យល់ដឹង៖ ជីវិតរបស់មនុស្សយើងម្នាក់ៗ គ្មានអ្នកណាម្នាក់អាចជៀសផុតពីការជួបនូវបញ្ហាជីវិតនោះទេ គ្រាន់តែរបៀបដោះស្រាយបញ្ហារបស់មនុស្សម្នាក់ៗខុសគ្នា ទើបធ្វើឱ្យអ្នកខ្លះអាចឆ្លងកាត់បញ្ហាទាំងនោះបាន ហើយក៏ក្លាយទៅជាមនុស្សដ៏រឹងមាំ ចំណែកឯអ្នកខ្លះទៀត ក៏ឆាប់បាក់ទឹកចិត្ត ព្រោះប្រើរបៀបដោះស្រាយបញ្ហាមិនបានត្រឹមត្រូវ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ មិនថាថ្ងៃនេះឬថ្ងៃស្អែក ប្រសិនបើអ្នករាល់គ្នាជួបនូវបញ្ហាជីវិតជាច្រើន ឬបញ្ហាទាំងនោះ ធ្វើឱ្យអ្នកពិបាកដោះស្រាយយ៉ាងណាទេ អ្នកត្រូវដឹងថាគ្រប់បញ្ហាដែលកើតមានក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះ គឺវាសុទ្ធតែចង់ប្រាប់ឱ្យយើងបានដឹងពីរឿងទាំងអស់នេះ។
កុំឆាប់បាក់ទឹកចិត្ត! គ្រប់បញ្ហា តែងចង់ប្រាប់យើងពីរឿងទាំងនេះ៖
១. ជីវិតគឺមានតម្លៃ

គ្រប់បញ្ហាទាំងអស់ដែលកើតមានក្នុងជីវិតរបស់មនុស្សយើងគ្រប់គ្នា គឺចង់ប្រាប់ឱ្យយើងបានដឹងថា ជីវិតរបស់យើងគឺពិតជាមានតម្លៃគ្រប់គ្រាន់ ក្នុងការឱ្យយើងម្នាក់ៗចេះអត់ធ្មត់ តស៊ូក្នុងឆាកជីវិត និងកុំងាយបាក់ទឹកចិត្តផ្តេសផ្តាស ព្រោះគេគ្រប់គ្នាអាចឆ្លងកាត់វាបាន ដូច្នេះយើងគ្រប់គ្នា ក៏ត្រូវតែចេះតស៊ូ និងឆ្លងកាត់វាឱ្យបានដូចគ្នាដែរ។
២. គ្រប់បញ្ហាត្រូវការពេលវេលា

បញ្ហាដែលកើតមាន មិនថាតូចឬធំ វាសុទ្ធតែត្រូវការពេលវេលាក្នុងការដោះស្រាយ ហើយបញ្ហាទាំងអស់នោះ ក៏មិនអាចដោះស្រាយបានភ្លាមៗ ដូចដែលចិត្តយើងចង់បានដែរ ហេតុនេះហើយ បញ្ហាដែលកើតមាន វាចង់ឱ្យប្រាប់ឱ្យយើងម្នាក់ៗបានដឹងថា គ្រប់បញ្ហាទាំងអស់ដែលកើតមាន គឺតែងត្រូវការពេលវេលា និងតម្រូវឱ្យយើងចេះអត់ធ្មត់រង់ចាំ។
៣. គ្មានអ្វីដែលមិនអាចដោះស្រាយបាន

មិនថាបញ្ហាដែលកើតមាននៅលើជីវិតរបស់អ្នកគ្រប់គ្នា វាពិបាកដោះស្រាយយ៉ាងណាទេ បញ្ហានោះវាតែងតែចង់ប្រាប់ឱ្យអ្នកដឹងថា នៅលើលោកនេះគ្មានអ្វីដែលថាមិនអាចដោះស្រាយបាននោះទេ ឱ្យតែអ្នកប្រឹងប្រែងងើបឈរក្នុងការប្រឈមមុខទៅនឹងបញ្ហាទាំងអស់នោះ ដោយមិនផ្តេកផ្តួល វាច្បាស់ជាអាចដោះស្រាយបាននៅថ្ងៃណាមួយជាក់ជាមិនខាន។
៤. បើគ្មានបញ្ហា ក៏អ្នកមិនអាចរឹងមាំ

ពិតណាស់ នៅពេលដែលអ្នកឆ្លងកាត់អស់ពីបញ្ហាមួយ ចូលទៅបញ្ហាមួយ វាតែងចង់ប្រាប់ឱ្យអ្នកបានដឹងថា ប្រសិនជាគ្មានបញ្ហាទាំងនោះកើតមានលើជីវិតរបស់អ្នក ក៏អ្នកមិនអាចមានភាពរឹងមាំមកដល់ពេលនេះបានដែរ អញ្ចឹងហើយ ជីវិតដែលមានបញ្ហា វាមិនមែនជាជីវិតដែលគួរឱ្យភ័យខ្លាច និងអាចធ្វើឱ្យអ្នកបាក់ទឹកចិត្តទេ តែវាជាការហ្វឹកហាត់ផ្លូវចិត្តរបស់អ្នកឱ្យកាន់តែរឹងមាំ។
៥. ដឹងពីអ្វីដែលជាអត្ថន័យនៃជីវិត

ជីវិតដែលមានន័យ និងគួរឱ្យមានមោទនភាព មិនមែនជាជីវិតដែលកើតមកបានរស់នៅសុខស្រួល មានលុយចាយស្រាប់ៗ ដោយមិនឆ្លងកាត់ការលំបាកនោះទេ តែជាជីវិតមួយដែលពោរពេញដោយបញ្ហា និងតម្រូវឱ្យអ្នកចេះដោះស្រាយវាបានដោយខ្លួន ទើបជាជីវិតមួយដែលមានន័យខ្លាំងបំផុតសម្រាប់ឆាកជីវិតរបស់អ្នក ព្រោះវាបានធ្វើឱ្យយើងម្នាក់ៗ ចេះប្រឹងប្រែង អត់ធ្មត់ និងមានភាពតស៊ូជាងមុន៕