យល់ដឹង៖ ជាការពិត ការដែលធ្វើជាមនុស្សម្នាក់ដែលមានភាពស្មោះត្រង់ និងមិនចេះលាក់ពុត វាជារឿងល្អបំផុត ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនអ្នកកាន់តែចូលចិត្តអ្នក តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកមិនគួរបញ្ចេញរឿងរ៉ាវគ្រប់យ៉ាងឱ្យមនុស្សជុំវិញខ្លួនបានដឹងដែរ។
ជាងនេះទៅទៀត ចំពោះរឿងសំខាន់ៗមួយចំនួន នៅក្នុងជីវិតរបស់អ្នកដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ដែលអ្នកគ្រប់គ្នាមិនគួរបញ្ចេញវាមកខាងក្រៅពេកនោះទេ ព្រោះមិនប្រាកដថាមនុស្សដែលនៅជុំវិញខ្លួនអ្នក សុទ្ធតែជាមនុស្សល្អ ឬជាមនុស្សដែលអ្នកគួរតែទុកចិត្តបាននោះទេ។
មិនចេះលាក់ពុតជារឿងល្អ តែរឿង៣យ៉ាងនេះ គួរតែកុំបញ្ចេញពេក៖
១. លុយកាក់ ទ្រព្យសម្បត្តិដែលមាន

វាមិនមែនជារឿងដែលល្អនោះទេ នៅពេលដែលអ្នកបញ្ចេញលុយកាក់ ឬទ្រព្យសម្បត្តិដែលអ្នកមានទាំងប៉ុន្មានឱ្យមនុស្សជុំវិញខ្លួនបានដឹងនោះ ព្រោះវាគ្មានផលល្អដល់ខ្លួនអ្នកឡើយ ម្យ៉ាងមនុស្សម្នាក់ៗសុទ្ធតែមានការយល់ឃើញខុសៗគ្នា ហើយអ្នកក៏មិនដឹងថាមនុស្សជុំវិញខ្លួនអ្នកគិតអ្វីដែរ ដូច្នេះទោះអ្នកជាមនុស្សនិយាយត្រង់ៗ មិនចេះលាក់ពុតអ្វីក៏ដោយ ក៏មិនគួរបញ្ចេញរឿងទាំងនេះមកទេ។
២. បញ្ហានៅក្នុងគ្រួសារ

រឿងរ៉ាវបញ្ហាដែលកើតមាននៅក្នុងគ្រួសាររបស់អ្នក មានតែក្រុមគ្រួសារអ្នកតែប៉ុណ្ណោះដែលដឹងច្បាស់ និងអាចយល់ពីអារម្មណ៍ដែលអ្នកកំពុងតែមាន ហេតុនេះ ចំពោះបញ្ហានៅក្នុងគ្រួសារនេះមួយ អ្នកមិនគួរបញ្ចេញឱ្យអ្នកដទៃបានដឹងលឺច្រើនពេកនោះទេ ព្រោះគេអាចនឹងយកទៅនិយាយអ្វីមិនល្អនៅពីក្រោយខ្នងអ្នក លើសពីនេះ អ្នកដទៃ គេចាំតែសើចយំជីវិតអ្នកតែប៉ុណ្ណោះ។
៣. ចំណុចខ្សោយរបស់ខ្លួន

បើទោះបីមនុស្សគ្រប់គ្នា គ្មានអ្នកណាកើតមកល្អឥតខ្ជោះក៏ពិតមែន ហើយអ្នកជាមនុស្សមិនចេះលាក់ពុតក៏ដោយ ក៏អ្នកមិនគួរបញ្ចេញចំណុចខ្សោយរបស់ខ្លួន ឱ្យមនុស្សជុំវិញខ្លួនបានដឹងច្រើនពេកនោះទេ ព្រោះវាមិនល្អដល់ខ្លួនអ្នកឡើយ ព្រោះអ្នកមិនដឹងថាអ្នកណាចូលចិត្ត ឬមិនចូលចិត្តអ្នកពិតឡើយ ហើយអ្នកដទៃ គេចាំតែបំបាក់អ្នកគ្រប់ពេលតែប៉ុណ្ណោះ ដូច្នេះចំណុចខ្សោយរបស់ខ្លួនឯង គួរតែកុំបញ្ចេញមកខាងក្រៅ៕