យល់ដឹង៖ មនុស្សដែលអាចស្រលាញ់អ្នក និងមើលថែអ្នកបានជារៀងរហូត មិនមែនជាដៃគូជីវិត ឬឪពុកម្តាយរបស់អ្នកទេ តែគឺជាអ្នកខ្លួនឯង ព្រោះថាមនុស្សតែម្នាក់គត់ ដែលអាចនៅជាមួយអ្នកបានរហូតដល់ថ្ងៃអ្នកទៅវិញ គឺជាខ្លួនអ្នកនេះឯង ដូច្នេះទោះស្រលាញ់អ្នកណាក៏ដោយ ក៏គួរតែកុំភ្លេចក្នុងការស្រលាញ់ខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត បើស្រលាញ់ខ្លួន ត្រូវចេះព្យាយាមនិយាយពាក្យទាំងនេះប្រាប់ខ្លួនឯងឱ្យបានញឹកញាប់ ទោះគ្មានអ្នកណាមកនិយាយល្អៗ ឬមកនិយាយលួងលោមអ្នកក៏ដោយ តែពាក្យដែលអ្នកនិយាយប្រាប់ខ្លួនឯងនេះ នឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សម្នាក់ដែលរឹងមាំបំផុត។
បើស្រលាញ់ខ្លួន ត្រូវចេះនិយាយពាក្យទាំងនេះប្រាប់ខ្លួនឯង៖
១. «ខ្ញុំអាចធ្វើវាបាន»

ការដែលអ្នកគួរតែព្យាយាមនិយាយពាក្យនេះប្រាប់ខ្លួនឯង វាគឺជាកម្លាំងចិត្តដ៏ពិសេសមួយ ដែលអ្នកអាចផ្តល់ឱ្យខ្លួនឯងបាន បើទោះបីជាមនុស្សជុំវិញខ្លួនអ្នក មិនគិតថាអ្នកអាចធ្វើវាបានក៏ដោយ ប៉ុន្តែបើអ្នកអាចជម្រុញខ្លួនឯងបែបនេះ គឺគ្មានអ្វីដែលអ្នកមិនអាចធ្វើវាបាននោះទេ។
២. «ខ្ញុំជឿជាក់លើខ្លួនឯង»

ទោះគ្មានអ្នកណាជឿជាក់លើអ្នកក៏ដោយ តែអ្នកក៏មិនត្រូវមិនជឿជាក់លើខ្លួនឯងដែរ ហើយអ្នកត្រូវចេះនិយាយថាជឿជាក់លើខ្លួនឯងជានិច្ច ព្រោះបើអ្នកមិនជឿជាក់លើខ្លួនឯង កុំរំពឹងថាមនុស្សជុំវិញខ្លួនអ្នក នឹងជឿជាក់លើអ្នកឱ្យសោះ ដូច្នេះហើយ គ្រាន់តែនិយាយពាក្យបែបនេះប្រាប់ខ្លួនឯង វាមិនខាតអ្វីនោះទេ វាមានតែធ្វើឱ្យអ្នកមានការគិតវិជ្ជមានមកលើខ្លួនឯង។
៣. «ខ្ញុំល្អជាងអ្វីដែលអ្នកដទៃគិត»

ត្រូវចាំ អ្នកដទៃមើលឃើញអ្នកត្រឹមតែសម្បកក្រៅតែប៉ុណ្ណោះ ដូច្នេះគេវាយតម្លៃអ្នកបានតាមការគិតរបស់គេ ប៉ុន្តែមានតែអ្នកខ្លួនឯងទេ ទើបដឹងថាខ្លួនឯងបែបណាពិតប្រាកដ អញ្ចឹងហើយ គួរតែព្យាយាមប្រាប់ខ្លួនឯងថាខ្លួនឯងល្អជាការគិតរបស់អ្នកដទៃជានិច្ច ព្រោះអ្នកដទៃមើលឃើញអ្វីដែលអ្នកមាននៅពីខាងក្រៅ មិនអាចមើលធ្លុះដល់ចិត្តរបស់អ្នកទេ។
៤. «ខ្ញុំរឹងមាំ»

មនុស្សយើងម្នាក់ៗសុទ្ធតែរឹងមាំ បើមិនរឹងមាំ យើងរាល់គ្នាក៏មិនខំតស៊ូរស់នៅមកដល់សព្វថ្ងៃនេះដែរ ដូច្នេះមិនថាមានរឿងអ្វីមួយកើតឡើងធំខ្លាំងប៉ុណ្ណា ឬពិបាកក្នុងការដោះស្រាយប៉ុណ្ណាទេ អ្នកត្រូវតែប្រាប់ខ្លួនឯងឱ្យរឹងមាំក្នុងការប្រឈមមុខនូវរឿងទាំងនោះជានិច្ច ព្រោះថាគ្រប់បញ្ហា តែងតែមានដំណោះស្រាយ។
៥. «ខ្ញុំពូកែ»

មិនថាមនុស្សជុំវិញខ្លួនអ្នក មានសមត្ថភាពពូកែយ៉ាងណា រហូតធ្វើឱ្យខ្លួនអ្នកប្រៀបធៀបខ្លួនឯងទៅនឹងគេ ឃើញថាគេពូកែជាង ហើយមើលមកថាខ្លួនឯងអន់ទេ អ្នកត្រូវដឹងថា អ្នកក៏ជាមនុស្សម្នាក់ដែលពូកែដែរ គ្រាន់តែសមត្ថភាពពូកែ គឺខុសៗគ្នា ព្រោះថាមនុស្សម្នាក់ៗ តែងមានសមត្ថភាព និងទេពកោសល្យជារបស់ខ្លួនឯង។
៦. «ខ្ញុំស្រស់ស្អាត»

ភាពស្រស់ស្អាតរបស់មនុស្សគ្រប់រូប មិនមែនទាល់តែសម្បុរស កម្ពស់ខ្ពស់ ឬរូបរាងស្អាតនោះទេ ម្យ៉ាងភាពស្រស់ស្អាតរបស់មនុស្សគ្មានស្តង់ដារទេ ព្រោះមនុស្សម្នាក់ៗតែងមានភាពស្រស់ស្អាតរៀងៗខ្លួន គេស្អាតបែបគេ អ្នកស្អាតបែបអ្នក ដូច្នេះកុំមានអារម្មណ៍ថាខ្លួនមិនស្អាត ត្រូវចេះនិយាយប្រាប់ខ្លួនឯងថា ខ្លួនឯងស្រស់ស្អាតជានិច្ច៕