វិធីសាស្រ្តមួយចំនួន​ម៉ាក់ប៉ាគួរដឹង ពេលកូនកើតបូស!

//s9.kh1.co/5f/5ff44f2332daced78c41135d217b8ff7eba51c10.jpg
យល់ដឹង

 ២៣-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

បូសជាជំងឺសើស្បែកដែលបង្កឱ្យស្បែកឡើងពកក្រហម ហើម និងមានខ្ទុះ អាចតូច ឬធំ និង​ងាយ​កើត​លើកុមារតូចៗណាស់ដែលបង្កឱ្យ​អាអូន​​មានការឈឺចាប់។

បូសជាជំងឺសើស្បែកដែលបង្កឱ្យស្បែកឡើងពកក្រហម ហើម និងមានខ្ទុះ អាចតូច ឬធំ និង​ងាយ​កើត​លើកុមារតូចៗណាស់ដែលបង្កឱ្យ​អាអូន​​មានការឈឺចាប់។ ហេតុអ្វីបានជាអាអូនកើតបូស? ធ្វើ​ម៉េចទើប​ឆាប់ជា និងមិនឆ្លងទៅកើតនៅកន្លែងផ្សេងទៀត?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បូស​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះ Staphylococcus aureus ដែល​​រស់​នៅ​​លើស្បែកយើង។ ជា​ធម្មតា បាក់តេរីនេះមិនបង្កគ្រោះថ្នាក់​ដល់យើងទេ តែបើស្បែកយើងមានការដាច់រលាត ឬរលាក​ នោះ​បាក់តេរីនេះអាចងាយនឹងឆ្លងចូលក្នុងស្បែក ហើយបង្កឱ្យយើងកើតបូស។

ម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖

១. ដំណាក់កាលកើតបូសដំបូង

  • ម៉ាក់ប៉ាអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យស្ងួតទឹក។ បន្ទាប់មកយក​មក​ស្អំ​លើបូសអាអូនដើម្បីកាត់បន្ថយការឈឺចាប់ និងហើម។ ម្យ៉ាងទៀត ការស្អំទឹកក្តៅឧណ្ហៗ​អាច​បង្កើនចលនាឈាមរត់នៅតំបន់កើតបូសដែលជួយពន្លឿនកោសិកាឈាមសឱ្យមកប្រយុទ្ធប្រឆាំងនឹងមេរោគ។ លើសពីនេះទៅទៀត ការធ្វើបែបនេះក៏ជំរុញ​ឱ្យបូសឡើងមុខដែរ​ព្រោះ​កម្តៅ​ឧណ្ហៗពីទឹកក្តៅជួយឱ្យកោសិកាស្បែក បាក់តេរី និងកោសិកាឈាមស​ដែលងាប់​ឡើង​មកក្បែរផ្ទៃស្បែក។
  • ម៉ាក់ប៉ាអាចស្អំឱ្យអាអូនបែបនេះបីបួនដងក្នុងមួយថ្ងៃ និងគួរស្អំចាប់តាំងពីពេល​សង្កេតឃើញ​អាអូនឡើងបូសដំបូង និយាយរួមស្អំកាន់តែឆាប់កាន់តែល្អ។
  • ម៉ាក់ប៉ាគួរលាងដៃឱ្យស្អាតមុន និងក្រោយពេលស្អំទឹកក្តៅលើបូសរបស់អាអូន។

២. ដំណាក់កាលបូសឡើងមុខ

បូសងាយឆ្លងណាស់ ដូច្នេះប្រសិនបើបូសឡើងមុខ ហើយទន់ ម៉ាក់ប៉ាគួរ៖

  • ទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បី​ឱ្យ​ខ្ទុះ និងឈាមហូរចេញ
  • យកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគ រួចជូតខ្ទុះ ឬឈាមចេញឱ្យអស់ និងសម្អាត​មុខ​របួស​ឱ្យស្អាត
  • បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួសដើម្បីចៀសវាងមេរោគឆ្លងទៅកើតបូសនៅកន្លែងផ្សេងទៀត
  • បន្តស្អំទឹកក្តៅឧណ្ហៗលើបូសអាអូនរហូតទាល់តែជាសះស្បើយ
  • ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលសម្អាត ឬប៉ះពាល់បូសរបស់អាអូន

