អឺរ៉ុប៖ ម្តាយរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo គឺអ្នកស្រី Dolores Aveiro បានបញ្ជាក់ច្បាស់ៗថាលោកស្រីចង់ឲ្យកូនប្រុសរបស់ខ្លួនផ្ទេរទៅលេងនៅក្លិប Sporting Lisbon ឲ្យបានមុនចូលនិវត្តន៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo ដែលមានវ័យ៣៧ឆ្នាំទៅហើយ បានបញ្ជាក់កាលពីថ្មីៗនេះទេគេចង់លេងបាល់រហូតដល់អាយុ៤០ឆ្នាំនិងចង់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិព័រទុយកាល់នៅព្រឹត្តិការណ៍ Euro 2024 បន្តទៀតព្រោះគេនៅមានមហច្ឆិតាលើវាលស្មៅដដែល។

យ៉ាងណាមិញ ស្របពេលដំណឹងនៃការចង់ចាកចេញពី Manchester United ផ្ទុះឡើងកាលពីរដូវក្ដៅនេះ ឥលូវស្រាប់តែអ្នកស្រី Dolores បានបង្ហាញពីគោលបំណងចង់ឲ្យកូនប្រុសវិលទៅលេងនៅ Sporting Lisbon ប្រទេសព័រទុយកាល់វិញដែលជាអតីតក្លិប Ronaldo ធ្លាប់លេងឲ្យមុនផ្លាស់មក Man UTD នៅឆ្នាំ២០០៣។

លោកស្រី Dolores Aveiro បាននិយាយថា៖
ខ្ញុំគិតថាការវិលត្រឡប់មក Sporting គឺពិតជាអាចកើតឡើងប៉ុន្តែមិនមែនពេលនេះទេ។ នេះមិនមែនជាឆ្នាំដែលត្រូវផ្ទេរទៅទីនោះទេ ប្រហែលឆ្នាំក្រោយគឺអាច។ ឆ្នាំនេះ ឬឆ្នាំក្រោយគឺប្រហែលអាចកើតឡើងតាមបំណងរបស់ព្រះ។ ខ្ញុំបានពន្យល់ទៅកាន់គេថា កូនប្រុសអើយ ខ្ញុំចង់ឃើញអ្នកពាក់អាវ Sporting ម្ដងទៀត។បើ Ronaldo មិនទៅ អ៊ីចឹងកូនរបស់គេគឺ Cristininho នឹងផ្ទេរទៅ។នេះជាវាសនារបស់គេ។ នៅអាយុប៉ុណ្ណេះ គេលេងពូកែជាងប៉ារបស់គេទៅទៀត។អ្នកដែលអាចស្នង Cristiano បានគឺ Cristianinho នេះឯង។គេបាននិយាយរួចហើយថាគេចង់រស់នៅ Lisbon និងលេងឲ្យ Sporting ។បើពួកគេទាំងពីរផ្ទេរទៅ គឺវាជាក្ដីសុបិនរបស់ខ្ញុំ។

ប្រភព៖ mirror