យល់ដឹង៖ ដូចដែលមនុស្សស្រីគ្រប់គ្នាបានដឹងរួចមកហើយ ថាការរៀបការមិនមែនជារឿងដែលអាចលែងសើចបាននោះទេ ព្រោះបើសម្រេចចិត្តខុសម្តងហើយ គឺខុសអស់មួយជីវិត ទើបអ្នករាល់គ្នាត្រូវមានការគិតគូពិចារណាឱ្យបានហ្មត់ចត់ជាមុនសិន សឹមរៀបការ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត មនុស្សស្រីដែលមិនទាន់រៀបការ គួរណាតែយកពេលមកដឹងពីរឿងមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដើម្បីធ្វើជាចំណេះដឹងមួយ មុននឹងធ្វើការសម្រេចចិត្តដើរលើផ្លូវជីវិតគូ ជាមួយនឹងមនុស្សប្រុសណាម្នាក់ ទើបមិនងាយធ្វើមានការស្តាយក្រោយ។
រឿង៤យ៉ាង ដែលមនុស្សស្រីមិនទាន់រៀបការគួរដឹង៖
១. ជីវិតប្តីប្រពន្ធ មិនដូចជីវិតគូសង្សារ

ជាការពិតណាស់ ជីវិតប្តីប្រពន្ធ មិនដូចជាជីវិតជាគូសង្សារឡើយ គឺមានភាពខុសគ្នាស្ទើរតែទាំងស្រុង បន្ទុកនិងបញ្ហាកើតមានមិនចេះចប់ ទើបមនុស្សស្រីដែលមិនទាន់រៀបការគ្រប់រូប គួរតែបានដឹងពីរឿងនេះ ដើម្បីមានការត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមទៅនឹងរឿងទាំងនេះ លើសពីនេះ អាចឱ្យមនុស្សស្រីយកទៅពិចារណា មុននឹងសម្រេចចិត្ត ព្រោះបើគ្មានការត្រៀមខ្លួនទុកជាមុន វាអាចនឹងពិបាកក្រោយពេលរៀបការរួច។
២. មានទំនួលខុសត្រូវខ្ពស់

មនុស្សស្រីរៀបការរួច មិនត្រឹមតែដើរតួនាទីជាប្រពន្ធគេទេ រៀបការហើយក៏ត្រូវដើរតួនាទីជាម្តាយគេដែរ ដូច្នេះវាទាមទារឱ្យមនុស្សស្រី រៀនធ្វើខ្លួនឱ្យមានទំនួលខុសត្រូវខ្ពស់ក្នុងការមើលថែ និងចិញ្ចឹមបីបាច់កូន ហេតុនេះហើយសម្រាប់មនុស្សស្រី ត្រូវដឹងនិងស្វែងយល់ពីរឿងនេះឱ្យបានច្បាស់ ព្រោះការត្រៀមខ្លួនធ្វើជាប្រពន្ធ ធ្វើជាម្តាយគេវាមិនងាយស្រួលដូចជាការគិតឡើយ។
៣. គ្មានពេលវេលាច្រើន

ទាន់នៅមានពេលវេលា និងឱកាសច្រើន ចង់ធ្វើអ្វី ក៏ធ្វើភ្លាមៗទៅ ព្រោះក្រោយពេលដែលរៀបការមានប្តីហើយ នឹងគ្មានពេលវេលាផ្ទាល់ខ្លួនច្រើនឡើយ គឺត្រូវចំណាយទៅលើគ្រួសារស្ទើរតែទាំងអស់ បែបនេះហើយ បើមិនចង់ស្តាយក្រោយ ចំពោះអ្វីដែលមិនបានធ្វើ មនុស្សស្រីត្រូវប្រញាប់ធ្វើអ្វីដែលខ្លួនចង់ធ្វើឱ្យហើយ ចាំរៀបការក៏វាមិនហួសពេលដែរ។
៤. ត្រូវការភាពអត់ធ្មត់

ជាទូទៅ មនុស្សស្រីនៅពេលដែលខឹង ឬមានអារម្មណ៍មិនល្អម្តងៗ គឺមិនសូវជាចេះទប់អារម្មណ៍ខ្លួនឯងប៉ុន្មាននោះទេ តែរៀបការមានប្តីហើយ វាមិនដូចជាពេលនៅលីវ ដែលធ្វើអ្វីមិនចេះគិតមុខ គិតក្រោយនោះទេ អញ្ចឹងហើយ មនុស្សស្រីដែលមិនទាន់រៀបការត្រូវដឹង និងគួរតែរៀនហ្វឹកហាត់ចិត្តខ្លួនឯងឱ្យចេះអត់ធ្មត់ខ្លះ ទើបពេលមានប្តី មិនធ្វើឱ្យជីវិតគូឆាប់បែកបាក់គ្នា៕