បារាំង៖ ប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi បានបង្ហាញការជឿជាក់ថា អ្នកគាំំទ្រនឹងបានឃើញពីទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករ Lionel Messi ជាថ្មីសម្រាប់ការប្រកួតប្រជែងរដូវកាលថ្មីខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ កាលពីរដូវកាលមុន ក្នុងរដូវកាលដំបូងរបស់ Messi ជាមួយ PSG គឺ គ្រប់យ៉ាងមិនដូចការរំពឹងទុកឡើយ ប្រសិនបើយើងក្រឡេកទៅមើលស្ថិតិស៊ុតបញ្ចូលទី និង ការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី គឺ មិនការធ្លាក់ចុះខ្លាំង ប្រសិនបើធៀបទៅនឹងពេលកីឡាករសញ្ជាតិអាហ្សង់ទីនខាងលើប្រកបអាជីពជាមួយ Barcelona ខណៈ សមីខ្លួនបានទទួលស្គាល់ថា ក្លិបថ្មី ទីក្រុងថ្មី និង ការជះឥទ្ធិពលពីមេរោគកូវីដ-១៩ ពិតជាបានប៉ះពាល់ដល់ទម្រង់លេងរបស់គេពិតមែន។

លោក Nasser បាននិយាយថា៖
គ្មានការងឿងឆ្ងល់អ្វីទេដែល Messi បានឈ្នះពានរង្វាន់ Ballon d’Or ដល់ទៅ ៧ ដង ហើយ វាមិនមែនជារដូវកាលល្អបំផុតរបស់គាត់ឡើយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីចំណាយពេលជាងម្ភៃឆ្នាំនៅទីក្រុងបាសេឡូណា គាត់បានផ្លាស់មកកាន់ប្រទេសថ្មី ទីក្រុងថ្មី ក្រុមថ្មី និង វប្បធម៌ថ្មី ហើយ គាត់ថែមទាំងបានឆ្លងមេរោគកូវីដ-១៩ ទៀត។ វាមិនមែនជារដូវកាលដ៏ងាយស្រួលឡើយ ប៉ុន្តែ នៅរដូវកាលក្រោយអ្នកនឹងឃើញភាពអស្ចារ្យរបស់គាត់ជាថ្មី៕

ប្រភព៖ sportskeeda