អេស្ប៉ាញ៖ យោងតាមសារព័ត៌មាន Laia Tudel បានបង្ហើបឲ្យដឹងថា ក្លិប Barcelona នៅជំពាក់បំណុលក្លិបបាល់ទាត់ផ្សេងទៀតចំនួន៤ ពាក់ព័ន្ធនឹងការទិញយកកីឡាករ៥នាក់។

ប្រាក់សរុបដែល Barca ជំពាក់នោះគឺគិតជារួម ១៤៤លានដុល្លារឯណោះ។

ក្នុងនោះ ក្លិបយក្សនៅតំបន់កាតាឡាន់មួយនេះបានជំពាក់ប្រាក់ ១៤លានដុល្លារ ពីក្លិប Liverpool ក្នុងការទិញយកខ្សែបម្រើ Phillipe Coutinho កាលពីឆ្នាំ២០១៨ ដោយ Coutinho ពេលនេះបានចាកចេញពី Barca ដោយផ្លាស់មក Aston Villa វិញ។

ក្លិបទី២ដែល Barca នៅជំពាក់បំណុលគឺ Ajax លើការទិញដូរកីឡាករពីររូបគឺ Frenkie De jong បូកនឹង Sergino Dest ដែលសរុបជាទឹកប្រាក់គឺ ៤២លានដុល្លារ។

ក្លិបទី៣នោះគឺក្លិបសេះបង្កង់ Juventus ។កាលពីពីរឆ្នាំមុន Barcelona បានទិញយក Miralem Pjanic ដោយប្ដូរកីឡាករ Artur Melo ឲ្យទៅ Juventus តែ Barca បានសន្យាថានឹងឲ្យប្រាក់ខ្ទង់ ៣៦លានដុល្លារ ទៅក្លិបនៅអ៊ីតាលីមួយនេះ។

ក្លិបចុងក្រោយដែល Barca នៅជំពាក់គឺ Manchester City ទាក់ទងនឹងការទិញយក ខ្សែប្រយុទ្ធ Ferran Torres ក្នុងតម្លៃ៥២លានដុល្លារ ប៉ុន្តែ Barca បានសងខ្លះហើយគឺខ្ទង់១០លានដុល្លារ៕

ប្រភព៖ sportskeeda