៣. ប្រការគួរធ្វើ និងចៀសវាង

  • នៅពេលបូសមិនទាន់ឡើងមុខ ម៉ាក់ប៉ាចៀសវាងច្របាច់​បូសព្រោះអាចរុញ​មេរោគឱ្យចូល​ក្នុង​ស្បែកអាអូនកាន់តែជ្រៅ និងធ្វើឱ្យបូសក្លាយ។
  • ចៀសវាងប្រើកន្សែងជូតមុខ និងជូតខ្លួនរួមគ្នាជាមួយអាអូន ព្រោះអាច​បណ្តាល​ឱ្យឆ្លង​មេរោគ​បង្កបូសពីកូន។
  • ម៉ាក់ប៉ាគួរឧស្សាហ៍បោកគក់កន្សែងជូតមុខ និងកន្សែងជូតខ្លួនរបស់​អាអូន ដើម្បីបង្ការ​មេរោគ​បូស​ឆ្លង​ទៅកើតនៅកន្លែងផ្សេងទៀត​​លើរាងកាយ។

៤. ពេលណាគួរនាំកូនទៅពេទ្យ?

  • ពេលកូនកើតបុសនៅលើមុខ ច្រមុះ ឬឆ្អឹងខ្នង ព្រោះអាចបណ្តាល​ឱ្យមានផលវិបាកធ្ងន់ធ្ងរ
  • ពេលបូសមិនឡើងមុខ ឬមិនប្រសើរឡើងក្នុងរយៈពេលមួយសប្តាហ៍
  • ពេលអាអូនមានការឈឺចាប់ ឬមិនស្រួលខ្លួនខ្លាំង
  • ពេលមានគ្រុនក្តៅ
  • ពេលបូសមានទំហំប៉ុនកាក់ (២៤ មិល្លីម៉ែត្រ) ធំជាងនេះ ឬធំទៅៗ
  • ពេលកូនឡើងបូសច្រើនក្នុងពេលតែមួយ

បើកូនកើតបូសតូច ម៉ាក់ប៉ាអាចព្យាបាលដោយខ្លួនឯងនៅផ្ទះបាន តែបើអាអូនកើតបូសធំ ម៉ាក់ប៉ា​គួរនាំអាអូនទៅជួបគ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យវះឱ្យ និងធ្វើការព្យាបាល។

ចំណុចសំខាន់

ម៉ាក់ប៉ាអាចព្យាបាលបូសអាអូនតាមវិធីដូចខាងក្រោម៖

  • ម៉ាក់ប៉ាអាចស្អំបូសអាអូនជាមួយទឹកក្តៅឧណ្ហៗបីបួនដងក្នុងមួយថ្ងៃ
  • ពេលបូសចេញមុខ និងទន់ ម៉ាក់ប៉ាអាចទាញស្បែកមុខបូសចេញ រួចសង្កត់លើគែមមុខបូសបន្តិចដើម្បីឱ្យខ្ទុះ និងឈាមហូរចេញ រួចយកសំឡីស្អាតជ្រលក់ទឹកថ្នំាសម្លាប់មេរោគមកជូតខ្ទុះ និងឈាមឱ្យស្អាត
  • បន្ទាប់មកយកបង់បិទដំបៅបិទលើមុខរបួស
  • ម៉ាក់ប៉ាត្រូវលាងសម្អាតដៃឱ្យស្អាតមុន និងក្រោយពេលប៉ះពាល់បូសរបស់អាអូន

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T