បរទេស៖ លោក Eduard Romeu ប្រធានសេដ្ឋកិច្ចរបស់ Barcelona បានអះអាងថា ការវិលត្រឡប់របស់ Lionel Messi មកកាន់ទឹកដី Camp Nou វិញ គឺអាចទៅរួចសម្រាប់រដូវកាលក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីរដូវក្តៅឆ្នាំ ២០២០ កន្លងទៅ គ្រប់គ្នាពិតជាភ្ញាក់ផ្អើលមែនទែន បន្ទាប់ពី Messi ដែលជាវីរបុរសរបស់ Barca បានចាកចេញពីទឹកដី អេស្ប៉ាញ ទៅកាន់ក្រុម Paris Saint-Germain ដោយគ្មានតម្លៃ ដោយសារតែក្លិបអ្នកមានបុណ្យជួបប្រទះនូវវិបត្តិហិរញ្ញវត្ថុ មិនអាចបន្តកុងត្រាថ្មីឱ្យខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន រូបនេះបាន។

យ៉ាងណាមិញ សម្រាប់រយៈពេលក្រោយៗមក អ្នកគាំទ្រពិតជាចង់ឃើញ Messi ត្រឡប់មកកាន់ទឹកដី Camp Nou វិញមែនទែន ហើយសូម្បី Messi ផ្ទាល់ក៏មានបំណងចង់វិលត្រឡប់មកកាន់ទ្រនំចាស់វិញដែរ, ខណៈថ្មីៗនេះលោក Romeu ស្រាប់តែបានបង្ហើបថា លទ្ធភាពក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំត្រឡប់មកវិញគឺអាចទៅរួចនៅរដូវកាលក្រោយ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុ El Mati de Catalunya លោក Romeu បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
វាអាចទៅរួចទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ពីព្រោះប្រសិនបើគាត់ត្រឡប់មកមែន នោះគាត់នឹងផ្ទេរមកក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។... គាត់គឺជានិមិត្តរូបតំណាងរបស់ក្លិប។ នេះនៅតែជាផ្ទះរបស់គាត់ជានិច្ច ប៉ុន្តែវានឹងក្លាយជាការសម្រេចបែបបច្ចេកទេសមួយ ប្រសិនបើគាត់ត្រឡប់មកវិញ៕
ប្រភព៖ Daily Mail