ភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២ សមាគមមូលនិធិគ្រួសារខ្មែរ បានប្រកាសបើកសម្ពោធជាផ្លូវការកម្មវិធី «កម្ពុជាផ្ទះទី២របស់ខ្ញុំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងក្រសួងមហាផ្ទៃ ឆ្លើយតបតាមការអញ្ជើញរបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា។ នៅក្នុងពិធីដ៏មហោឡារិក និងអធិកអធមនេះផងដែរ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់មតិស្វាគមន៍ និងថ្លែងសុន្ទរកថាបើកកម្មវិធី ព្រមទាំងផ្ដល់កិត្តិយសកាត់ខ្សែបូរ បើកសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ។ ព្រមទាំងមានការចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្ដមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ផងដែរ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ យ៉ាងដូច្នេះថា៖
«កន្លងមក សមាគមមូលនិធិគ្រួសារខ្មែរ បានសិក្សាក្នុងការរៀបចំកែតម្រូវយុទ្ធសាស្ត្រទីផ្សារ និងបានរៀបចំពិធីសម្ពោធជាផ្លូវការក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំនាពេលនេះ ក្នុងគោលបំណងជម្រុញឲ្យមានការផ្សព្វផ្សាយអំពីទិសដៅ និងបេសកកម្មរបស់សមាគមឲ្យកាន់តែផុលផុស ព្រមទាំងបង្កើននូវសេចក្ដីជឿជាក់ និងទំនុកចិត្ត ដើម្បីទាក់ទាញវិនិយោគិន ដែលមានធនធានឲ្យចូលមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជាវិស័យអចលនទ្រព្យ ផ្ដោតសំខាន់លើលំនៅឋាន និងលំហែជាដើម។ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ បានសំណូមពរទៅកាន់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ សូមបន្តផ្ដល់នូវកិច្ចសហការ និងគាំទ្រដល់សមាគម និងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ឲ្យដំណើរការបានដោយរលូន។»

ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានផ្ដល់កិត្តិយសថ្លែងសុន្ទរកថា និងមានប្រសាសន៍ផ្ដាំផ្ញើយ៉ាងដូច្នេះថា៖
«ដោយមើលឃើញពីកាលានុវត្តភាព និងសក្ដានុពលភាពនៃកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ ក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍ និងលើកទឹកចិត្តដល់សមាគមក្នុងការអនុវត្តគម្រោងនេះឲ្យលេចចេញជារូបរាង និងផ្លែផ្កាដោយសារក្រសួងមហាផ្ទៃបានយល់ឃើញថាកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ អាចនឹងមានផលប្រយោជន៍ជាវិជ្ជមានសម្រាប់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេសដែលជាគោលដៅអាទិភាពសម្រាប់កម្មវិធីនេះ ជាជនបរទេសដែលមានធនធានទ្រព្យសម្បត្តិ ជាវិនិយោគិន សហគ្រិន អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ ឬបញ្ញវ័ន្តដែលមានសមត្ថភាព ចំណេះដឹងខ្ពស់ ដែលជាចលករដ៏សំខាន់ក្នុងការជម្រុញ និងអភិវឌ្ឍប្រទេសជាតិ នៅក្នុងសម័យសកលភាវូបនីយកម្ម និងនវានុវត្តបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។»

ឯកឧត្ដម នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានផ្ដល់ការឆ្លើយតបជាវិជ្ជមានទៅកាន់សំណូមពររបស់ ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់ក្រសួងមហាផ្ទៃចំពោះគម្រោងកម្ពុជាផ្ទះទី២របស់ខ្ញុំ ព្រមទាំងផ្ដាំផ្ញើ និងសំណូមពរទៅកាន់សមាគមឲ្យបន្តរក្សាកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធ សិក្សាស្វែងយល់ទិដ្ឋភាពផ្លូវច្បាប់ឲ្យបានទូលំទូលាយបន្ថែមទៀត ជាពិសេសគឺច្បាប់ និងបទបញ្ញត្តិដែលត្រូវអនុវត្ត សំដៅធានាបាននូវការសម្របសម្រួលឲ្យភ្ញៀវបរទេសទទួលបានកញ្ចប់សេវាកម្មប្រកបដោយការពេញចិត្តក្នុងរយៈពេលចេញ-ចូល និងស្នាក់អាស្រ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


គួរបញ្ជាក់ផងដែរថា «កម្ពុជាផ្ទះទី២របស់ខ្ញុំ» គឺជាកម្មវិធីដែលបង្កើតឡើងដោយសមាគមមូលនិធិគ្រួសារខ្មែរ និងជាកម្មវិធីផ្លូវការតែមួយគត់ដែលត្រូវបានអនុម័ត ទទួលបានការគាំទ្រជាគោលការណ៍ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃដែលអនុញ្ញាតឲ្យជនបរទេសដែលជាវិនិយោគិនផ្នែកលំនៅឋានលំហែនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវកញ្ចប់ទិដ្ឋាការមាសរយៈពេល១០ឆ្នាំ និងអត្ថប្រយោជន៍ដ៏សម្បូរបែបជាច្រើនទៀត។ សមាជិកកម្ពុជាផ្ទះទី២របស់ខ្ញុំដំបូងគេ ចំនួន១៨នាក់ ត្រូវបានអញ្ជើញឲ្យទទួលកាដូរអនុស្សាវរីយ៍ដោយផ្ទាល់ពី ឯកឧត្ដម នូវ សុខភាព ប្រធានសមាគមមូលនិធិគ្រួសារខ្មែរ ហើយ កម្មវិធីក៏បានបញ្ចប់ទៅប្រកបដោយភាពរីករាយ និងភាពជោគជ័យគួរជាទីមោទនៈ។


គួររម្លឹកផងដែរថា សមាគមមូលនិធិគ្រួសារខ្មែរ ក៏បានធ្វើការសម្ពោធបើកការិយាល័យសម្រាប់គម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ នៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ ដែលមានទីតាំងស្ថិតនៅអាគារលេខ១៩៩ តាមបណ្ដោយមហាវិថីត្រសក់ផ្អែម កែងផ្លូវ ៣០៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងកម្មវិធីកម្ពុជាផ្ទះទី២របស់ខ្ញុំ៖
-គេហទំព័រ៖cm2h.com-លេខទូរស័ព្ទ/តេលេក្រាម៖០៦៦ ៥៩០ ១៦៨,០៦៩ ៥៩០ ១៦៨-គេហទំព័រហ្វេសប៊ុក៖www.facebook.com/CambodiaMySecondHome