បរទេស៖ Dani Alves អតីតវីរបុរសរបស់ FC Barcelona បានលើកឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយគាត់បាននិយាយស្ងើចសរសើរអំពី Cristiano Ronaldo ជាខ្លាំង ហើយគាត់ថែមទាំងនិយាយថា ខ្សែប្រយុទ្ធរបស់ Manchester United រូបនេះ គឺជាកីឡាករដែលគាត់គោរពស្រឡាញ់បំផុតទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ អំឡុងពេល Alves លេងនៅ Barcelona និង Ronaldo លេងនៅ Real Madrid អ្នកទាំង ២ ពិតជាប្រកួតប្រជែងគ្នាស្វិតស្វាញមែនទែន ក្នុងនាមជាខ្សែការពារ និង ខ្សែប្រយុទ្ធ, ហើយជារឿយៗយើងឃើញថានៅក្នុងជំនួប El Clasico គឺជាការប្រកួតមួយដែលមិនអាចបន្ថូរបន្ថយបាន ដូច្នេះហើយនៅពេលក្លិបយក្សទាំង ២ ជួបគ្នាម្តងៗ ដូចជាសង្គ្រាមនៅលើវាលស្មៅអ៊ីចឹង។

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ Alves ស្រាប់តែនិយាយលើកសរសើរពី Ronaldo ដែលជាអតីតគូសត្រូវចាស់ជាខ្លាំង, ក្នុងនោះដកស្រង់ចេញពីទំព័រ Just Football, ខ្សែការពារសញ្ជាតិ ប្រេស៊ីលបាននិយាយយ៉ាងដូច្នេះថា៖
ខ្ញុំចូលចិត្ត Ronaldo។ ឥឡូវនេះ ពួកយើងមិនលេងនៅ Barca-Real ដូចមុនទេ, ខ្ញុំអាចនិយាយបាន។ Cristiano គឺជាឧទាហរណ៍មួយសម្រាប់ពួកយើងទាំងអស់គ្នា។ គាត់គឺបានផ្តល់នូវឧទាហរណ៍មួយ។ ខ្ញុំពិតជាគោរពគាត់ខ្លាំងណាស់, សូម្បីនៅពេលខ្ញុំកំពុងលេងតទល់នឹងគាត់ក៏ដោយ។ ខ្ញុំបានមានឱកាសនិយាយទៅកាន់គាត់។ គាត់បានសម្រេចបាននូវសមិទ្ធិផលជាច្រើន ហើយអ្នកមិនអាចបង្អាប់គាត់ចំពោះផ្សេងទេ៕
