សេងៗដែលមានផ្ទុកវីតាមីន C មានប៉េងប៉ោះ សាឡាត់ជាដើម។ ប៉ុន្ដែចូលចងចាំថា អ្នកជំងឺបេះដូងមិន​អាចញ៉ាំច្រើនបានទេ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T