បរទេស៖ ក្លិបនៅលីគកំពូលអាមេរិក LA Galaxy បានធ្វើការប្រកាសពីការនាំចូលខ្សែបម្រើវ័យ២២ឆ្នាំ Riqui Puig ពីក្លិបអ្នកមានបុណ្យ Barcelona ជាផ្លូវការហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាត់ការក្រុម Barca លោក Xavi មិនបានដាក់បញ្ចូល Puig ក្នុងគម្រោងរបស់លោកនោះទេ ហើយពេលនេះក្លិបបានអនុញ្ញាតឲ្យរូបគេ ចាកចេញដោយមិនមានតម្លៃខ្លួន។
Puig ត្រូវបានចាត់ទុកជាកីឡាករដែលមានគុណភាពមួយរូប ដែលបណ្ដុះចេញពីថ្នាលយុវជន Barca ដោយរូបគេត្រូវបានក្លិបផ្ដល់ឱកាសឲ្យបង្ហាញខ្លួន ក្នុងឈុតធំជាលើកដំបូង ក្នុងជំនួបយកឈ្នះ ក្រុម Cultural Leonesa ៤-១ កាលពីវគ្គ៣២ក្រុម ពានរង្វាន់ Copa del Rey ឆ្នាំ២០១៨។

ហើយតាំងពីពេលនោះមក គេបង្ហាញខ្លួនបាន៦០ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១០ដង។ យ៉ាងណាមិញ ពេលនេះ គេបានផ្លាស់មកទឹកដីអាមេរិក ហើយ ដោយចុះកុងត្រា៣ឆ្នាំលេងឲ្យក្លិប LA Galaxy ខណៈក្នុងកិច្ចព្រមព្រៀង Barca ក៏បានដាក់បញ្ចូលជម្រើសអាចទិញត្រឡប់មកវិញបាន ក៏ដូចជាទទួលបាន៥០ភាគរយ នៃចំណូល ពេល LA លក់ឲ្យក្លិបណាបន្ត៕
ប្រភព៖ AF