បរទេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានក្លិប Borussia Dortmund ប្រាប់ពីតម្លៃរបស់កីឡាករ Youssoufa Moukoko ហើយ ប្រសិនបើក្លិបយក្សអង់គ្លេសចង់ផ្ទេរយកតារាវ័យក្មេងរូបនេះ ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាមសារព័ត៌មានអាល្លឺម៉ង់ Sport Bild (តាមរយៈ Mirror) បានឲ្យដឹងថា តារាឆ្នើម Dortmund ខាងលើ អាចផ្ទេរយកក្នុងតម្លៃត្រឹមតែ ២៦,២ លានផោន (ឬប្រមាណ ៣០លានដុល្លារ) ប៉ុណ្ណោះ។

Moukoko មានទម្រង់លេងដ៏អស្ចារ្យសម្រាប់ក្រុម Dortmund ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ ដងក្នុងការបង្ហាញខ្លួន ២២លើក នៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ។
កិច្ចសន្យារបស់កីឡាករវ័យ ១៧ ឆ្នាំនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ២០២៣ ហើយនេះក៏ជាក្ដីបារម្ភសម្រាប់ Dortmund ដែលពួកគេអាចនឹងបាត់បង់តារាវ័យជំទង់រូបនេះ ដោយពុំមានតម្លៃខ្លួន ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀង លើកិច្ចសន្យាថ្មីនៅខែមករាខាងមុខ។ ដូច្នេះ Man UTD អាចទាញយកអត្ថប្រយោជន៍ពីស្ថានភាពនេះ និងចូលខ្លួនប្រមាញ់យក Moukoko ដោយគ្មានចំណាយអ្វីមួយសេន។

បន្ថែមពីនេះ បើតាម សារព័ត៌មានអេស្ប៉ាញ Cadena Ser (តាមរយៈ TeamTalk) បានរាយការណ៍ថា Man United ក៏កំពុងរៀបចំផែនការផ្ទេរសម្រាប់ Joao Felix របស់ Atletico Madrid ផងដែរ បន្ទាប់ពីបានដឹងថាមានការបញ្ចុះតម្លៃខ្លួន។

ជាក់ស្ដែង ក្រុមរបស់ Erik ten Hag ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់ខាងលើ ប៉ុន្តែមិនទាន់មានការចរចា ដោយសារបញ្ហាតម្លៃខ្លួនដ៏ខ្ពស់ដល់ទៅ ១០០ លានអឺរ៉ូ (ឬប្រមាណ១០៣លានដុល្លារ) ។ យ៉ាងណាមិញ ដំណឹងចុងក្រោយនេះ បានឲ្យដឹងថា ក្រុមរបស់លោក Diego Simeone មានឆន្ទៈក្នុងការអនុញ្ញាតឱ្យ Felix ចាកចេញក្នុងតម្លៃតិចជាង ៦០លានអឺរ៉ូ (ឬប្រហែល ៦២លានដុល្លារ) ។

Felix វ័យ២៣ឆ្នាំ ហាក់លែងស្ថិតក្នុងជម្រើសរបស់លោក Simone ។ តួយ៉ាងជម្រើសជាតិព័រទុយកាល់រូបនេះ ខានជាប់ជម្រើសដំបូង តាំងពីជំនួប ទល់នឹងក្រុម Real Madrid កាលពីខែកញ្ញា មកម្ល៉េះ៕
ប្រភព៖ AF