បរទេស៖ លោក William Gallas គិតថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចបន្តផ្លាស់ទៅ Chelsea នៅពេលគាត់ចាកចេញពី Man Utd បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ World Cup ។

កីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសប្តាហ៍នេះ បន្ទាប់ពីកិច្ចសម្ភាសន៍ដ៏ផ្ទុះមួយជាមួយលោក Piers Morgan ដែលបានចាក់ផ្សាយតាមទូរទស្សន៍ Talk TV ខណៈភាគទី២ នឹងចេញផ្សាយនៅចុងសប្ដាហ៍នេះ។
តាមរយៈការរិះគន់ក្លឹប និងលោក Ten Hag បានបង្ហាញឲ្យឃើញថា Ronaldo មានភាគរយតិចណាស់ នឹងបន្តនៅទឹកដី Old Trafford។

ជាមួយគ្នានេះ អតីតខ្សែការពារក្លិបកាំភ្លើងធំ Arsenal និង Tottenham លោក Gallas គិតថា Chelsea អាចជាក្លិបបន្ទាប់របស់ Ronaldo ។
Gallas បានលើកឡើងយ៉ាងដូច្នេះ ថា៖
ខ្ញុំគិតថា Cristiano Ronaldo នឹងចាកចេញពី Manchester United បន្ទាប់ពី World Cup ។ ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេដែលឃើញគាត់ទៅ Chelsea។ គាត់ហ៊ាននិយាយត្រង់ និងនិយាយចេញពីបេះដូង ហើយខ្ញុំគិតថាគ្រប់គ្នាភ្ញាក់ផ្អើលបន្តិចចំពោះអ្វីដែលបានកើតឡើងចំពោះគាត់នៅ United ក្នុងរដូវកាលនេះ។
