មុនអ័រម៉ូន ច្រើនកើតឡើងលើអ្នកមានវ័យនៅចន្លោះអាយុ២០ឆ្នាំ ដល់៥០ឆ្នាំ និងមានទម្រង់ជាមុនក្បាលខ្មៅ មុនក្បាលស ឬប្រភេទគីសតែម្ដង។ មុនប្រភេទនេះ ទាក់ទងនឹងការផលិតជាតិខ្លាញ់ច្រើនលើសលប់ ដែលធ្វើឲ្យស្ទះរន្ធញើស និងបង្កឲ្យកើតមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនអ័រម៉ូនកើតឡើងបណ្ដាលមកពីអ្វី?
មុនប្រភេទនេះ កើតឡើងដោយសារតែការស្ទះរន្ធញើស នៅពេលដែលមានបម្រែបម្រួលអ័រម៉ូន ដែលជាហេតុនាំឲ្យមានការផលិតជាតិខ្លាញ់ច្រើនជ្រុល។ ជាតិខ្លាញ់ដែលប្រមូលផ្ដុំទៅដោយបាក់តេរីនៅក្នុងរន្ធញើស អាចបង្កជាការកើតមុន។ការស្ទះរន្ធញើសបណ្ដាលមកពី៖
- ការផលិតជាតិខ្លាញ់ជ្រុល
- កោសិកាស្បែកដែលងាប់
- បាក់តេរី
មូលហេតុនៃមុនអ័រម៉ូន ដែលយើងអាចគ្រប់គ្រងបាន
- ស្រ្តេស
- គេងមិនគ្រប់គ្រាន់
- ប្រើសាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែកដែលមានជាតិខ្លាញ់ ឬមានសារធាតុផ្សំដែលនាំឲ្យស្ទះរន្ធញើស។
មូលហេតុនៃការឡើងមុនអ័រម៉ូន ដែលយើងមិនអាចគ្រប់គ្រងបាន
- ប្រែប្រួលកម្រិតអ័រម៉ូន នៅអំឡុងពេលមករដូវ រដូវមិនទៀង មានផ្ទៃពោះ ឈប់ប្រើប្រាស់ថ្នាំពន្យារកំណើត
- ប្រវត្តិគ្រួសារកើតមុន
- ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំប្រភេទSteroid។
កត្តាអ្វីដែលធ្វើឲ្យមុនអ័រម៉ូនកាន់តែយ៉ាប់យ៉ឺន?
- ស្រ្តេស
- ការបំពុលបរិយាកាស
- ជាតិសំណើមខ្ពស់
- ការញេច ឬកេះមុន
- របបអាហារមិនល្អ ជាពិសេសកាបូអ៊ីដ្រាតចម្រាញ់ និងជាតិស្ករ
គន្លឹះបង្ការ និងព្យាបាលបញ្ហាមុនអ័រម៉ូន
- សម្អាតស្បែកឲ្យបានស្អាតល្អចំនួន២ដងក្នុងមួយថ្ងៃ ជាមួយហ្វូមដែលមានសារធាតុផ្សំពីSalicylic ឬGlycolic acids និងផ្ដល់សំណើមដល់ស្បែកជាទៀងទាត់ ដើម្បីឲ្យជាតិខ្លាញ់នៃស្បែកមានតុល្យភាព
- គ្រប់គ្រងស្រ្តេសឲ្យបានល្អ ដោយធ្វើលំហាត់ប្រាណ ធ្វើសមាធិ ហាត់យូហ្គា អានសៀវភៅ
- គេងឲ្យបានគ្រប់គ្រាន់ចន្លោះពី៧ ទៅ៨ម៉ោងក្នុងមួយថ្ងៃ
- បញ្ចូលរបបអាហារប្រឆាំងនឹងការរលាក និងប្រឆាំងនឹងអុកស៊ីតកម្ម ដើម្បីជួយទ្រទ្រង់តុល្យភាពអ័រម៉ូន ដូចជាអាហារដែលផ្ទុកProbiotic (ទឹកដោះគោជូរ គីមឈី) អាហារសម្បូរទៅដោយវីតាមីនA និងC (ផ្លែប៊ឺរី ស្ពៃពួយឡេង ការ៉ុត និងផ្លែក្រូច) ព្រមទាំងអាហារដែលមានជាតិសរសៃ (បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ)
ចំណុចសំខាន់
មុនអ័រម៉ូន កើតឡើងដោយសារតែការស្ទះរន្ធញើស នៅពេលដែលស្បែករបស់យើងផលិតជាតិខ្លាញ់ច្រើនជ្រុល។ កត្តាមួយចំនួន ដូចជាស្ត្រេស គេងមិនគ្រប់គ្រាន់ ឬប្រើផលិតផលថែរក្សាស្បែកមុខ ឬស្បែកក្បាលមិនត្រឹមត្រូវ ក៏អាចបង្កឲ្យកើតមុនអ័រម៉ូនដែរ។ បន្ថែមពីនេះ គ្នាយើងមិនអាចបង្ការមុនអ័រម៉ូន ដែលកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូន អំឡុងពេលមករដូវ រដូវមិនទៀង ការមានផ្ទៃពោះឡើយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet